វត្ថុកាមក្រី កិលេសកាមក្តីរមែងមានរសឆ្ងាញ់ ជាទីត្រេកអររីករាយនៃចិត្ត តែកាមនេះពិតមានពិសពុលពេកណាស់តែងញាំញីចិត្តសត្វឱ្យដល់នូវសេចក្តីទុក្ខដោយប្រការផ្សេងៗ ។
ដោយសារតែឃើញនូវទោសក្នុងកាមគុណទាំងឡាយ ឱ្យផលជាទុក្ខយ៉ាងនេះហើយ ទើបកុលបុត្រចេញចាកផ្ទះសម្បែងទៅបួសក្នុងព្រះពុទ្ធសាសនា ព្រោះយល់ថា ភាពជាសមណៈ មិនសូវខុសភ្លាត់ ជាភេទដ៏ប្រសើរលើសលប់ និងជាភេទមិនជាប់បំណុលអ្វីឡើយ ។
កុលបុត្របួសដោយសទ្ធា បានប្រតិបត្តិក្នុងសាសនានៃព្រះជិនស្រីដ៏តឹងរ៉ឹង បព្វជ្ជារបស់កុលបុត្រមិនមានទោស បរិភោគភោជនដែលមិនមានបំណុល ជាភេទដ៏ប្រសើរ ។
អ្នកបួសឃើញនូវកាមទាំងឡាយហាក់ដូចជាភ្លើងកំពុងតែឆេះសព្វប្រាណហើយ ឃើញនូវជាតរូប ហាក់ដូចជាគ្រឿងសស្ត្រាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំក្នុងនរកទាំងឡាយ ព្រោះតែឃើញនូវទោសនេះឯង ក៏បានដល់នូវសេចក្តីសំវេគក្នុងកាលនោះ ហើយស្វែងរកសេចក្តីសុខដោយការប្រតិបត្តិធម៌ដ៏ស្ងាមស្ងាត់ ។
កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃកិលេសជាគ្រឿងចងឆ្វាក់ចិត្តសត្វ អ្នកបួសបានកម្ចាត់អស់ហើយដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ