ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួសជុល​ប្រាសាទ​ខ្លោងទ្វារ​បន្ទាយក្ដី មាន​អ្នកជំនាញ​ជា​ស្ត្រី

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទបន្ទាយក្ដី កំពុង​ទទួល​បានការ​ជួសជុល​ដោយ​អ្នកជំនាញ​ជា​ស្ដ្រី ហើយ​មាន​សភាព​ដូច​ប្រាសាទ​ដទៃ​ទៀត​ដែរ ប្រាសាទបន្ទាយក្ដី​រង​ការ​ខូចខាត​ដួល​រលំ និង​ទីតាំង​ខ្លះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទបន្ទាយក្ដី កំពុង​ទទួល​បានការ​ជួសជុល​ដោយ​អ្នកជំនាញ​ជា​ស្ដ្រី ហើយ​មាន​សភាព​ដូច​ប្រាសាទ​ដទៃ​ទៀត​ដែរ ប្រាសាទបន្ទាយក្ដី​រង​ការ​ខូចខាត​ដួល​រលំ និង​ទីតាំង​ខ្លះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​។ ថ្មី​ៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម​ការ​ជួសជុល​ខ្លោងទ្វារ​ខាងលិច​ប្រាសាទ​ដោយ​ក្រុម​អ្នកជំនាញ​ជា​ស្ដ្រី​។

បុរាណ​វិទូ អ្នកស្រី នេ​ត ស៊ី​មន នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដែល​កំពុង​បំពេញការងារ​នៅ​ការដ្ឋាន​ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​ឱ្យ​ដឹង​ថា ស្ថានភាព ជាក់ស្ដែង នៃ​ខ្លោងទ្វារ​នេះ​គឺ​ថ្ម​រំកិល​ចេញពី​ទីតាំង​ដើម រីឯ​ផ្នែក​ជញ្ជាំង​មាន​ភាព​រហែក​ពី​ខាងក្រោម ទៅ​លើ​។ អ្នកស្រី​ពន្យល់​ពី​ហានិភ័យ​នៅ​ការដ្ឋាន​នោះ​ទៀត​ថា សភាព​ថ្ម​នៅ​ផ្នែក​ខ្លះ​ស្ទើរ​របេះ​ធ្លាក់ ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ដល់​ទេសចរណ៍ និង​ទាមទារ​ឱ្យ​មានការ​ជួសជុល​ជា​បន្ទាន់​។

កញ្ញា ហាន សុច្ច​រី ស្ថាបត្យករ នៃ​គម្រោង​ជួសជុល​ខាងលើ​បាន​សិក្សា​លម្អិត​លើ​ស្ថានភាព​ថ្ម​ពុក​ផុយ​នៅ​ទី​នេះ​។ តាម​ការ​សិក្សា​របស់​ស្ថាបត្យករ​រូប​នេះ ការ​ដួល​រលំ​នៃ​ខ្លោងទ្វារ​នេះ​មាន​កត្តា​ច្រើន​ដូច​ជា អាយុកាល​នៃ​ថ្ម អាកាសធាតុ និង​ការ​បំផ្លាញ​ពី​ឫស​ឈើ​។ តាម​ការ​វាយតម្លៃ​ពី​អ្នកជំនាញ ខ្លោងទ្វារ​ខាងលិច​ប្រាសាទបន្ទាយក្ដី​ដែល​កំពុង​ស្ថិត​ក្នុង​គម្រោង​កំណាយ​ឆ្នាំ​ដំបូង មាន​ស្ថានភាព​ខូចខាត​ប្រហាក់ប្រហែល​៧០​ភាគរយ​។

រីឯ​វិស្វករ កញ្ញា ដ​យ ពេជ្រ​ជី​រ៉ា បាន​បង្ហើប​ពី​វិធីសាស្ដ្រ​ចំនួន​២​ដែល​ក្រុមការងារ​កំពុង​ពិចារណា និង​រង់ចាំ​ការ​សម្រេច​ពី​អ្នកជំនាញ ការ​ជាតិ​-​អន្តរជាតិ​។ វិធី​ទី​១-​គឺ​ការ​រើ​ថ្ម​ផ្នែក​ខ្លះ​ដែល​មាន​ហានិភ័យ​ខ្ពស់​រៀបចំ​តម្រៀប​ឡើង​វិញ ទី​២-​គឺ​ការ​រើ​ថ្ម​ចោល​ទាំងស្រុង​ដើម្បី​រៀបចំ​ឡើង​វិញ​។ ទាក់ទង​នឹង​ប្រវត្តិ​នៃ​ការ​ជួសជុល​វិញ បុរាណ​វិទូ​អ្នកស្រី នេ​ត ស៊ី​មន លើក​ឡើង​ថា ខ្លោងទ្វារ​ខាងលិច​នេះ​មិន​ធ្លាប់​ទទួល ការ​ជួសជុល​ទេ​កន្លង​មក តែ​ធ្លាប់​មានការ​ចុះ​សម្អាត និង​ទល់​ទ្រ​ដោយ​ប្រើ​ធ្នឹម​បេតុង នៅ​សម័យ​បារាំង​នា​ឆ្នាំ​១៩២០ ហើយ​ក្រោយមក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​និច្ចកាល​តែង​ថែទាំ ពង្រឹង​ទាល់​ទ្រ ដើម្បី​ការពារ​ហានិភ័យ​ផ្សេង​ៗ​។

ចំណុច​ហានិភ័យ​ដែល​មាន​សភាព​ថ្ម​រំកិល​ញែក ចេញពី​គ្នា និង​កន្លែង​ខ្លះ​របេះ​ធ្លាក់​ផង​នោះ ទើប​អ្នកជំនាញ​បង្កើន​សមត្ថភាព​ការងារ និង​រំពឹង​ថា​អាច​ផ្តើម​ជួសជុល​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​ការងារ​កំណាយ​សិក្សា​ស្រាវជ្រាវ បាន​បិទ​បញ្ចប់​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ