ទំនិញគេច​ពន្ធ​ចេញ​ដំណើរ​រាល់យប់ ព្រោះ​ចាប់រួចព្រលែវិញ


ខេត្តព្រៃវែង ៖ ជា​រៀងរាល់ថ្ងៃនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ទឹកដី​នៃ​ខេត្តព្រៃវែង គេ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ ទាំង​តូច​ទាំង​ធំ​រាប់​សិប​គ្រឿង បាន​និងកំពុង​ធ្វើ​ចរាចរ​ណ៍​យ៉ាង​រលូន ​ពុំ​ឃើញ​មាន
ការ​​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ណា​ឡើយ ដោយ​រថយន្ត​ទាំងនោះ ខ្លះ​ដឹក​ទំនិញ​មក​ពី​ប្រទេស​វៀតណាម ឆ្លងកាត់​ខេត្តស្វាយរៀង​និង​ព្រៃវែង ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ និង​រថយន្ត​ខ្លះ​ទៀត ដឹក​ទំនិញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ប្រទេស​វៀតណាម​វិញ ​។

ទំនិញ​ទាំង​អស់នោះ ក្រៅពី​មន្ត្រី​ជំនាញ​គយ ​និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង និង​ក្រុម​គយ​ចល័ត​ដែល​ប្រចាំការ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នោះ គឺ​គ្មាន​នរណា​អាច​ដឹង​បាន​ថា ជា​ទំនិញ​អ្វី​នោះ​ទេ ព្រោះ​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ ពេល​ធ្វើ​ចរាចរ​ណ៍​គេ​បាន​គ្រប​ជិតឈឹង មិន​អាច​មើល​ដឹង​នោះ​ទេ​ ។ ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ខ្លះ​ៗ​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ដឹក​ទំនិញ​ទាំងអស់ ពេល​មក​ដល់​ស្នាក់​ការ​របស់​មន្ត្រី​គយ ដែល​មាន​២​ទីតាំង ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ គឺ​ត្រូវ​តែ​ឈប់​ចូល​ជួប​សំដែង​ការ​គួរសម ជាមួយ​បង​ៗ​ជា​មន្ត្រី​គយ​ទាំងអស់ គ្មាន​រថយន្ត​មួយ​ណា​ហ៊ាន​បើក​ហួស​នោះ​ទេ ដែល​ទីតាំង​ទី​១ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ជា​ស្នាក់​ការ​គយ​និង​រដ្ឋាករ​សាខា​ខេត្តព្រៃវែង និង​ទីតាំង​ទី​២​ស្ថិត​នៅ​ចំណុច​ទួល​រំ​ពាក់ ក្នុង​ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ជា​ស្នាក់​ការ​គយ​ចល័ត​ដែល​មាន​មេ​ធំ​ឈ្មោះ ផែន
ភឿ​ង​។

ប៉ុន្តែ​អ្វី​ដែល​គេ​កត់សំគាល់​ឃើញ​នោះ គឺ​អស់លោក​មន្ត្រី​គយ​ទាំង​២​ទីតាំង​នោះ ហាក់​ស្ងាត់ស្ងៀម និង​កម្រ​ឃើញ​ចេញ​ចាប់​រថយន្ត​ដឹក​ទំនិញ​ណាមួយ​ណាស់ គឺ​កន្លះ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទើប​គេ​ឃើញ​​ចេញ​ចាប់​រថយន្ត​ដឹក​ទំនិញ​ម្តង ហើយ​ពេល​ចាប់​នោះ​ក៏​គេ​មិន​ខ្ចី​រំខាន​សុំ​ការ​សហការ​ពី​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែនដី​ណា​ម្នាក់​ឡើយ គឺ​គេ​ចាប់​ស្ងាត់​ៗ​អូស​ចូល​កន្លែង​គេ ហើយ​លែង​ទៅ​វិញ​ក៏​ស្ងាត់​ៗ​ដែរ សង្ស័យដឹកទំនិញ​ខុសប្រក្រតីអត់​រត់ការ​មុន​ ទើបស្ទាក់មែន ​។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៧​មិថុនា​កន្លង​ទៅ ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ បាន​លួច​បង្ហើប​ប្រាប់​ថា កំលាំង​គយ​ចល័ត​នៅ​ចំណុច​ទួល​រំ​ពាក់ ផ្លូវជាតិ​លេខ​១ បាន​ចាប់​ឃាត់​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង​១​គ្រឿង ដែល​ដឹក​បារី​ពី​ភ្នំពេញ គោលដៅ​យក​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្ត​ស្វាយរៀង ដែល​ការ​ចាប់​ឃាត់​នេះ ដោយសារ​តែ​ឈ្មួញ​បាន​លួច​បង្កប់​បារី​៥៥៥ ដែល​ជា​បារី​គេចពន្ធ​នៅ​ពីក្រោម ហើយ​ក្រោយ​ពី​ចាប់​ឃាត់​បាន​រយៈពេល​២​ថ្ងៃ ទាំង​រថយន្ត​និង​បារី ក៏​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ ​​ដែល​គេ​ប្រាប់ថា ម្ចាស់​ទំនិញ​បាន​បង់​​ដោយ​ត​ថ្លៃនៅ​ត្រឹ​ម​ចំនួន​៣៥០០​ដុល្លារ ​។

ដោយឡែក មន្ត្រី​ប៉ូ​លិស​ចរាចរ​ណ៌​ដែល​ឈរជើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ​ដែរ បាន​ប្រាប់​អោយ​ដឹង​ថា ក្រុម​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ គឺ​មាន​ចរាចរ​ណ៍​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​ គឺ​គេ​ដឹក​ជញ្ជូន​នៅ​ពេល​យប់ ព្រោះ​ស្ងាត់​មិនសូវ​មាន​អ្នកដឹង ហើយ​ចង់​ដឹក​ទំនិញ​អ្វី​ក៏​បាន អោយ​តែ​ត្រូវ​គ្នា​ជាមួយ​គយ​នៅ​លើ​ផ្លូវ​នោះ​ហាម​កុំ​ដឹក​ពេល​ថ្ងៃ​ ។

ចំណែកឯ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែ​រស្នាក់​ការ​គយ​ទាំង​២​ខាងលើ​នោះ បាន​និយាយ​ប្រាប់​ថា រថយន្ត​ដឹក​ទំនិញ​ឃើញ​មាន​មក​រាល់ថ្ងៃ មាន​ទាំង​តូច​ទាំង​ធំ ប៉ុន្តែ​មិនដឹង​ថា​ទំនិញ​ទាំងនោះ​មាន​ពន្ធ ឬ​គេចពន្ធ​នោះ​ទេ ពួក​គាត់​គ្រាន់តែ​ដឹង​ថា រថយន្ត​ដឹក​ទំនិញ​ទាំង​អស់នោះ គ្មាន​មួយ​ណា​ហ៊ាន​បើក​ហួស ដោយ​មិន​ចូល​ជួប​សំដែង​ការ​គួរសម ជាមួយ​លោក​គយ​នោះ​ទេ ព្រោះ​បើ​បើក​ហួស​នោះ​ច្បាស់​ជា​លោក​គយ ចេញ​រថយន្ត​ដេញចាប់​ភ្លាម​មិន​ខាន ហើយ​បើ​គាត់​ចាប់​ហើយ ឈ្មួញ​ជា​ម្ចាស់​រថយន្ត​គឺ​ត្រូវ​អស់​លុយ​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​គ្មាន​រថយន្ត​មួយ​ណា​ហ៊ានថ្លើមធំ​បើក​ហួស​នោះ​ទេ ​។

ព័ត៌មាន​ពិស្តារ​មានផ្សាយ​ជូននៅលើកាសែតកោះសន្តិភាព ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ