ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បិទ​បណ្តោះអាសន្ន និង​ប៉ះពាល់​បុគ្គ​លិក​​ជាង​៤​ម៉ឺន​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​អះអាង​ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ​បណ្ដោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​អះអាង​ថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២០ មាន​អាជីវកម្ម​ទេសចរណ៍​បិទទ្វារ​បណ្ដោះអាសន្ន ២៩៥៦​ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់ ៤៥,៤០៥​នាក់ បាន​ប៉ះពាល់​ដល់​ការងារ និង​បាត់បង់​ប្រាក់​ចំណូល បណ្តាល​មក​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើក​ឡើង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​អនុវត្ត​បទដ្ឋាន​គតិ​យុ​ត្ត​ដាក់​ឱ្យ​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ផែនការ​អនុវត្ត​បន្ត នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​។

លោក​រដ្ឋមន្ត្រី​ថ្លែ​ថា តាម​ការ​វាយតម្លៃ​ពី​អ្នកជំនាញ​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ វា​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លើ​ពិភពលោក​ថយ​៧​ឆ្នាំ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​នឹង​ថយ​៥​ឆ្នាំ​ផង​ដែរ​។ មាន​ន័យ​ថា បើ​មិន​មាន​កូ​វី​ដ​១៩​ទេ កម្ពុជា នៅ​ឆ្នាំ​២០២០​នេះ នឹង​ទទួលភ្ញៀវ​ទេសចរណ៍​ចំនួន​៧​លាន​នាក់ តែ​ចំនួន​នេះ​អាច​ទទួល​បាន​នៅ​ឆ្នាំ​២០២៥​ឯណោះ​។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បញ្ជាក់​ថា ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ក៏​ដោយ យើង​សង្កេត​ឃើញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន គិត​ចាប់ពី​ដើមខែ​ឧសភា​មក​។ បន្ថែម​លើ​នេះ ក្នុង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែមិថុនា​នេះ មាន​ភ្ញៀវ​ទេសចរ ជាង​៤៥​ម៉ឺន​នាក់​ចេញ​ដើរ​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​កំណើន​ប្រមាណ ៧.២៤% ធៀប​នឹង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែឧសភា កន្លង​មក​។

កត្តា​នេះ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ គិត​ចាប់ពី​ចុង​ខែមេសា​មក​ម្ល៉េះ​។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧៧៥,៧៥០​នាក់ ថយ​ចុះ ៤៦.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩​។

ជាមួយ​គ្នា​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ ដោយ​មិន​ឲ្យ​ជួបជុំ ការ​បិទ​អាជីវកម្ម ក្លឹ​ប​កំសាន្ត ខារ៉ាអូខេ​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ផង​ដែរ ។ ហើយ​បាន​បង្កើត​ក្រុមការងារ​ដើម្បី​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ ដោយ​បង្កើត​ទីតាំង​ចក្រ​តា​ឡី​សក្តិ​នៅ​តាម​បណ្ដាល​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា នៅ​ភ្នំពេញ​មាន​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​៣៦០​ទីតាំង ក្នុង​ចំណោម​មូលដ្ឋាន​អាជីវកម្ម​ចំនួន​១៩០០​ទីតាំង​ស្មើនឹង​១៨,៩​ភាគរយ បាន​បិទ​ដំណើរការ​អា​ជី​កម្ម​ទាំងនេះ​ជា​បណ្ដោះអាសន្ន ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង និង​ស្ថាប័ន​ជំនាញ តែ​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច និង​រក្សា​ការងារ​ធ្វើ រដ្ឋាភិបាល​បាន​លើក​ចិត្ត ការ​ធ្វើ​ទេសចរណ៍​នៅ​ក្នុងស្រុក និង​ការ​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​កម្មករ​និយោជក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​នេះ ជាមួយនឹង​ការ​គាំពារ​សង្គម​ផ្សេង​ទៀត ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ