ខេត្តបាត់ដំបង ៖ ហាក់ដូចជាមិនរំខានដល់សមត្ថកិច្ចទេ ជុំវិញករណីចោរកាច់សោរ.កលួចយកម៉ូតូមួយគ្រឿង នៅក្បែរផ្សារលើ នៅព្រឹកព្រលឹមថ្ងៃទី០១ កក្កដា ដែលស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បើទោះជាប្រជាពលរដ្ឋផ្អើលឈូរឆពេញផ្សារក្ដី ។ បន្ទាប់ពីចោរលួចយកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព នៅកន្លែងកើតហេតុ គេឃើញមានមន្ត្រីសណ្ដាប់ធ្នាប់ប្រចាំផ្សារលើនេះ មួយរូបបានដើរចុះឡើងសួរនាំមហាជន ហើយក៏មានវត្តមានមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ម្នាក់ផងដែរ ក្រៅពីនេះទទេរស្អាត។
អ្នកដឹកហេតុការណ៍នៅទីនោះ បាននិយាយថា ម្ចាស់ម៉ូតូ(ជនរងគ្រោះ) ឈ្មោះ ថេត ណារី ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។ ម្ចាស់ម៉ូតូមិនបានយកម៉ូតូទៅផ្ញើនៅកន្លែងទទូលផ្ញើទេ តែគាត់បានជិះយកទៅទុកនៅខាងក្រោយអ្នកលក់ខោអាវ ជាមួយនិងម៉ូតូម្ដាយរបស់គាត់មួយគ្រឿងទៀត ។ ប្រភពបានបញ្ជាក់ថា ពេលគាត់ដើរផុត បន្តិចក្រោយមកគាត់ក៏ដើរមករកម៉ូតូវិញ បាត់ម៉ូតូពីកន្លែងទុក ទើបមានការភ្ញាក់ផ្អើលពេញផ្សារតែម្ដង តែមិនរំខានដល់សមត្ថកិច្ចទេ។

ម្ចាស់ម៉ូតូឈ្មោះ ថេត ណារី បានប្រាប់កោះសន្តិភាព នៅកន្លែងកើតហេតុថា ម៉ូតូរបស់គាត់ម៉ាកឃ្លីក ពណ៌ក្រហម ស៊េរីឆ្នាំ២០២០ តែគាត់មិនចាំស្លាកលេខទេ ព្រោះកាតគ្រីបានយកទៅបញ្ចាំគេ ។ គាត់និយាយថា គាត់បានទុកម៉ូតូនោះក្បែរខាងក្រោយអ្នកលក់ខោអាវ ក្បែរម៉ូតូម្ដាយរបស់គាត់ តែមិនបានផ្ញើគេទេ។ ក្រោយមក គាត់ក៏ដើរទៅជួយលក់ផ្លែឈើម្ដាយគាត់មួយភ្លេត តែបន្តិចក្រោយមកគាត់ក៏ដើរទៅយកម៉ូតូវិញ ស្រាប់តែបាត់ម៉ូតូពីកន្លែងនោះតែម្ដង។ ស្ត្រីរូបនេះ ហាក់មិនតក់ស្លុតទេ នៅពេលត្រូវចោរលួចយកម៉ូតូយកទៅបាត់ ។

នៅពេលសួរថា ឥឡូវបាត់ម៉ូតូហើយ តែអារម្មណ៍នៅសើចសប្បាយ ហាក់ដូចគ្មានអ្វីកើតឡើងចឹង ? គាត់ហាក់អស់សំណើច.. ជាមួយនឹងកាយវិការយ៉ាងរស់វើកផង និងបានផ្ដល់ចម្លើយទាំងញញឹមពព្រាយយ៉ាងដូច្នេះថា « ធ្វើម៉េចបានបាត់ទៅហើយ ឲ្យយំយ៉ាងម៉េច ?»។ គាត់បានបញ្ជាក់ថា ភ្លាមៗនោះគាត់មិនទាន់ទៅប្ដឹងទេ ព្រោះម្ដាយរបស់គាត់ចាំទៅយកកាតគ្រីម៉ូតូពីកន្លែងបញ្ចាំសិន ។ ជាមួយនឹងចោរលួចម៉ូតូនៅផ្សារលើ ដែលបានកើតឡើងជាញឹកញាប់នេះ មន្ត្រីសណ្ដាប់ដែលប្រចាំការនៅទីនោះ បាននិយាយប្រាប់កោះសន្តិភាពថា «កន្លងមក ខ្ញុំតែងក្រើនរំលឹកជារឿយៗ ឲ្យបងប្អូនយកម៉ូតូទៅផ្ញើកន្លែងទទូលផ្ញើ ក្នុងតំលៃតែ៥០០រៀលប៉ុណ្ណោះ តែបងប្អូនមិនព្រមទេ ខ្លាចអស់លុយ៥០០រៀលនោះ ឥឡូវបាត់ចឹង.. តើខាតឬចំណេញ ?»

មន្ត្រីដដែលនេះបានបញ្ជាក់ថា ម៉ូតូដែលចោរលួចកន្លងមកនៅផ្សារលើនេះ គឺដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ម៉ូតូ ដែលឈប់គ្មានរបៀប គ្មានសណ្ដាប់ធ្នាប់ កន្លែងផ្ញើមានមិនយកទៅផ្ញើទេ ទើបមានការបាត់បង់បែបនេះ។ នេះមិនមែនជាលើកទី១ទេ ដែលចោរបានធ្វើសកម្មភាពកាច់សោ.កលួចយកម៉ូតូប្រជាពលរដ្ឋនៅម្ដុំផ្សារលើ ក្នុងក្រុងបាត់ដំបង ។ ប៉ុន្តែសមត្ថកិច្ចហាក់គ្មានវិធានការទប់ស្កាត់ទេ បើទោះជាមានការផ្លាស់ប្ដូរលោកស្នងការរងទទូលផែនព្រហ្មទណ្ឌថ្មី និង បន្ថែមបេក្ខភាពលោកស្នងការរងទទូលផែនព្រហ្មទណ្ឌនេះ រហូតដល់ទៅ២រូបក្ដី ក៏បទល្មើសនេះគ្មានសញ្ញាថមថយដែរ។

ជាមួយនឹងករណីចោរលួចម៉ូតូផ្អើលពលរដ្ឋពេញផ្សារខាងលើនេះ នៅកន្លែងកើតហេតុ គេមិនឃើញមានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីនគរបាលក្រុង ឬ មន្ត្រីជំនាញស្នងការខេត្ត ឬ លោកស្នងការរងខេត្ត ទាំង២រូបទទូលផែនព្រហ្មទណ្ឌ ដឹកនាំមន្ត្រីជំនាញ ចុះត្រូតពិនិត្យកន្លែងកើតហេតុ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់មហាជននោះទេ។ គេឃើញមានតែមន្ត្រីសណ្ដាប់មួយរូបប្រចាំផ្សារ និង មន្ត្រីពាក់ស៊ីវិលម្នាក់ប៉ុណ្ណោះ ដែលបានទៅកាន់ទីនោះ។

ការតែងតាំងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌរហូតដល់ទៅ២រូប ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនេះ គេរំពឹងថា អាចនឹងអាចធ្វើឲ្យបទល្មើសថយចុះ និងអាចធ្វើឲ្យលោកចោរខ្លបខ្លាចខ្លះ។ ផ្ទុយទៅវិញបទល្មើសអំពើចោរកម្មគ្រប់បែបយ៉ាងនៅតែដដែល រីឯលោកចោរចេញធ្វើសកម្មភាព កាន់តែផ្គើន គ្មានញញើតលោកស្នងការរងទាំង២រូបសោះ ឬលោកស្នងការរងមិនទាន់បញ្ចេញកណ្ដាប់ដៃ ?



ចែករំលែកព័តមាននេះ