រាជធានីភ្នំពេញ ៖ ដោយមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលខណ្ឌសែនសុខ ឆ្មក់ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែងយីហោ កល្យាណ ម៉ាស្សា ដែលលួចបង្កប់សេវាផ្លូវភេទ ។
ប្រតិបត្តិការបង្ក្រាបកន្លែងអំពើសញ្ចារកម្មនេះ ធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ កក្កដា ២០២០នេះ នៅផ្ទះលេខ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើយោងតាមលោកស្នងការរង ចាន់ កិត្តិខុម ទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា
ក្រោយទទួលបានសេចក្ដីរាយការណ៍ថា មានទីតាំងម៉ាស្សាកោសជប់យីហោ កល្យាណ ម៉ាស្សា មានលួចបង្កប់សេវាផ្លូវភេទ និងមាននារីក្មេងចំនួន៥នាក់ រងចាំទទួលភ្ញៀវ ដែលចូលម៉ាស្សាធម្មតាតម្លៃ៥ដុល្លារ ទៅ៨ដុល្លារ ប៉ុន្តែបើចង់រួមភេទ គិតតម្លៃសេវ៉ាបន្ថែម ។
ប្រភពពីលោកឧត្តមសេនីយ៍ទោ បន្តថា កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៤នាក់នៅហ្នឹងកន្លែង ក្នុងនោះម្នាក់ ជាម្ចាស់ទីតាំងមានឈ្មោះ ប៉ែន គីមស្រ៊ាង អាយុ៤៥ឆ្នាំ មុខរបរ បើកហាងម៉ាស្សា និង៣នាក់ទៀតជាជនរងគ្រោះ (មានម្នាក់ជាអនីតិជន) និងដកហូតវត្ថុតាង រួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ ។
ក្រោយពីធ្វើការឆែកឆែរកឃើញមានវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយនោះ កម្លាំងសមត្ថកិច្ច បានដឹកបញ្ចូននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបិទទ្វារជាបណ្តោះអាសន្ន ៕


ចែករំលែកព័តមាននេះ