រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានបើកប្រត្តិបត្តិការឃាត់រថយន្តដឹកដី ខ្សាច់ ថ្ម និងក្រួស ហើយធ្វើតេស្តទឹកនោមលើអ្នកបើកបររថយន្តទាំងនោះ ដើម្បីស្វែងរកនូវសារធាតុញៀននៅក្នុងខ្លួន ដើម្បីចូលរួមកាត់បន្ថយនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ដែលកន្លងមកគ្រោះថ្នាក់ចរាចរដែលកើតឡើង បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សនិងរងរបួស ព្រមទាំងខាតបង់ទ្រព្យសម្បត្តិនោះ ភាគច្រើនគឺបង្កឡើងដោយក្រុមរថយន្តដឹកដី ខ្សាច់ ថ្ម និងក្រួសមួយចំនួនដែលបើកបរលឿននិងមិនគោរពច្បាប់ ដែលសង្ស័យបណ្ដាលមកពីអ្នកបើកបរមានសារធាតុញៀននៅក្នុងខ្លួន។

នគរបាលបានឱ្យដឹងថា ប្រតិបត្តិការខាងលើនោះបានធ្វើឡើងមានរយៈពេល២ថ្ងៃកន្លងមកហើយ គឺនៅវេលាព្រឹកថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ឱឡោក សង្កាត់ស្នោរ និងភូមិសាស្ត្រសង្កាត់ ភ្លើងឆេះរទេះ ក្រោមការដឹកនាំដោយលោក ហោ វាសនា និងលោក សេង គន្ធ ដែលជាអភិបាលរងខណ្ឌ ដោយបានអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ។

តាមប្រភពដដែលបានបន្តទៀតថា ក្នុងរយៈពេល២ថ្ងៃនេះកម្លាំងខាងលើបានឃាត់រថយន្តធ្វើតេស្តទៅលើអ្នកបើកបរបានចំនួនសរុប១៦៣នាក់ មិនតែប៉ុណ្ណោះពុំមានអ្នកបើកបររថយន្តណាម្នាក់បង្កភាពប្រទូស្តរ៉ាយ ឬរារាំងដល់កងកម្លាំងក្នុងពេលកំពុងបំពេញការងារនោះឡើយ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលធ្វើតេស្តជាបន្តបន្ទាប់រួចមក បានរកឃេីញមានអ្នកផ្ទុកសារធាតុញៀនចំនួន៧នាក់ ដែលអ្នកទាំងនោះសុទ្ធតែបានប្រើប្រាស់គ្រឿងញៀនដែលបង្កឲ្យមានហានិភ័យខ្ពស់ក្នុងពេលបើកបរតាមផ្លូវសាធារណៈ ។ ក្រោយមកអ្នកទាំង៧នាក់នោះត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូលដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ចំណែកអ្នកដែលគ្មានសារធាតុញៀនក្នុងខ្លួនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ក្រោយពីធ្វើការអប់រំឲ្យគោរពច្បាប់ចរាចរណ៍រួចមក៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ