ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​10​ នៅ​ហ្វី​លី​ពី​ន ​សម្រេច​លុប​ចោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ត្រូវ​បាន​លុប​ចោល​ជា​ផ្លូវការ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ដែល​ហៅ​កាត់​ថា​(APSF) កាលពី​ចុងខែ​មិថុនា ។ លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាម​រយៈ​វី​ដេ​អូ​ខន់​ហ្វឺ​រិ​ន…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​នៅ​ប្រទេស​ហ្វី​លី​ពី​ន​ត្រូវ​បាន​លុប​ចោល​ជា​ផ្លូវការ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ដែល​ហៅ​កាត់​ថា​(APSF) កាលពី​ចុងខែ​មិថុនា ។

លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​តាម​រយៈ​វី​ដេ​អូ​ខន់​ហ្វឺ​រិ​ន ។ រូប​លោក​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​នេះ​ជាមួយ​បណ្ដា​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត​ជា​សមាជិក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ កិច្ចប្រជុំ​បាន​ប្រកាស​លុប​ចោល​ជា​ស្ថាពរ​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​នៅ​ប្រទេស​ហ្វី​លីពី​ន​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ។

លោក យី វាសនា បាន​លើក​ឡើង​ទៀត​ថា ក្រុមប្រឹក្សាភិបាល​របស់​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន បាន​ចាត់​ទុក​ការ​អវត្តមាន​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១០​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​ដោយសារ​តែ​ជំងឺឆ្លង​កូ​វី​ដ​-១៩​កំពុង​តែ​រីក​រាលដាល​សា​ឡើង​វិញ​ជា​ថ្មី ។ លោក​បញ្ជាក់​ថា លោក​បាន​ចូលរួម​ប្រជុំ​តាម​រយៈ​វី​ដេ​អូ Conference ជាមួយ​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ ។

បណ្ដា​ប្រទេស​ជា​សមាជិក​ទាំង​១០​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ បាន​ពិភាក្សា​គ្នា​ដោយ​យោង​តាម​លិខិតផ្លូវការ​មួយ​របស់​គណៈកម្មការ​កីឡា​ហ្វី​លី​ពី​ន​(PSC)​ចុះ​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០២០ ដោយ​សុំ​មិន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទេ ។ មូលហេតុ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​និង​មិន​មាន​ថវិកា​គ្រប់គ្រាន់ ព្រោះ​ថវិកា​ទាំងនោះ​សម្រាប់​យុទ្ធនាការ​ទប់ស្កាត់​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ។

ជាមួយនឹង​ក្ដី​បារម្ភ​មួយ​នេះ ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ក៏​បាន​សម្រេច​លុប​ចោល​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​មួយ​នេះ​តែ​ម្ដង ដោយ​មិន​បាន​ប្រើ​ពេល​ណាមួយ​ដើម្បី​រៀបចំ​ឡើង​វិញ​នោះ​ទេ ។ នេះ​ជា​សេចក្ដីសម្រេច​ចុង​ក្រោយ​ជា​ផ្លូវការ​ហើយ ហើយ​ការ​លុប​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​នេះ យើង​បាន​ចាត់​ទុក​ថា​វា​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន​ដែល​បាន​ជួប​នូវ​បញ្ហា​បែប​នេះ ។

លោក​ថា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​លើក​ទី​១០​នេះ បើ​តាម​គម្រោង​នឹង​រៀបចំ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​១​ដល់ទី​១៩ តុលា ឆ្នាំ​២០២០ ដោយ​គ្រោង​ដាក់​១៤​ប្រភេទ​កីឡា​ឱ្យ​ប្រកួតប្រជែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ