ខេត្តតាកែវ ៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅសិក្សាស្រាវជ្រាវដល់ទីតាំងប្រវត្តិសាស្ត្រ«អង្គរបុរី ដែនដីនៃអតីតរាជធានីខ្មែរសម័យមុនអង្គរ (រាជធានីវ្យាធបុរៈ)» ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មាន ព្រមទាំងទិន្នន័យ ថ្មីៗបន្ថែមទៀត សម្រាប់ចងក្រងឯកសារប្រវត្តិអតីតរាជធានី និងទីក្រុងបុរាណនៃអាចក្រខ្មែរ ។ ទីតាំងនេះស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ។
លោកបណ្ឌិតជូ ច័ន្ទដារី និងក្រុមការងារ មានលោកសាន សុរាវនិត លោកហៀង លាងហុង លោកបណ្ឌិតហេង ហុកវេន លោក សុង ចំណាន និងលោកហូត រ៉ា បំពេញបេសកកម្មរយៈពេល៤ថ្ងៃ ពីថ្ងៃទី៥ដល់ថ្ងៃទី៨ មិថុនា ២០២០ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យបន្ថែមលើការស្រាវជ្រាវជាតិ និងអន្តរជាតិ បានធ្វើតាំងពីមុនសម័យសង្គ្រាម ឆ្នាំ១៩៧០ និងការចាប់ផ្ដើមស្រាវជ្រាវឡើងវិញនៅឆ្នាំ១៩៩៥ សម្រាប់រៀបចំ និងចងក្រងឯកសារប្រវត្តិសាស្ត្រខ្មែរ មួយស្ដីពី«ប្រវត្តិអតីតរាជធានី និងទីក្រុងបុរាណនៃអាណាចក្រខ្មែរ» ។
នេះបើតាមប្រភពពីរាជបណ្ឌិត្យសភាកម្ពុជាហើយឲ្យដឹងទៀតថា ក្នុងរយៈពេលនៃការសិក្សាស្រាវជ្រាវដល់ទីកន្លែងនេះ ក្រុមស្រាវជ្រាវបានបំពេញការងារដូចខាងក្រោម៖
សកម្មភាពទី១ គឺការប្រមូលទិន្នន័យ និងព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ។ លោកបណ្ឌិតជូ ច័ន្ទដារី បានដឹកនាំក្រុមស្រាវជ្រាវជួបជាមួយលោកជេត ពិសុដ្ឋ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដើម្បីជជែកពិភាក្សា ស្វែងរកព័ត៌មាន និងទិន្នន័យ ផ្សេងៗ អំពីកិច្ចការងារស្រាវជ្រាវ និងការអភិរក្សរមណីយដ្ឋានបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នានានៅក្នុងទឹកដីខេត្តតាកែវ ។ ការសិក្សាឈ្វេងយល់ពីបុរាណវត្ថុសិល្បៈតាំងនៅក្នុងសារមន្ទីរខេត្តតាកែវ ។
សកម្មភាពទី២ បានសិក្សាពិនិត្យនៅទីតាំងធ្វើកំណាយស្ថានីយបុរាណវិទ្យាវត្តគំនូរ ។ ស្ថានីយវត្តគំនូរបានធ្វើកំណាយក្នុងឆ្នាំ១៩៩៩រកឃើញនូវវត្ថុសិល្បៈជាច្រើន ហើយបច្ចុប្បន្នវត្ថុសិល្បៈដែលរកឃើញទាំងនោះបានរក្សាទុក និងដាក់តាំងនៅសារមន្ទីរអង្គរបុរី ។
សកម្មភាពទី៣ ក្រុមស្រាវជ្រាវបានសិក្សាពិនិត្យកំពែងក្រុងបុរាណ អង្គរបុរី ។
សកម្មភាពទី៤ បានសិក្សានៅប្រាសាទភ្នំដា និងប្រាសាទអាស្រមមហាឥសី ។
បើតាមឯកសារមួយបរិយាយថា«វ្យាធរបុរៈ» អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ ។
«អង្គរបុរី» ត្រូវអ្នកបុរាណវិទូជាច្រើនអះអាងថា ឈ្មោះ«វ្យាធបុរៈ» ឬក៏«វ្យាធបុរី» ជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ គេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាលអាណាចក្រហ្វ៊ូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដោយអ្នកស្រាវជ្រាវរកឃើញតឹងតាងជាច្រើននៅតាមស្ថានីយ សំខាន់ៗបី នៃអាណាចក្រនេះ គឺស្ថានីយអូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយបាភ្នំ ក្នុងខេត្តព្រៃវែង និងស្ថានីយអង្គរបុរីក្នុងខេត្តតាកែវ ។
«វ្យាធបុរៈ» ទីក្រុងបុរាណមួយនេះ អ្នកស្រាវជ្រាវរុករកឃើញស្លាកស្នាមជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ ដែលមានប្រវែងជិត៦គីឡូម៉ែត្រ ។ ហើយពេល ថ្មីៗកន្លងមកនៅស្រុកអង្គរបុរី គេបានប្រទះឃើញវត្ថុបុរាណ ដូចជា អង្កាំធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា «អង្គរបុរី»មានអាយុកាលតាំងពីមុនគ្រឹស្តសករាជមកម្ល៉េះ ។
តាមរយៈការស្រាវជ្រាវទាំងអស់នោះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីសតវត្សរ៍ទី១នៃគ្រឹស្តសករាជទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់ គឺប្រាសាទអាស្រមមហាប្ញស្សី ឬអាស្រមមហាឥសី និងប្រាសាទភ្នំដា ៕
ចែករំលែកព័តមាននេះ