ខ្លាំង​បាត់! មន្ត្រីនគរបាល​ណែនាំកុំឱ្យ​រំខានអ្នកភូមិ ​បែរ​ជា​ផ្ទុះកំហឹង​​ចូលកាប់ដល់ក្នុងផ្ទះ​


ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​ម្នាក់ រង​របួស​ចំ​ក្បាល ថ្ងាស ចង្ការ និង​ដៃ ហូរ​ឈាម​ជោក​ខ្លួន ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ឃើញ​យុវជន​ម្នាក់​ផឹកស្រា​ស្រវឹង​ស្រែក​ឡូឡា​នៅ​ពេល​យប់ រំខានដល់អ្នកភូមិ លុះ​និយាយ​​ណែនាំ​ ​ស្រាប់តែ​យុវជន​​ម្នាក់​នោះ​ទាញ​កាំបិត​ប៉័ងតោ​ចូល​ទៅ​កាប់​ប្រហារ​ដល់​ក្នុងផ្ទះ រង​របួស​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ព័​ត៌មាន​បានឱ្យ​ដឹង​ថា ​ជនសង្ស័យឈ្មោះ អាត់ សុធា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ហិន វ៉ា​ន់​ណេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល រស់នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន រង​របួសធ្ងន់ ។

តាម​ប្រភពព័ត៌មាន​បាន​​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​បាន​ផឹកស្រា​ជួបជុំ​មិត្តភក្តិ​តាំងពី​ល្ងាច​រហូត​ដល់​ពេល​យប់ ​លុះ​ស្រវឹង​ជោកជាំ ហើយក៏​ជិះ​ម៉ូតូ​ស្រែក​ឡូឡា​ពេញ​ភូមិ ដោយ​ជិះ​ចុះ​ជិះ​ឡើង​ៗ រំខាន​ដល់​អ្នក​ដទៃ​រស់នៅ​ក្បែរ​ៗ​នោះ ។ ពេលនោះ​​ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ដែល​ឃើញ​សភាព​មិន​ស្រួល ក៏​បាន​ប្រដៅ​ណែនាំ​ភ្លាម​ៗ ដើម្បី​កុំឱ្យ​រំខាន​ដល់​អ្នក​ដទៃ​កំពុង​ដេក ស្រាប់តែ​ជនសង្ស័យខឹង​ក៏​​ចូល​ទៅ​ទាញ​យក​កាំបិត​បុ័ងតោ​ចំនួន​២​ដើម ចូល​កាប់​ប្រហារ​ជន​រង​គ្រោះ​ក្នុងផ្ទះ បណ្តាល​ឱ្យ​ចំ​ក្បាល ថ្ងាស ចង្ការ និង​ដៃ រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​ងរ​ង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ រីឯ​ជនសង្ស័យ ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ស្នាក់​ការ​ប្រជា​ការពារ​ភូមិ​ផ្សារ​ព្រំ​ជើង ដើម្បី​រៀបចំ​​សំណុំ​រឿង​បញ្ជូន​បន្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕​

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ