ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ងាយ​រង​គ្រោះ​​ដោយ​​វិបត្តិ​កូ​វី​ដ​១៩ ទទួល​​បាន​អំណោយ​ពី​កាកបាទក្រហម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវ​បាន​លោក​ជំទាវ ទាង…

ខេត្ត​សៀម​រា​ប ៖ ​អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវ​បាន​លោក​ជំទាវ ទាង អេ​ង ទៀ សី​ហា អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀម​រា នាំ​យក​ទៅ​ចែក​ជូន​បងប្អូន​ក្រុម​គ្រួសារ​​ដែល​កំពុង​រង​​ផល​ប៉ះពាល់​ក្នុង​ពេល​មាន​វិបត្តិ​​ជំងឺកូវីដ​១៩ ដោយ​ផ្តោត​ចំពោះ​ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​ជន​ពិការ​ទីទ័ល​ក្រ​ចំនួន​៦០​គ្រួសា​រ​មក​ពី​៣ឃុំ​ ក្នុងស្រុក​ជីក្រែង ខេត្ត​សៀមរាប គឺ​ឃុំ​កំពង់ក្តី ឃុំ​គោក​ឆ្លក​ក្រោម និង​ឃុំ​ពង្រ​ក្រោម ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​ខ្នារ​ធ្លុង ក្នុង​ឃុំ​គោក​ធ្លក​ក្រោម ។

បន្ទាប់​ពី​កិច្ច​ស្វាគមន៍​និង​សេចក្តីរាយការណ៍​របស់ កញ្ញា ទឺ យឺត​ហាន អនុប្រធាន​អនុ​សាខា​ស្រុក​ជីក្រែង​រួច​មក មាន​ប្រសាសន៍​នា​ឱកាស​នោះដែរ​ លោក​ជំទាវ ទាង អេ​ង ទៀ សី​ហា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិកា​កបាទ​​សាខាខេត្ត​សៀមរាប​ ដែល​ជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ ជា​ពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយ​បារម្ភ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វី​ដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​​ពល​ជំងឺ​​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង ជីវភាព​របស់​បងប្អូន​ក្នុង​ការ​ប្រកប​របរ​ទទួលទាន​ប្រចាំ​ថ្ងៃ ​ជាពិសេសគឺ​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើ អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង ជន​ពិការ​ទីទ័ល​ក្រ ។

លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំង​អស់នេះ គ្រាន់តែ​អាច​ជួយ​សម្រួលការ​ខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជួប​នូវ​វិបត្តិ​​ជំងឺកូវីដ​​១៩ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ក្នុង​ជីវភាព​របស់​បងប្អូន​ជា​គ្រួសារ​ងាយ​រង​គ្រោះ ។​ ​លោក​ជំទាវ​ក៏​បាន​ក្រើន​រំលឹក​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​មិន​ត្រូវ​ធ្វេសប្រហែស​​ចំពោះ​​កូ​វី​ដ​១៩ ដែល​ជា​បញ្ហា​ប្រឈម​​រួម​ទូ​ទាំង​ជា​សកលលោក​នា​ពេល​នេះ ។

លោកជំទាវ​ក៏បាន​បញ្ជាក់​បន្ត​ថា ទោះបី​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​យើង​មាន​តិច​ក្តី តែ​យើង​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ត្រូវធ្វើ​អនាម័យ​ឱ្យ​​បានជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ក្រុម​គ្រួសារ​កុំ​ឲ្យ​​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ក៏​ដូច​ជា​ក្នុង​សហ​គម ន៍​ សំខាន់​ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង និង អនុវត្ត​ឲ្យ​បាន​តាម​ការ​ណែនាំ​និង​វិធានការ​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវលាង​សម្អាត​ដៃ​ជា​ប្រចាំ​​ជាមួយ​សាប៊ូ, អាល់កុល ឬ​ជែ​ល និងពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ ។

​ក្នុងឱកាស​នោះ​​ដែរ ​លោក​ជំទាវ​ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បង​ប្អូនកុំ​ឲ្យ​ចាញ់បោក​មេខ្យល់​នាំ​យក​កូនចៅ​​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ ដោយ​ប្រទេស​ជិតខាង​យើង​ពេល​នេះ ក៏​បាន​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្កា​ទប់ស្កាត់​​ជំងឺកូវីដ​​១៩​ផង​ដែរ ។ ម្យ៉ាងវិញទៀត ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួនឯង និ​ង​ក្រុម​គ្រួសារ​របស់​ខ្លួន សំខាន់​កាត់​បន្ថយ​ឲ្យ​បាន​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ធ្វើការ​អប់រំ​កូនចៅ​ចៀស​​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​សុខភាព​របស់​កុមារ​តូច​ៗ កុំ​ឲ្យ​មាន​កើត​ជម្ងឺ​គ្រុន​ឈាម គឺ​ត្រូវធ្វើ​អនាម័យ​នៅ​ជុំវិញ​លំនៅ​ដ្ឋា​ន បំបាត់​ទីជម្រកមូស​ខ្លា ដោយ​រដូវ​ភ្លៀង​ធ្លាក់​បាន​មក​ដល់​ហើយ សូម​បងប្អូន​រួសរាន់​លើ​ការងារ​បង្កបង្កើន​ផល​ធ្វើស្រែ​ចម្ការ​ឲ្យ​ទាន់​រដូវ និងដាំ​ដុះ​ដំណាំ​រួម​ផ្សំ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បន្ថែម​ទៀត​ផង ។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន ក្នុង​​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូ​ក្រាម មី​១​កេស ត្រីខ​១​យួរ អាវយឺត​២ និង​ថវិកា​៤​ម៉ឺន​រៀល ។ ដើម្បី​លើក​ស្ទួយ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ក្នុង​នាម​លោក ទៀ សីហា លោក​ជំទាវ និង​ក្រុម​ប្រតិភូ​ក៏​បានប្រគេន​បច្ច័យ ដើម្បី​ចូលរួម​សាងសង់​មហា​កុ​ដ្ឋិ​នៅ​ក្នុង​ទី​វត្ត​ខ្នារ​ធ្លុង ចំនួន​១​.២២០​ដុល្លារ​ និង​ប្រាក់​​ចំនួន​​៣១​ម៉ឺន​រៀល ព្រមទាំង​បាន​ប្រគេន​នូវ​គ្រឿង​ឧបភោគបរិភោគ​ដល់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ