រាជធានីភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងអាចលេចរូបរាងផ្លូវការនាពេលខ្លីខាងមុខនេះ ជាកិច្ចព្រមព្រៀងដែលនឹងជួយពន្លឿនដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលោក តាមរយៈការពង្រឹងការចូលរួមរបស់កម្ពុជានៅក្នុងខ្សែរច្រវាត់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជាប្រែក្លាយកម្ពុជា ជាប្រទេសមានសក្តានុពលទាក់ទាញវិនិយោគ ធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន ។

ការវាយតម្លៃរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងលើនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំជាអន្តរក្រសួងមួយ ដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរត្ន័ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ មិថុនា ។ ក្រុមបច្ចេកទេសក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា និងក្រុមការងាររបស់ប្រទេសចិនបានបញ្ចប់ខ្លឹមសារគោលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃប្រទេសទំាងពីរ កាលពីពេលថ្មីៗនេះ ហើយភាគីទំាងពីរសង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅចុងឆ្នាំ២០២០ ។

លោកសុ សុភ័ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជាបានឲ្យដឹងចំណុចសំខន់ៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះថា លើបណ្តាជំពូកនានា នៃកិច្ចព្រមព្រៀងនោះ បាននិយាយដល់ទីផ្សារទំនិញត្រូវបានបើកបន្ថែមពីលើយន្តការដែលមានស្រាប់ ច្រកចូលទីផ្សារផ្នែកសេវាកម្ម ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង កិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវតែបានយកចិត្តទុកដាក់លើសសរស្តម្ភ នៃការជំរុញ និងសម្រួលវិនិយោគ វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្មជាដើម។

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានបញ្ជក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៍មានសារៈសំខាន់របស់កម្ពុជា។ នៅពេលចូលជាធរមានកិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការធ្វើពិតកម្មទីផ្សារនាំចេញនិងជំរុញការនាំចេញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិម្ម និងកសិឧស្សាកម្ម ទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន៕
ចែករំលែកព័តមាននេះ