ប្រទេសអ៊ីរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRIB បានរាយការណ៍ឱ្យដឹងថា មនុស្ស១៩នាក់បានត្រូវបានបាត់បង់ជីវិត ហើយ៦នាក់ទៀតរងរបួស កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ ដោយសារការផ្ទុះឆេះក្នុងគ្លីនិកមួយ ស្ថិតនៅភាគខាងជើងក្រុងតេហេរ៉ង់។

អភិបាលរងក្រុងតេហេរ៉ង់ លោកហាមីដរិហ្សាហ្គូដាហ្ស៊ី បានថ្លែងទៅកាន់ទូរទស្សន៍រដ្ឋថា ការធ្លាយឧស្ម័នជាប្រភពនៃការផ្ទុះឆេះនេះ។ វីដេអូមួយ ចេញផ្សាយតាមបណ្ដាញសង្គម បង្ហាញពីការផ្ទុះជាច្រើននៅកន្លែងនោះ ចំណែកវីដេអូ១ទៀតបង្ហាញបណ្ដាអ្នកពន្លត់ភ្លើង ដាក់ជណ្ដើរ ដើម្បីអាចឡើងទៅលើដំបូលអគារ ងាយស្រួលក្នុងការពន្លត់ភ្លើង។

និយោជិត២៥នាក់របស់គ្លីនិកនេះមានវត្តមានក្នុងពេលផ្ទុះឆេះ។ គ្លីនិកនេះបម្រើជាពិសេសសេវាកម្មវះកាត់តូច៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ