២នាក់​​ប្តី​ប្រពន្ធ​ទទួលពីមិត្តភក្តិ រួចជួញដូរបន្ត អស់លក្ខណ៍ត្រឹមសមត្ថកិច្ច​


​ខេត្តបន្ទាយមានជ័យ ៖ ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ផ្ទាល់​ដោយ​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង​ទ​ទួ​ល​​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​ខែមិថុនា​ ឆ្នាំ​២០២០ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀនដោយ​​ខុស​ច្បាប់​ និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ​ព្រមទាំង​​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​នៅ​ចំណុច​ភូម​ិគាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រួច​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត តែង​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​ជំនាញ ក៏​ដូច​ជា​កម្លាំង​នគរបាល​ក្រុង ស្រុក ​និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវ​តែ​ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចំពោះ​បទល្មើស​គ្រឿងញៀន​​ឱ្យ​​ដូច​ជា​ភ្លៀងរលឹម ។

លោក​ស្នងការ​រង​បាន​បន្ត​ថា ជា​លទ្ធផល កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ធ្វើការ​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចាប់ ព្រមទាំង​​ឃាត់ខ្លួន​ជនសង្ស័យ​​​២​នាក់​ប្តី​ប្រពន្ធ ​ដោយ​បុរសជា​ប្តី​ឈ្មោះ​ឈិ​ន សំពៅ ​អាយុ​៥១​ឆ្នាំ និង​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ ទុ​យ សុភា អាយុ​៤៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោក​ស្នងការ​រង​បាន​បន្តទៀត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កា​ឈ​ឈូក មាន​អក្សរ wy ចំនួន​៣១​ថង់​ពណ៌​ខៀវ ស្មើ​៦.០០៥​គ្រាប់ ក្នុង​នោះ​ថ្នាំ​ញៀន​គ្រាប់​ពណ៌​បៃតង​ចំនួន​៦០​គ្រាប់ មាន​ទម្ងន់​៥៤០,៤៥​ក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​ថង់ មាន​ទម្ងន់​១៤៣,២២​ក្រាម រួម​ទាំង​សម្ភារៈ​​​ដូចជា ​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​,​ ធុង​ទឹកកក​ពណ៌​ក្រហម​ដែល​ជនសង្ស័យ​លាក់​ទុក​ថ្នាំ​ញៀន​ចំនួន​១,​ កាបូប​ក្រណាត់​១, បំពង់​កែវ​ចំនួន​១ និង​​សម្បក​​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

​លោកស្នងការ​រង​បាន​បន្ត​ថា​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ថ្នាំ​ញៀន​ទាំងនេះពួក​​ខ្លួន​បាន​ពី​មិត្ត​​ភក្តិ​​ រួច​​​យក​មក​លក់​បន្ត​នៅ​ក្នុង​ខេត្ត​ពិតប្រាកដ​មែន ។

​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង២​នាក់​ប្តី​ប្រពន្ធ និង​មាន​វត្ថុ​តាង​ជាក់ស្តែង លោក​វរសេនីយ៍ទោ​ង៉េ​ង សុ​ជា បាន​បញ្ជាក់​ថា​ ជន​​សង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង ត្រូវបាន​​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ