ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ ៖ របរ​ចិញ្ចឹម​ចៀម​យកសា​ច់រក​ចំណូល​បាន​ច្រើន​ជាង​ចិញ្ចឹម​គោ និង​ជ្រូក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ របរ​ចិញ្ចឹម​ចៀម​យក​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ដាប់​មើលទៅ​វា​ហាក់ដូចជា​ប្លែក និង​កម្ររ​មាន​ដោយសារ​តែ​សត្វ​ចៀម​ភាគច្រើន​គេ​ចិញ្ចឹម​វា​នៅ​ប្រទេស​ត្រជាក់ ក៏​ប៉ុន្តែ​សម្រាប់​សត្វ​នេះ​ក៏​មាន​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម ព្រមទាំង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ការ​ចិញ្ចឹម​គោ និង​ជ្រូក​ផង​ដែរ ហើយ​ចៀម​ក៏​ជា​សត្វ​ដែល​ធន់​នឹង​ជំងឺ និង​អាកាសធាតុ​ជាង​សត្វ​ដទៃ​ទៀត…

រាជធានី​ភ្នំពេញ ៖ របរ​ចិញ្ចឹម​ចៀម​យក​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ដាប់​មើលទៅ​វា​ហាក់ដូចជា​ប្លែក និង​កម្ររ​មាន​ដោយសារ​តែ​សត្វ​ចៀម​ភាគច្រើន​គេ​ចិញ្ចឹម​វា​នៅ​ប្រទេស​ត្រជាក់ ក៏​ប៉ុន្តែ​សម្រាប់​សត្វ​នេះ​ក៏​មាន​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម ព្រមទាំង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​ការ​ចិញ្ចឹម​គោ និង​ជ្រូក​ផង​ដែរ ហើយ​ចៀម​ក៏​ជា​សត្វ​ដែល​ធន់​នឹង​ជំងឺ និង​អាកាសធាតុ​ជាង​សត្វ​ដទៃ​ទៀត ។

បើ​តាម​លោក ប៊ុ​ន ចាន់​វី​រៈ កសិករ​ចិញ្ចឹម​ចៀម​មួយ​រូប​នៅ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា លោក​បាន​ចាប់​របរ​ចិញ្ចឹម​ចៀម​នេះ​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ និង​បានឃើញ​ថា ការ​ចិញ្ចឹម​ចៀម​យក​សាច់​នៅ​កម្ពុជា​ឃើញ​ថា ទទួល​បាន​ផល​គួរ​ជាទី​ពេញចិត្ត និង​ចំណេញ​ជាង​ការ​ចិញ្ចឹម​គោ​យក​សត្វ ដោយសារ​តែ​សត្វ​ចៀម​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​អាច​ទទួលផល​បាន​ហើយ និង​មាន​តម្លៃ​ថ្លៃ​ជាង​សត្វ​គោ និង​សត្វ​ជ្រូក ជាក់ស្ដែង​សត្វ​ចៀម​រស់​មួយ​គីឡូក្រាម​អាច​លក់​បាន​ក្នុង​តម្លៃ​៧​ដុល្លារ ។

លោក​បន្ត​ថា ដើមទុន​ក្នុង​ការ​ចិញ្ចឹមសត្វ​ចៀម​យក​សត្វ គឺ​មានការ​ចំណាយ​តិច​ជាង​សត្វ​គោ ហើយ​ក្នុង​រយៈពេល​២​ឆ្នាំ សត្វ​ចៀម​អាច​បង្កើតកូន​បាន​ពីរ​ដង ហើយ​សម្រាប់​កូន​ចៀម​មួយ​ៗ រយៈ​តែ​៦​ទៅ​៨​ខែ វា​អាច​អោយ​ផល​បាន​ប្រមាណ​ពី​២៥​ទៅ​៣០​គីឡូក្រាម សម្រាប់​សត្វ​ចៀម​ឈ្មោល និង​អាច​លក់​ចេញ​បាន​ហើយ​ក្នុង​ទំងន់​ប៉ុណ្ណោះ ដូច្នេះ​សត្វ​ចៀម​មួយ​ក្បាល​នេះ អាច​លក់​បាន​ក្នុង​តម្លៃ​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ក្បាល ។

ចំពោះ​សត្វ​ចៀម​ញី​វិញ​តាំងពី​កើតមក​រហូត​ដល់​អាយុ​៧ ទៅ​៨​ខែ វា​រក​ឈ្មោះ​នឹង​ប្រើ​ពេល​៥​ខែ វា​នឹង​កើតកូន​មួយទៀត ដូច្នេះ​សត្វ​ចៀម​ញី​តាំងពី​កើតមក​ដល់​អាយុ​១​ឆ្នាំ វា​នឹង​អោយ​កូន​ចៀម​បាន​មួយ​ក្បាល​ទៀត ។​លោក​ថា​៖«​តាំងពី​លោក​ចាប់ផ្ដើម​ចិញ្ចឹម​ចៀម​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ លោក​មិន​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ទៅ​ចៀម​ទេ តែ​វា​ក៏​មិន​ដែល​ឈឺ​ថ្កាត់​ឬ​ងាប់​ដែរ ដូច្នេះ​ទើប​យើង​សន្និដ្ឋាន​បាន​ថា​វា​ជា​សត្វ​ដែល​ធន់​នឹង​ជំងឺ និង​អាកាសធាតុ​ផង​ដែរ » ។ លោក​បន្ថែម​ថា សត្វ​ចៀម​ដែល​លោក​ចិញ្ចឹម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​វា​ស៊ី​ស្មៅ​ជា​អាហារ ហើយ​ក៏​មិន​បាន​បន្ថែម​អាហារ​អ្វី​ដល់​ចៀម​នេះ​ដែរ ។​ម្យ៉ាងទៀត​ដោយសារ​តែ​លោក​ជា​អ្នកចំការ​និង​មាន​ចំការ​ដូង​ផង​ដែរ​នោះ សត្វ​ចៀម​ក៏​ជា​កម្មករ​ជំ​រះ​ស្មៅ​ដូង​ដ៏​ល្អ​ផង​ដែរ ព្រមទាំង​ដាក់​ជី​ដល់​ដំណាំ​ដូង​និង​ដំណាំ​ផ្សេង​ទៀត​ផង​ដែរ ។

កសិករ អាច​សាកល្បង​ក្នុង​ការ​ចិញ្ចឹម​ចៀម​នៅ​ក្នុង​ចំការ​ដំណាំ​បាន ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ពី​ភោគផល​ដំណាំ ទាំងនោះ ព្រោះថា​ចៀម​វា​មិន​ចេះ​ស៊ី​ដំណាំ​ផ្សេង​នោះ​ក្រៅពី​ស្មៅ​ឡើយ ។ លោក​បន្ថែម​ទៀត​ថា សម្រាប់​ទីផ្សារ​សាច់​ចៀម​នា​ពេល​បច្ចុប្បន្ន គឺ​មាន​តម្រូវការ​ខ្លាំង​ណាស់ ហើយ​លោក​មិន​អាច​ផ្គត់ផ្គង់​សាច់​ចៀម​ទៅ​កាន់​ទីផ្សារ​បាន​ឡើយ ដោយ​បច្ចុប្បន្ន​នេះ លោក​ត្រៀម​សត្វ​ចៀម​សម្រាប់​តែ​អ្នក​ចង់​ចិញ្ចឹម​តែ​ប៉ុណ្ណោះ តែ​ក៏​ផ្គត់ផ្គង់​ទៅ​មិត្តភក្ដិ​ស្គាល់គ្នា​ចង់​ញ៉ាំ​សាច់​ចៀម​នៅ​ពេល​បុណ្យ​ទាន​ម្ដង​ៗ​ដូច​ជា​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម សម្រាប់​ដុត​ញ៉ាំ​ជុំ​គ្នា ។

លោក​ថា​៖« មាន​ម្ចាស់​ហាង​នៅ​ភ្នំពេញ​ជា​ច្រើន បាន​ទាក់ទង​ដើម្បី​អោយ​ផ្ដល់​សាច់​ចៀម​អោយ​ពួក​គេ​មួយ​ថ្ងៃមួយ​ក្បាល តែ​យើង​មិន​ទទួលយក​សំណើរ​នោះ​ទេ ព្រោះ​មិន​មាន​សាច់​ចៀម​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ជូន ជាក់ស្ដែង​បើសិនជា​ហាង​១០​កន្លែង​សុំ​មួយ​ថ្ងៃមួយ​ក្បាល យើង​ត្រូវការ​ចិញ្ចឹម​ចៀម​អោយ​បាន​៤០០​ក្បាល​ឯណោះ »​។

យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជំរុញ​អោយ​កសិករ​ងាក​មក​ផលិត​នូវ​អ្វី​ដែល​អាច​ធ្វើ​បាន​ដូច​ជា​ការ​ដាំ​បន្លែ ចិញ្ចឹមសត្វ​ជាដើម​ដើម្បី​ផ្គត់ផ្គង់​ដល់​សណ្ឋាគារ ភោជនីយដ្ឋាន ដោយ​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ពី​ប្រទេស​ខាងក្រៅ ហើយ​ជំរុញ​ការ​នាំ​ចេញ​នឹង​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ