ខេត្តកំពង់ចាម ៖ «ត្រូវចាត់ទុកប្រជាពលរដ្ឋនៅមូលដ្ឋានប្រៀបបានដូចជាឪពុកម្ដាយរបស់ខ្លួន និងត្រូវយកចិត្តទុកដាក់ដោះស្រាយទុក្ខកង្វល់ផ្សេងៗជូនដល់ពួកគាត់នេះ» នេះគឺជាប្រសាសន៍របស់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដែលបានថ្លែងកាលពីរសៀលថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលចំនួន៣៥០នាក់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយបានធ្វើឡើងនៅសាលប្រជុំសន្និសីទសាលាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិផងដែរ ។

លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តបានគូសបញ្ជាក់ថា ការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាពនៅក្នុងឆ្នាំ២០១៩ ដែលគ្មានបទល្មើសមាន៥០ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបទាំង ១០៩ ហើយយើងទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសចំនួន៥ឆ្នាំជាប់គ្នា ដោយចាប់ពីឆ្នាំ២០១៥ដល់ ២០១៩ ។ លទ្ធផលល្អនេះគឺបានមកពីការខិតខំរួមគ្នារវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ និងមានការចូលរួមគាំទ្រសស្រាក់សស្រាំពីប្រជាពលរដ្ឋ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ថា នគរបាលមូលដ្ឋានរួមទាំងស្រុក ខេត្ត បានខិតខំប្រឹងប្រែងការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋបានល្អ ។ ដោយមើលឃើញបែបនេះ ហើយត្រូវបានថ្នាក់លើបំពាក់ឋានន្តរសក្តិជូនដើម្បីជាការលើកទឹកចិត្ត។ ដូច្នេះសូមមន្ត្រីនគរបាលដែលបំពាក់សក្តិជូនហើយនោះ ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀតនៅក្នុងអង្គភាពរៀងៗខ្លួនឲ្យកាន់តែប្រសើរជាងមុន។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ធ្វើយ៉ាងណាត្រូវឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមានការទុកចិត្តមកលើសមត្ថកិច្ចនិងពេញចិត្តពេញថ្លើម ហើយត្រូវជួយសម្រួលនិងដោះស្រាយរាល់បញ្ហាផ្សេងៗដែលពួកគាត់បានពឹងពាក់ និងដាក់ពាក្យបណ្ដឹងឱ្យជួយដោះស្រាយនៅតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាល។ រយៈពេលកន្លងមក នគរបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបោះឆ្នោតជ្រើសរើសឃុំសង្កាត់និងតំណាងរាស្ត្រដែលបានប្រព្រឹត្តទៅដោយល្អប្រសើររួមទាំងបានទប់ស្កាត់ក្រុមអសកម្មមួយចំនួនដែលចង់បង្កចលាចលនៅក្នុងសង្គម។

លោកអភិបាលខេត្តបានបន្តទៀតថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តក្នុងការប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាពទូទាំងប្រទេសទទួលបានចំណាប់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំជាប់ៗគ្នា ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ សូមប្ដេជ្ញាចិត្តប្រឹងប្រែងថែរក្សាខ្សែក្រវាត់របស់ខ្លួនឲ្យបានល្អប្រសើរបន្ថែមទៀត។មន្ត្រីនគរបាលត្រូវចាត់ទុកប្រជាពលរដ្ឋនៅមូលដ្ឋានប្រៀបបីដូចជាឪពុកម្ដាយរបស់ខ្លួន កាលណាបើពួកគាត់ពឹងពាក់អ្វីមួយត្រូវតែប្រឹងប្រែងដោះស្រាយរកខុសត្រូវជូនដោយគតិយុត្តិ។

លោកនាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិមានប្រសាសន៍ឲ្យដឹងដែរថា កងកំលាំងនគរបាលត្រូវរក្សានូវសេចក្តីថ្លៃថ្នូរ ព្រោះថាខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់លេខ១ សូម្បីតែរូបលោកមកចូលរួមបំពាក់សក្តិជូនដល់មន្ត្រីនគរបាលនៅសាលាខេត្តឃើញថា បានរៀបចំមានរបៀបរៀបរយល្អគួរឱ្យសរសើរ ចាប់ តាំងពីឋានៈស្នងការខេត្តរហូតដល់នាយប៉ុស្តិ៍ ។ ការបំពាក់សក្តិនេះ គឺដើម្បីលើកទឹកចិត្តដល់នគរបាលដែលបានខិតខំប្រឹងប្រែងមានស្នាដៃល្អ។

លោកនាយឧត្តមសេនីយ៍បានបន្តថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាបានផ្ទុះឡើងនូវជំងឺកូវីដ១៩ ជាមួយនោះមន្ត្រីនគរបាលត្រូវរួមចំណែកសហការជាមួយអាជ្ញាធរ ដើម្បីផ្សព្វផ្សាយវិធានការការពារកុំអោយឆ្លងជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបមានសុវត្ថិភាព៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ