ខេត្តបន្ទាយមានជ័យ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបាត់បង់ជីវិតនៅម្តុំជើងភ្នំ ហើយត្រូវបានគេសង្ស័យថា បុរសរងគ្រោះគ្មានលុយទៅលោះយកម៉ូតូដែលបានដាក់បញ្ចាំ និងមិនហ៊ានចូលផ្ទះ ទើបសម្រេចចិត្តលោតពីលើភ្នំដ៏ខ្ពស់ បណ្តាលឱ្យបាត់បង់ជីវិតបែបនេះ ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥និង៥៨នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតក្នុងភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា បើតាមការបំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបូរី បានប្រាប់សមត្ថកិច្ចឱ្យដឹងថា កាលពីវេលាម៉ោង៦យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានហូបបាយជាមួយគាត់ ហើយបានពោលពាក្យថា «ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែក្ស័យអោយផុតៗ ចង់តែឡើងលើភ្នំអោយរន្ទះបាញ់ក្ស័យ» បន្ទាប់មកជនរងគ្រោះក៏ដើរទៅបាត់រហូតទៅ ចំណែកគាត់ក៏ចូលដេក ។
តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងប្រហែលមួយរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ មិថុនា គាត់បានឮថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោមតែគាត់មិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូហែរមកហើយ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី៣០ មិថុនា ពេលគាត់ដើរទៅបត់ជើងធំ ក៏ប្រទះឃើញជនរងគ្រោះបាត់បង់ជីវិតនៅចំណុចជើងភ្នំតែម្តង ។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំងនេះ ជាមុខសញ្ញាជួញដូរនឹងប្រើប្រាស់សារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគារ និងមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយដែរ ។
ក្រោយពីកើតហេតុ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដាក់បញ្ជាឲ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យ ក្នុងនោះសមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញ បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើខ្លួនជនរងគ្រោះ ពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ ក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ និងនៅលើភ្នំគឺមានស្នាមរអិលធ្លាក់ថ្មភ្នំធ្លាក់ចុះមកក្រោម និងមានបាក់កូនឈើពីលើភ្នំធា្លក់ចុះមកក្រោម។
បន្ទាប់ពីពិនិត្យរួច លោកគ្រូេពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលោតពីទីទួលខ្ពស់ធ្លាក់ចុះមកក្រោមបណ្ដាលអោយបាត់បង់ជីវិតប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ