ខេត្តមណ្ឌលគិរី ៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់បានឱ្យដឹងថា ប្រជាជនដែលរស់នៅតំបន់ព្រៃភ្នំប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់ ពិសេសនៅក្នុងអំឡុងពេលរដូវវស្សានេះ ។

ដូចនេះក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលបាននាំយកមុង ថ្នាំព្រូន និងថ្នាំអាប៊ែត មកចែកជូនបងប្អូនប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សរបស់យើង សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងការពារ ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថាន មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និងអង្គការ WWF-កម្ពុជា បានបំពេញទស្សនកិច្ច នៅស្នាក់ការត្រពាំងត្រាច ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងគោលបំណងបញ្ជ្រៀប ការយល់ដឹងទាក់ទងនឹង ការថែទាំសុខភាព ខណៈរដូវវស្សាបានចូលមកដល់ ជាពិសេស គឺការបង្ការជំងឺគ្រុនចាញ់ និងការប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ សុខភាពអនាម័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ការអភិរក្សធនធានធម្មជាតិ និងការថែទាំអនាម័យ សុខភាពរបស់សហគមន៍ និងមន្ត្រីឧទ្យានុរក្ស គឺជារឿងចម្បងរួមគ្នាមួយ ព្រោះសុខភាពមនុស្ស សត្វ និងបរិស្ថាន គឺអាស្រ័យពឹងពាក់គ្នាទៅវិញទៅមក មិនអាចខ្វះគ្នាបាន ។

នៅពេលដែលសហគមន៍មានសុខភាពមាំមួន សហគមន៍អាចការពារធនធានធម្មជាតិបានប្រសើរ ហើយនៅពេលដែលធនធានធម្មជាតិមានគុណភាពល្អ វានឹងគាំទ្រដល់ជីវភាពរបស់សហគមន៍អោយកាន់តែមានភាពប្រសើរឡើង» ។ ដែលនេះ គឺ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល គឺដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥» ។

លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានបានសហការយ៉ាងសកម្មជាមួយបណ្តាដៃគូជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការគាំទ្រការយកចិត្តដាក់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសជៀសផុតពីជំងឺឆ្លងនានា ។

គួរបញ្ជាក់ផងដែរថា ការបំពេញទស្សនកិច្ចនេះក៏មានការចួលរួមពី សមាជិកសហគមន៍តំបន់ការពារធម្មជាតិ មន្ត្រីឧទ្យានុរក្ស ។ ហើយអ្នកចូលរួមដទៃទៀត ប្រមាណជាជិត២០០នាក់ ត្រូវបានចែកជូននូវមុងជ្រលក់ថ្នាំបង្ការគ្រុនចាញ់ ថ្នាំព្រូន និងថ្នាំអាប៊ែត ដែលផ្តល់ដោយក្រសួងសុខាភិបាល ដល់សមាជិកសហគមន៍ និងមន្ត្រីឧទ្យានុរក្ស ៕

ចែករំលែកព័តមាននេះ