កាលពីលេខមុនលោកអ្នកបានជ្រាបខ្លះៗហើយពីជំងឺលើសជាតិអាស៊ីតអ៊ុយរិកក្នុងឈាមគឺជាជំងឺដែលបណ្ដាលមកពីការកើនលើសជាតិអាស៊ីតអ៊ុយរិកនៅក្នុងរាងកាយ ហើយជំងឺនេះកើតលើបុរសច្រើនជាងស្ត្រីដែលជាទូទៅចំពោះបុរសក្រោយពេញវ័យ និងកើតច្រើនបំផុតលើបុរសអាយុ៧៥ឆ្នាំ ចំណែកស្ត្រីឃើញកើតច្រើនក្រោយពេលអស់រដូវ ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ស៊ិក ធីរៈ ឯកទេសជំងឺសន្លាក់ និងវះកាត់ឆ្អឹងបាក់បែក នៃគ្លឺនិកឯកទេសឆ្អឹងសំណង់១២បានប្រាប់កោះសន្តិភាពឲ្យដឹងថា ក្រៅពីលក្ខណៈមិនប្រក្រតីរបស់មនុស្សពីកំណើតក៏មានកត្តាប្រឈមមុខផ្សេងទៀត ដែលបង្កឱ្យកើតមានជំងឺនេះផងដែរដូចជា ធាត់លើសទម្ងន់ សេពគ្រឿងស្រវឹង លើសឈាមនិងមុខងារតម្រងនោមខុសធម្មតា ។
ថ្នាំពេទ្យមួយចំនួនដូចជា ថ្នាំបញ្ចុះទឹកនោម ថ្នាំអាស្ពីរីន ថ្នាំពួកCyclosporine ថ្នាំរបេង និងបណ្តាថ្នាំមួយចំនួនទៀត ជួយបង្កើនអាស៊ីតអ៊ុយរិកក្នុងឈាម ដែលនឹងនាំទៅរកការកើតមានជំងឺអាស៊ីតអ៊ុយរិក ។
ការរលាកសន្លាក់ប្រភេទលើសជាតិអាស៊ីតអ៊ុយរិកនេះ ច្រើនកើតនៅនឹងសន្លាក់ធំក្រមែង ត្រង់មេជើង ប្រអប់ជើងឃើញឧស្សាហ៍កើតញឹកញាប់ជាងគេ ។ ក្រៅពីនេះក៏អាចកើតមាននៅតាមសន្លាក់មួយចំនួនទៀតដូចជា កជើង ជង្គង់ កដៃ ម្រាមដៃ និងកែងដៃជាដើម ។
ជំងឺអាស៊ីតអ៊ុយរិក បានស្តែងចេញតាមរយៈអាការមួយចំនួនដូចជា ឈឺសន្លាក់ដែលកើតមានភ្លាមៗ រួមជាមួយការទ្បើងក្រហម ហើម ក្តៅ និងតឹងនៅត្រង់សន្លាក់ដែលរលាក។ ការតឹងនិងឈឺនៅសន្លាក់នេះមានសភាពខ្លាំងសូម្បីដណ្ដប់ភួយប៉ះមិនបានផង ដែលដំណាក់កាលនេះអ្នកជំងឺមានសភាពក្តៅខ្លួនផងដែរ ។ ស្ថានភាពរលាកសន្លាក់ពោរពេញដោយការឈឺចាប់នេះ ជាទូទៅត្រូវបានធូរស្រាលវិញនៅប៉ុន្មានម៉ោងឬប៉ុន្មានថ្ងៃក្រោយ បើទោះជាគ្មានថ្នាំព្យាបាល ។
ចំពោះការព្យាបាលលោកអ្នកគួរតែរកការពិគ្រោះយោបល់និងព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់ចៀសវាងទុកយូរវិវឌ្ឍទៅជាកំពីកកំពកសន្លាក់ ឬគាំងសន្លាក់ ដែលជាបញ្ហាមួយពិបាកក្នុងការព្យាបាល ៕
ចែករំលែកព័តមាននេះ