ខេត្តតាកែវ ៖ ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលជាជនរងគ្រោះដោយសាររំលោភបិទយកផ្លូវជាសាធារណៈធ្វើជាកម្មសិទ្ធស្នើអាជ្ញាធរ និងរាជរដ្ឋាភិបាលជួយដោះស្រាយឲ្យពួកគាត់ផង ។

ជនរងគ្រោះចំនួន៤គ្រួសារ ដោយការរំលោភយកផ្លូវសាធារណៈនៅក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ស្នើដល់សម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយតំណាងក្រុមគ្រួសារទាំង០៤គ្រួសារ ដែលរួមមាន ឈ្មោះ អ៊ិត ចាន់, មូល ម៉ាល័យ , ស៊ឹម ចាន់ធូ និងស៊ឹម សារ៉េត ដែលមានអាសយដ្ឋានបច្ចុប្បន្នស្នាក់នៅ ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា លោកអភិបាលខេត្ដតាកែវ មេត្ដាជួយដោះស្រាយ និងផ្ដល់ភាពយុត្ដិធម៌ដល់ ពួកគាត់ ពីព្រោះពួកគាត់ គឺជាជនរងគ្រោះដោយសារតែបុគ្គលឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានលួចដូរផ្លូវសាធារណៈមកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន ដោយមិនបានដោះស្រាយដីចំណីផ្លូវថ្មី ឬសម្របសម្រួលផ្លូវថ្មីឱ្យពួកគាត់ទាំង៤គ្រួសារ រស់នៅខាងក្នុងអាចធ្វើដំណើរចេញ-ចូលបានស្រួល ជាពិសេសបានធ្វើរបង និងបិទផ្លូវពួកគាត់មិនឱ្យធ្វើដំណើរចេញ-ចូលបានចាប់ពីពេលនេះតទៅតែម្តង ។

លោកស្រីអ៊ិត ចាន់ តំណាងគ្រួសារទាំង៤ បានលើកឡើងថា ការអំពាវនាវរបស់ប្រ ជាពលរដ្ឋជាជនរងគ្រោះទាំង៤គ្រួសារនេះបានធ្វើឡើងបន្ទាប់ពីឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានលួចដូរផ្លូវសាធារណៈដែលធ្លាប់ប្រើ ប្រាស់រាប់ជំនាន់មកហើយនោះមកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន ព្រមទាំងធ្វើរបងបិទផ្លូវនេះ មិនឱ្យពួកគាត់ធ្វើដំណើរចេញ-ចូលបានដូចធម្មតា ខណៈផ្លូវនេះត្រូវប្រធាពលរដ្ឋដើរជាធម្មតាតាំងពីដូនតាមកម្ល៉េះ ។

តំណាងប្រជាពលរដ្ឋរងគ្រោះបានបន្តថា ពាក់ព័ន្ធនឹងការធ្វើរបងបិទផ្លូវសាធារណៈនេះ ពួកគាត់បានហៅ លោកមេឃុំត្នោត និងក្រុមប្រឹក្សាឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ មកជួយសម្របសម្រួល ជាមួយភាគីម្ខាងទៀត កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែង កើតហេតុផ្ទាល់ ស្ថិតនៅក្នុងភូមិពៃ ឃុំត្នោត ស្រុកបាទី ។

ផ្ទុយទៅវិញអាជ្ញា ធរឃុំ ត្នោត មិនបានសម្របសម្រួល ឬដោះស្រាយជូនពួកគាត់នោះទេ ដោយគ្រាន់តែមកមើល រួចត្រឡប់ទៅវិញទុកឱ្យភាគីទាំងពីរដោះស្រាយ និងសម្របសម្រួលគ្នា ។ ទីបំផុត ការដោះស្រាយ និងសម្របសម្រួលរវាងភាគីទាំងពីររហូតដល់ម៉ោង៥ល្ងាច ទើបអាជ្ញាធរឃុំ មកសួរនាំម្ដងទៀត រួចធ្វើកំណត់ហេតុក្នុងការដោះស្រាយរបស់ភាគីទាំងពីរ ។ ក្នុ ងកំណត់ហេតុបានសរសេរថា ភាគីឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង បានផ្ដល់ឱ្យដី កន្លះម៉ែត្រត្រង់ចំណុចកែង តែភាគីរងគ្រោះទាំង៤គ្រួសារ មិនព្រមទទួលយកទេ ដោយសារ តែពួកគាត់មិនអាចធ្វើដំណើរចេញ-ចូលរួច ដូចផ្លូវចាស់ ។

ចំណែកភាគី ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង បានបញ្ជាក់ថា ខ្លួនមិនបន្ដសម្របសម្រួលជាមួយជនរងគ្រោះទាំង៤គ្រួសារនោះទេ គឺធ្វើទៅតាមប្លង់ដែលសុរិយោដីស្រុកបាទីចេញឱ្យប្ដូរមកផ្លូវថ្មីដែល មានទំហំចំនួន៤ម៉ែត្រតែប៉ុណ្ណោះ ដោយអះអាងថា ដីនេះជាដីរបស់ខ្លួន ។
ជាមួយគ្នានេះ ភាគីគ្រួសាររងគ្រោះទាំង៤គ្រួសារ បានសំណូមពរដល់អាជ្ញាធរឃុំ ឱ្យរក្សាទុកផ្លូវចាស់ដែលធ្លាប់ធ្វើ ដំណើរចេញ-ចូលកន្លងមក រក្សាទុកនៅ៤ម៉ែត្រដ ដែលសិនពីព្រោះមិនទាន់បានដោះ ស្រាយរួចរាល់តាមផ្លូវច្បាប់ ។

ចំណែកឯភាគីម្ខាងទៀតឈ្មោះ នី ងន និង ប្ដីឈ្មោះ ស៊ុ សុង មិនព្រមទទួលយកតាម ការស្នើសុំរបស់ភាគីជនរងគ្រោះទាំង៤គ្រួសារនោះទេ ដោយ សំអាងថា ដីផ្លូវសាធារណៈនេះ គឺជាកម្មសិទ្ធិរបស់ខ្លួន ។ បន្ទាប់អាជ្ញាធរឃុំត្នោតបានធ្វើកំណត់ហេតុរួចមក គ្រួសារជនរងគ្រោះ ដោយការរំលោភយកផ្លូវសាធារណៈទាំង៤គ្រួសារ បានបន្ដដាក់ពាក្យ បណ្ដឹងទៅឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ដើម្បីឱ្យអាជ្ញាធរឃុំជួយទប់ស្កាត់ការធ្វើរបង និងបិទផ្លូវដែលពួកគាត់ធ្លាប់ប្រើប្រាស់ និងធ្វើដំណើរកន្លងមក ។
ក្នុងពាក្យបណ្ដឹងបានលើកឡើងថាពួកគាត់ទាំងអស់គ្នាចំនួន០៤គ្រួសារ ដែលរួមមាន៖ ឈ្មោះ អ៊ិត ចាន់, មូល ម៉ាល័យ , ស៊ឹម ចាន់ធូ និង ស៊ឹម សារ៉េត ដែលមានអាសយដ្ឋាន បច្ចុប្បន្នស្នាក់នៅ ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវបានប្ដឹងជំទាស់ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង ដែលមានអាសយដ្ឋានបច្ចុប្បន្ន ភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ធ្វើរបង និងបិទផ្លូវចាស់ដែលមានទីតាំងស្ថិតភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដតាកែវ ។

បណ្តឹងបានបញ្ជាក់ថា៖« យើងខ្ញុំទាំងអស់គ្នា សូមជម្រាបជូន លោកមេឃុំត្នោត មេត្តាជ្រាបថា ការផ្លាស់ប្ដូរផ្លូវថ្មីដែលធ្វើឡើងដោយឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុងនេះ បានធ្វើឡើងដោយចិត្តឯង ដោយមិនបានមកពិភាក្សា និងមានការឯកភាពយល់ព្រមពី យើងខ្ញុំទាំង៤គ្រួសារដែលមានលំនៅដ្ឋានស្ថិតនៅខាងក្រោយដីរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញបែរជាបុគ្គលទាំងពីរនាក់នេះ បានធ្វើប័ណ្ណកម្មសិទ្ធិដោយផ្លាស់ប្តូរផ្លូវចាស់ដែលយើង ខ្ញុំធ្លាប់ធ្វើដំណើរជាប្រចាំ ទៅជាផ្លូវថ្មីវិញ ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់គ្រួសារយើងខ្ញុំធ្វើដំណើរចេញ-ចូល។

ទន្ទឹមនេះ ផ្លូវថ្មីដែលបុគ្គលទាំងពីរខាងលើនេះ បានផ្លាស់ប្តូរនោះ គឺមាន លក្ខណៈពិបាកធ្វើដំណើរទាំងចេញ ទាំងចូលដោយគ្មានការរៀបចំឱ្យបានត្រឹមត្រូ វតាមលក្ខណៈបច្ចេកទេស មានសភាពតូចចង្អៀត និងពិបាកបត់យានយន្ត ក៏ដូចជាគោយន្ដក្នុងការចេញ-ចូលជាខ្លាំង ដែលខុសពីផ្លូវចាស់ដែលយើងខ្ញុំធ្លាប់ប្រើប្រាស់ពីមុនមក» ។
យ៉ាងណាក្តីក្នុងបណ្តឹងដដែលពលរដ្ឋទាំង៤គ្រួសារ មិនបដិសេធនោះទេ ប្រសិនបើ ឈ្មោះ នី ងន និងប្ដីឈ្មោះ ស៊ុ សុង ធ្វើការរៀបចំឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយបង្កលក្ខណៈងាយស្រួលដូចផ្លូវចាស់នោះ។ ប៉ុន្តែប្រសិនបើបុគ្គលទាំងពីរនេះមិនបានធ្វើការ ដោះស្រាយតាមការស្នើសុំរបស់យើងខ្ញុំនោះទេ យើងខ្ញុំស្នើសុំ លោកមេឃុំ មានវិធានការទប់ស្កាត់កុំឱ្យបុគ្គលទាំងពីរនេះធ្វើរបង និងបិទផ្លូវចាស់ ដើម្បីរង់ចាំការ ដោះ ស្រាយតាមផ្លូវច្បាប់ជាមុនសិន ។

ទាក់ទងនឹងករណីរំលោភផ្លូវសាធារណៈនេះ លោក ភួន ឈីម អភិបាលស្រុកបាទី ខេត្ដតាកែវបានបញ្ជាក់ថា បញ្ហារឿងផ្លូវនេះ លោកមិនទាន់បានទទួលរឿងហ្នឹង និងដាក់ចូលមកដល់លោកនៅឡើយ ។ លោកបានបន្ដថា ក្នុងនាមអាជ្ញាធរ លោកបានអះអាងថា ការដោះស្រាយបញ្ហាផ្លូវនៅក្នុងភូមិពៃ ឃុំ ត្នោតដែលបានកើតឡើងនេះ អាជ្ញាធរឃុំ និងស្រុក មានសិទ្ធិគ្រាន់គ្រាន់តែសម្របសម្រួលនោះទេ ហើយបញ្ហានេះ ត្រូវប្ដឹងទៅតុលាការទើបអាចនិយាយអំពីការដោះស្រាយបញ្ហានេះបាន ។
បើតាមការបញ្ជាក់របស់មន្ដ្រីជំនាញសុរិយោដីស្រុក បាទី ខេត្ដតាកែវ ដែលបា នចុះមកវាស់វែងផ្ទាល់ កន្លែងផ្លូវសាធារណៈដែលកំពុងមានបញ្ហាជម្លោះនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានឱ្យដឹងថា ការចេញប្លង់កម្មសិទ្ធិនេះ គឺអ្នកនៅខាងក្នុង មិនអាចចេញ-ចូលរួចនោះទេ ត្រូវមានការសម្របសម្រួលរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ដែលផ្លូវនេះមានលក្ខណៈជាប្រភេទផ្លូវអន្ទង់អាំង គឺផ្លូវបទបែនចុះឡើង ៕
ចែករំលែកព័តមាននេះ