​ផ្តើម​ចុះ​ពិនិត្យ​បន្ទប់​សិក្សា​អាច​ជា​តម្រុយ​នៃ​​ការ​បើក​សាលារៀន​ឡើង​​វិញ


រាជធានី​ភ្នំពេញ​ ៖ លោកហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តើម​ទស្សនកិច្ច​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន ដើម្បី​ពិនិត្យ​មើល​យន្តការ​នៃ​ការ​រៀបចំ​កម្មវិធី​សិក្សា និង​ស្ថានភាព​បន្ទប់រៀន បន្ទាប់​ពី​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​បាន​បិទទ្វារ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩កន្លង​មក ។

ការ​ចុះ​ទៅ​ពិនិត្យ​បន្ទប់​សិក្សា ​នៅ​សាលា​ឯន​ជន​អន្តរជាតិ​ធំ​ៗ​ពីរ​នៅ​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៣០​ មិថុនា នេះ ធ្វើ​ឲ្យ​មាន​សង្ឃឹមថា កម្ពុជា​នឹង​អាច​បើក​សាលារៀន​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ ប៉ុន្តែ​គ្មាន​ព័ត៌មាន​បញ្ជាក់​ពី​ក្រសួង​អប់រំ​ថា​ បើក​នៅ​ពេល​ណា​នោះ​ឡើយ ។ លោក​ហង់​ជួន ណា​រ៉ុ​ន ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​បើក​សាលារៀន​ឡើង​វិញ​នេះ​។

លោក​ថា ​ការ​បើក​សាលារៀន​ឡើង​វិញ ​ជា​ការ​ប្រថុយ​ក្នុង​ការ​យកអាយុ​ជីវិត​សិស្ស ​និង​បុគ្គលិក​សិក្សា​ទៅ​លេងសើច​ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ កូ​វី​ដ​១៩​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ដរាបណា​គ្មាន​ថ្នាំ​ព្យ​បាល​និង​វ៉ាក់សាំង​ការពារ​នោះ​។

ក្រសួង​អប់រំ​យុវជន ​និង​កីឡា បាន​សម្រេច​ផ្អាក​ដំណើរការ​សាលារៀន​ទាំងអស់​នៅ​ទូទៅ​ប្រទេស ចាប់​តាំងពី​ថ្ងៃ​ទី​១៦ ​មីនា ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។ នៅ​ក្នុង​ពេល​បិទ​សាលារៀន ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​យន្តការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ តែ​សិស្សានុសិស្ស​រួម​និង​ឪពុក​ម្តាយ​ពួក​គេ សង្គម​ស៊ី​វិលមួយ​ចំនួន​ផងថា ​ការ​សិក្សា​តាម​អន​ឡាញ​នោះ​មិន​មានគុណ​ភាព​និង​មិន​ហ្មត់ចត់​ឡើយ​។

សិស្ស​មួយ​ចំនួន​ធំ​មិន​ទទួល​បានការ​សិក្សា​នោះ ដោយសារ​ខ្វះ​មធ្យោបាយ​និង​សម្ភារ​។ មានការ​ទទូច​ឲ្យ​ក្រសួង​អប់រំ បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​ចូល​រៀន​បាន​។ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំធ្លាប់​លើក​ឡើង​ថា​ ប្រសិនបើ​ក​សាលារៀន​ឡើង​វិញ​នោះ អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត​នោះ​គឺ​បរិមាណ​សិស្ស​ក្នុង​ថ្នាក់ គឺ​មិន​អាច​ឲ្យ​ពួក​គេ​អង្គុយ​ជិត​គ្នា​ដូច​ពេល​ដែល​មិន​មាន​កូ​វី​ដ​១៩​នោះ​ឡើយ ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ