ខេត្តមណ្ឌលគិរី ៖ នៅពេលគេរំឮកពីខេត្តមណ្ឌលគិរី ប្រាកដណាស់ទឹកជ្រោះប៊ូស្រា គឺជារឿងទី១ ដែលគេនឹកឃើញដំបូង ដែលទឹកជ្រោះនេះមានភាពល្បីល្បាញជាខ្លាំង ប៉ុន្តែនៅពេលនេះក្រៅពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល កោះសន្តិភាពសូមនាំអារម្មណ៍ប្រិយមិត្តឲ្យស្គាល់មុខម្ហូប៣មុខប្រចាំខេត្តវិញម្តង នោះគឺមាន សម្លប្រូង ឬហៅថា សម្លបុកបំពង់ឬស្សី, សម្ល វិ និងជ្រូកកណ្តុរអាំង ។

សម្ល «បុក ឬប្រូង» របស់ជនជាតិដើមភាគតិច រស់នៅតំបន់ខ្ពង់រាបនាភាគឦសានជាម្ហូបអាហារដ៏ពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ ហើយមិនតែប៉ុណ្ណោះ វាកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកទេសចរខ្លាំងផងដែរ ។
បើតាមបុរសឈ្មោះផល្លា មានទីលំនៅក្នុងក្រុងសែនមនោរម្យ ឲ្យដឹងថា គាត់បានទៅរស់នៅខេត្តមណ្ឌលគិរី ជាង២០ឆ្នាំហើយ តាំងពីមិនទាន់មានផ្លូវធ្វើដំណើរស្រួលដូចសព្វថ្ងៃឡើយ ។ គាត់ចេះធ្វើម្ហូប «សម្លបុក ឬប្រូង» យ៉ាងស្ទាត់ជំនាញ ព្រោះមុខម្ហូបនេះសម្បូរទៅដោយវីតាមីន ដោយសារគេប្រើសុទ្ធសឹងបន្លែបេះពីព្រៃធម្មជាតិថ្មីៗតែម្តង ។

ចំណែកគ្រឿងផ្សំសម្រាប់សម្លបុក ឬប្រូង រួមមាន សាច់យាវគោ (សាច់ស្វិត ឬសាច់ប្រភេទងៀតក៏បាន) ប្រហុក ចុងផ្តៅ ស្លឹកម្ទេស ត្រប់ស្រួយ ស្លឹកខ្ចូញ ស្លឹកជន្លង់ ទំពាំង និងស្លឹករុក្ខជាតិបៃតងមួយចំនួនទៀត ។ អ្វីដែលគេមិនអាចអត់បាននោះ គឺបំពង់ឫស្សីព្រៃ ។ ឫស្សីព្រៃ ត្រូវរកឫស្សីដើមណាដែលមានសាច់វែង (ថ្នាំងវែង) ធំ ទើបអាចស្លបាន និងជួយបង្កើនរសជាតិទៀតផង ។
ចំពោះរបៀបនៃការស្ល គឺគេត្រូវបេះបន្លែទាំងនោះលាងទឹកឲ្យស្អាត ហាន់សាច់ជាបន្ទះតូចៗចិញ្ច្រាំប្រហុកឲ្យម៉ដ្ឋ លាយគ្រឿងស្ករស និងប៊ីចេងបន្តិចចូលគ្នាក្នុងឆ្នាំងតែមួយ រួចញាត់គ្រឿងផ្សំទាំងនោះចូលទៅក្នុងបំពង់ឫស្សីដែលគេត្រៀមទុក និងយកទៅដុតក្នុងភ្លើងប្រមាណជិត១ម៉ោងជាការស្រេច ហើយអាចញ៉ាំបាយហើយ ពិតជាឆ្ងាញ់ណាស់ ។

ហើយសម្ល «បុក ឬប្រូង» នេះ គេសង្កេតឃើញអ្នកទេសចរបរទេសចូលចិត្តឲ្យមគ្គុទេ្ទសទេសចរដែលនាំពួកគេដើរលេងកម្សាន្តក្នុងព្រៃ ស្លឲ្យហូបនៅតាមមាត់អូរក្នុងព្រៃ និងកន្លែងដែលសម្បូរបន្លែធម្មជាតិផងដែរ ។
ចំណែកសម្ល វិ គឺជាមុខម្ហូបមួយបែបមានវិធីចម្អិន ដូចទៅនឹងសម្លម្ជូរស្រែដែរ តែវាមានរសជាតិល្វីងៗ ហើយពណ៌សម្បុររបស់វា គឺមានទឹកខ្មៅវិតែម្តង។ ចំពោះគ្រឿងផ្សំម្ហូបនេះរួមមាន សាច់គោ ឬសាច់លាយឆ្អឹង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមស ប្រហុក អំពិលទុំ គ្រឿងទេសអំបិលប៊ីចេង ហើយរបស់ដែលគេមិនអាចចោល ឬភ្លេចបាននោះ គឺគ្រឿងក្នុងគោ ជាពិសេសពោះខ្ចី យកទាំងអស់មិនត្រូវចោលឡើយ។

របៀបស្ល ចុងភៅត្រូវលីងគ្រឿងបញ្ជូលគ្នាឲ្យឡើងឈ្ងុយ រួចដាក់សាច់រំងាស់ឲ្យដាច់ទឹកព្រៃ សឹមដាក់ទឹកបន្ថែម រួចដាក់គ្រឿងក្នុងគោចូលទៅរំងាស់ឲ្យផុយសាច់ ជាការស្រេច។
មុខម្ហូបទាំងពីរខាងលើនេះ សម្រាប់អ្នកខេត្តមណ្ឌលគិរី ពិតជានិយមធ្វើទទួលទានក្នុងក្រុមគ្រួសារខ្លាំងណាស់ ហើយក៏មានអ្នកទេសចរដែលទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែសាកល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាដែរ។

សម្រាប់មុខម្ហូបជ្រូកកណ្តុរអាំងនេះ គឺងាយស្រួលចម្អិនជាងគេបំផុត គ្មានគ្រឿងផ្សំអ្វីជាចាំបាច់ឡើយ ពោលគឺធ្វើទៅតាមចំណូលចិត្តរបស់អ្នកទទួលទាន ព្រោះសាច់ជ្រូកនេះ វាមានរសជាតិឆ្ងាញ់ស្រាប់តាមបែបធម្មជាតិ។ ដោយគេអាចជ្រើសរើសជ្រូកកណ្តុរធំ ឬតូច តម្រូវទៅតាមចំនួនសមាជិកអ្នកបរិភោគ ហើយបើចង់ឲ្យមុខម្ហូបនេះកាន់តែមានរសជាតិនោះ គឹអាចបន្ថែមបន្លែ ជី គ្រប់មុខ ជាមួយទឹកជ្រលក់ ទឹកត្រីកោះកុង ឬទឹកតៅហ៊ូជាដើម៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ