រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្មករសរុបចំនួន៦៦៩នាក់បម្រើការងារនៅក្នុងរោងចក្រផលិតស្បែកជេីងយីហោ «ហាណា(ខេមបូឌា)១អុីន» ដែលមានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាធ្វើកូដកម្មក្រោយពីរោងចក្របិទទ្វារមិនដំណើរការ ហើយមិនបានជូនដំណឹងជាមុន ព្រមទាំងមិនបានទូទាត់ប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារជូនកម្មករទៀត។

កម្មករចាប់ធ្វើការតវ៉ានៅថ្ងៃដែលរោងចក្របិទទ្វារគឺនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុច ហើយខណៈនោះមានការដោះស្រាយពីក្រសួងការងារនិងស្ថាប័នពាក់ព័ន្ធនានា ដោយត្រូវរ៉ូវគ្នាចំនួន៣ចំណុច នៅសល់២ចំណុចទៀតមិនទាន់ត្រូវរ៉ូវគ្នា ទើបរហូតមកដល់ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ កម្មករកាន់បដារនិងរូបថតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន រួចលើកគ្នាចេញពីមុខរោងចក្រដើរតាមផ្លូវជាតិលេខ៤ ដោយពួកគាត់អះអាងថានឹងទៅកាន់មុខភូមិគ្រឹះសម្ដេចតេជោទៀត ប៉ុន្តែពេលទៅដល់មុខសាលាសង្កាត់ចោមចៅទី៣ ត្រូវបានសមត្ថកិច្ចឃាត់ដំណើរឲ្យនៅមួយកន្លែង ហើយលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការសម្របសម្រួល ព្រមទាំងសន្យាថាចាំរកដំណោះស្រាយជូន ប៉ុន្តែពុំទាន់ដឹងថាកម្មករព្រមឬមិនព្រមនៅឡើយទេ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ