ខេត្តតាកែវ ៖ ក្រុមពលរដ្ឋជិត២០គ្រួរសាររស់នៅលើដីចំណីផ្លូវក្បែរបឹងទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវកំពុងព្រួយបារម្ភពីការបាត់បង់លំនៅដ្ឋាន ព្រោះមានការស្តារប្រឡាយបុកចំទីតាំងដែលពួកគាត់កំពុងរស់នៅ។

ក្រុមពលរដ្ឋបាននាំគ្នានិយាយថា មកចាប់ទីតាំងរស់នៅលើដីចំណីផ្លូវខាងជើងបឹងទន្លាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ បាននិងកំពុងព្រួយបារម្ភពីការបាត់បង់លំនៅដ្ឋាននឹងគ្មានទីជម្រក ខណៈមានការស្តារប្រឡាយខាងលិចផ្លូវជាតិលេខ២ បុកចំកន្លែងដែលពួកគាត់កំពុងរស់នៅ។
លោកតា យន់ អាយុ៧៧ឆ្នាំ និងលោកយាយ គឹម សៅ អាយុ៧១ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ បានរៀបរាប់ថា ពួកគាត់ទាំង២នាក់តាយាយបានមករស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ហើយថ្មីៗនេះ ក៏ឃើញមានគ្រឿងចក្រមកកាយស្តារប្រឡាយក្បែរកន្លែងដែលគាត់កំពុងរស់នៅ។

គាត់បន្តថា គម្រោងស្តារបឹងទន្លាប់គាត់បានដឹង តែការស្តារប្រឡាយនៅក្នុងភូមិទួលស្វាយនេះ អាជ្ញារធរមិនបានជូនដំណឹងដល់ពលរដ្ឋនោះទេ ស្រាប់តែមានគ្រឿងចក្រគគ្រឹកគគ្រេងចូលមកកាយដីធ្វើឲ្យគាត់ភ្ញាក់ព្រើត នឹងព្រួយបារម្ភប៉ះពាល់លំនៅដ្ឋាន។
ដោយឡែក ពលរដ្ឋមួយគ្រួសារទៀតដែមានប្រពន្ធឈ្មោះ អ៊ី ឡាយ និង ប្តីឈ្មោះ កាន់ ចាន់ បានរៀបរាប់ដែរថា គួរណាអាជ្ញារធរប្រាប់ពួកគាត់ផង ព្រោះពួកគាត់ម្នាក់ៗរស់នៅទីនេះមិនតិចឆ្នាំនោះទេ ហើយប្រសិនបើការស្តារប្រឡាយបុកចំផ្ទះពួកគាត់ទាំងដែលមិនបានដឹងដំណឹងនោះ តើពួកគាត់រើបង្វិចទៅនៅទីណាភ្លាមៗនោះ។

លោក ស៊ុត ខុន អភិបាលស្រុគីរីវង់បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា ពលរដ្ឋដែលរស់នៅទីតាំងដែលមានការស្តារប្រឡាយនេះ គឺមានសំណងដើម្បីឲ្យពួកគាត់រើទីតាំងរស់នៅតាំងពីស្ថាបនាផ្លូវជាតិលេខ២មកម្ល៉េះ តែដោយពួកគាត់មកតាំងទីស្នាក់នៅ ដើម្បីធ្វើស្រែយូរៗទៅក៏ជាទម្លាប់ដូចជាភូមិករទៅ។
លោកអភិបាលស្រុកបញ្ជាក់ថា ប្រឡាយដែលស្តារនេះ ជាគម្រោងរបស់ឃុំ ហើយក្នុងនាមលោកជាអភិបាលស្រុកក៏មិនទុកពួកគាត់ចោលដែរ និងរកដំណោះអោយបានសមស្របគ្រប់ៗគ្នា។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ