អន្តរជាតិ ៖ កីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោក សម្រេចដើរចេញពីក្លិប Leicester City បន្ទាប់ពីចំណាយពេល ៤រដូវកាលលេងឱ្យក្រុមឈុតយុវជនអាយុក្រោម២៣ឆ្នាំ (U-23) ។

ខ្សែបម្រើស្លាប Faiq Bolkiah ដែលត្រូវជាក្មួយប្រុសរបស់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Hassanal Bolkiah និងត្រូវបានគេហទំព័រ Marca របស់ប្រទេសអេស្ប៉ាញ ចាត់ទុកថាជាកីឡាករមានជាងគេបំផុតនៅលើពិភពលោក ដែលទ្រព្យសម្បត្តិរបស់គេ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន២០ពាន់លានដុល្លារ ដែលច្រើនជាង C.Ronaldo និង Messi រហូតដល់៥០ដងនោះ ស្ថិតក្នុងចំណោមកីឡាករចំនួន ៨នាក់ផ្សេងទៀត ដែលត្រូវដើរចេញពីក្រុម Leicester City U-23 មុនបញ្ចប់រដូវកាលនេះ។

យោងតាមប្រភពពី Leicester City France បានឱ្យដឹងថា កាលពីរដូវក្តៅឆ្នាំមុន Faiq ទើបតែត្រូវបានក្រុម Leicester U-23 សម្រេចពន្យារកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំនេះ។ ប៉ុន្តែទោះយ៉ាងណា ដោយសារឥទ្ធិពលនៃការរីករាលដាលវីរុសកូវីដ១៩ បានធ្វើឱ្យក្លិបរហស្សនាមកញ្ជ្រោងមួយនេះ សម្រេចចិត្តមិនបន្តកិច្ចសន្យាបន្ថែមទៀតដល់កីឡាករចំនួន៩នាក់របស់ខ្លួន ក្នុងនោះរួមទាំង Faiq ផងដែរ ។ នៅមិនទាន់មានការបញ្ជាក់ណាមួយថាកីឡាកររូបនេះ បន្តអាជីពរបស់ខ្លួនជាមួយក្លិបណាមួយនៅឡើយទេ។

សូមរំលឹកជូនថា Faiq Bolkiah បច្ចុប្បន្នមានវ័យ២២ឆ្នាំ ដែលកើតក្នុងឆ្នាំ១៩៩៨ នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់នៅឆ្នាំ២០០៩ នៅពេលដែលរូបគេបានចូលរួមក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនរបស់ក្លិប AFC Newbury (អង់គ្លេស) ។ ហើយបានបន្តឆ្លងកាត់ការបណ្តុះបណ្តាលជាមួយក្លិបធំៗដូចជា Southampton, Arsenal និងក្លិប Chelsea មុនពេលមកចូលរួមជាមួយក្លិប Leicester ក្នុងឆ្នាំ២០១៦ ។ ទោះយ៉ាងណាសមាជិកនៃក្រុមជម្រើសជាតិប្រ៊ុយណេរូបនេះ មិនដែលធ្លាប់បានលេងឱ្យក្រុមឈុតធំរបស់ Leicester ម្តងណាឡើយរយៈពេល ៤រដូវកាលកន្លងមកនេះ៕

ចែករំលែកព័តមាននេះ