ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​ពិភពលោក​4​ជំនាន់​អ្នកស្រី​កែ ឡេ​ង មិន​ទាន់​ដាច់​ចិត្ត​ពី​កីឡា​​ប៉េតង់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វីរ​កីឡាការិនី​ប៉េតង់កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ ទោះបី​ប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់​ដោយ​អះអាង​ថា​ដោយសារ​បញ្ហា​សុខភាព​ក៏​ដោយ​ក៏​អ្នកស្រី​នៅ​មិន​ទាន់​អស់​អាល័យ​ពី​កីឡា​ប៉េតង់​នៅឡើយ ។ ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​មាន​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ទោ​ក៏​ពិតមែន ក៏​អ្នកស្រី​នៅ​បន្ត​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា​ប៉េតង់​ដដែល តែ​មិនមែន​បន្ត​នៅ​ក្នុង​ថា​នៈ​ជា​កីឡាការិនី​នោះ​ទេ​គឺ​បន្ត​នៅ​ក្នុង​ថា​នៈ​ជា​គ្រូបង្វឹក​ក្រុម​យុវជន…

រាជធានី​ភ្នំពេញ ៖ វីរ​កីឡាការិនី​ប៉េតង់កែ ឡេ​ង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ ទោះបី​ប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់​ដោយ​អះអាង​ថា​ដោយសារ​បញ្ហា​សុខភាព​ក៏​ដោយ​ក៏​អ្នកស្រី​នៅ​មិន​ទាន់​អស់​អាល័យ​ពី​កីឡា​ប៉េតង់​នៅឡើយ ។

ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​មាន​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ទោ​ក៏​ពិតមែន ក៏​អ្នកស្រី​នៅ​បន្ត​ភ្ជាប់​ខ្លួន​ជាមួយ​កីឡា​ប៉េតង់​ដដែល តែ​មិនមែន​បន្ត​នៅ​ក្នុង​ថា​នៈ​ជា​កីឡាការិនី​នោះ​ទេ​គឺ​បន្ត​នៅ​ក្នុង​ថា​នៈ​ជា​គ្រូបង្វឹក​ក្រុម​យុវជន ។ នរណា​ក៏​មាន​ជំនឿ​ចិត្ត​ដែរ​ថា ក្នុង​ថា​នៈ​ជា​គ្រូបង្វឹក អ្នកស្រី​កែ ឡេ​ង​នឹង​ប្រមូល​នូវ​បទ​ពិសោធន៍​ទាំងអស់​ដែល​អ្នកស្រី​មាន​យក​មក​ផ្ទេរ​ដល់​អ្នក​ជំនាន់​ក្រោយ​ដោយ​មិន​លាក់លៀម​ឡើយ ។

អ្នកស្រី​កែ ឡេ​ង បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បញ្ចប់​អាជីព​ជា​កីឡាការិនី​នោះ​ថា គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់​អ្នកស្រី​ផ្ទាល់​ចុះ​ខ្សោយ​មិន​អាច​បន្ត​ស៊ូទ្រាំ​នឹង​ការ​ហ្វឹកហាត់ ដើម្បី
ត្រៀម​ការ​ប្រកួត​តទៅ​មុខ​ទៀត​បាន ។ អ្នកស្រី​បន្ត​ថា ក្មេង​ៗ​ជំនាន់​ក្រោយ​នឹង​មាន​អ្នក​ពូកែ​ជាង​អ្នកស្រី​ទៀត​ក៏​ថា​បាន​ដែរ ។

ស្ថិត​នៅ​ក្នុង​វ័យ​៥៧​ឆ្នាំ អ្នកស្រី កែ ឡេ​ង បាន​អះអាង​ថា បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ពុំ​អាច​បន្ត​ការ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ​មេដាយមាស ដូច​កាលពីមុន​ៗ​ទៀត​ឡើយ ពីព្រោះ​ការ​ត្រៀម​ចូលរួម​ប្រកួត​ម្តង​ៗ ត្រូវ​តែ​មានការ​ហ្វឹកហាត់​ច្រើន​ម៉ោង​ក្នុង​១​ថ្ងៃ​ៗ ។ ម្យ៉ាងទៀត​លោកស្រី​ក៏​ជាប់រវល់​ច្រើន​នៅ​អង្គភាព​របស់​ខ្លួន​ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុង​ឋានៈ​ជា​មន្ត្រី​យោធា​ផ្កាយ​ពីរ​។

កន្លង​មក វីរ​កីឡាការិនី​ប៉េតង់​កម្ពុជា អ្នកស្រី កែ ឡេ​ង ដែល​លេចធ្លោ​ខ្លាំង​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​តែងតែ​ប្រាប់​ថា ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ម្តង​ៗ​អ្នកស្រី​សម្លឹង​មើល​គោលដៅ (​ប៊ី​) ដើម្បី​វាយ​ឲ្យ​ចំ ហើយ​អ្នកស្រី​តែងតែ​ទទួល​បានការ​កោតសរសើរ​ពី​មហាជន​ថា​ម្ចាស់​មេដាយមាស​៤​ជំនាន់​ជាប់​ៗ​គ្នា​របស់​ពិភពលោក​រូប​នេះ​វាយ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​បំផុត​ដោយ​មិន​ទាន់​មាន​កីឡាការិនី​អន្តរជាតិ​ណា​ម្នាក់​បំបែក​កំណត់​ត្រា​គ្រប់គ្រង​ម្ចាស់​មេដាយមាស​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​រហូត​ដល់​៤​សម័យកាល​ជាប់​ៗ​គ្នា​បែប​នេះ​ឡើយ ។ អ្នកស្រី​បន្ថែម​ថា មក​ដល់​ពេល​នេះ អ្នកស្រី​មិន​ទាន់​សម្លឹង​ឃើញ​មាន​កីឡាការិនី​ប៊ូល​និង​ប៉េតង់​កម្ពុជា​ណា​ម្នាក់​អាច​ស្នង​តំណែង​របស់​អ្នកស្រី​បាន​នៅឡើយ​ទេ​។

សូម​រម្លឹក​ថា វីរ​កីឡាការិនី​កែ ឡេ​ង បានឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់​ៗ​គ្នា​ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូត​ដល់​ឆ្នាំ​២០១៩ ដែល​ភាព​ល្បីល្បាញ​នេះ បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​កីឡា​ប៉េតង់​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ហើយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​បាន​ផ្តល់​សិទ្ធិ​ឲ្យកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ​២០១៩ កីឡាការិនី​ជម្រើសជាតិ កែ ឡេ​ង បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ដែល​ជា​មេដាយមាស​ពិភពលោក​ជំនាន់​ទី​៤​ចុង​ក្រោយបង្អស់​របស់​អ្នកស្រី ។ ក្រៅពី​ការ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក អ្នកស្រី​កែ ឡេ​ង ក៏​ធ្លាប់​ឈ្នះ​មេដាយ​ស៊ី​ហ្គេ​ម និង​ការ​ប្រកួត​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ