រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រតិកម្មចំពោះអ្នករិះគន់ការធ្វើស្នាក់ការគណបក្សប្រជាជនកម្ពុជាថា មិនបានយកលុយពីណាទេ គឺបានមកពី សមាជិកសមាជិកគណបក្ស ។
សម្តេចបញ្ជាក់ថា «ខ្ញុំសូមប្រាប់ថា អ្នកឯងចង់ថា ម៉េចថាទៅ ថ្ងៃទី២៨ មិថុនានេះ គណបក្សប្រជាជនកម្ពុជានឹងធ្វើពិធីសូត្រមន្តចូលឡើងអគារហើយចូលនៅអគារហើយ ។ កុំអីយកថ្ងៃសុក្រ យើងនិយាយតាមជើងលេខ ប៉ុន្តែជាប់រវល់ ។ តែថ្ងៃ២៨ គឺចង់ថ្ងៃខួបគណបក្សប្រជាជនកម្ពុជា ហើយចំថ្ងៃសីលផងដែរ» ។
សម្តេចបញ្ជាក់ចំពោះការលើកឡើងថា បានលុយពីណាធ្វើស្នាក់ការគណបក្សយ៉ាងដូច្នេះថា ៖«ខ្ញុំឆ្លើយទៅអ្នកឯងវិញថា លុយបានមកពីសមាជិកសមាជិការគណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់មានទាំងកម្ពុជា ពាណិជ្ជករ កម្មករ កសិករ និងសេដ្ឋី កូនសេដ្ឋី អីញ្ចឹងមានអ្វីពិបាកត្រឹមលុយជាង៣០លានដុល្លារសម្រាប់សាងសង់អគារដែលបក្សកាន់អំណាចនោះ» ។
សម្តេចចំអកទៅកាន់អតីតគណបក្សប្រឆាំងថា ៖«អ្នកឯងចង់ធ្វើអ្វីមួយដើររៃលុយថា ធ្វើនេះធ្វើនោះពីសមាជិករបស់អ្នកជារឿងរបស់អ្នកឯង ស្អីដោយបង្កើតម៉ោងទី១ ម៉ោងទី២ ។ អ្នកខ្លះចលនាគ្នាបង្កើតទូរទស្សន៍ ប៉ុន្តែមិនចេញទៅចេញព្រះអាទិត្យ ឬព្រះច័ន្ទទៅវិញហើយបាត់លុយគេមិនទៅណាមិនដឹងទេ» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ចំពោះថវិកាសប្បុរសជនជួយសាងសង់មន្ទីរពេទ្យកាល់ម៉ែត្រមានថវិកាជាង១០០លាន ដោយមានថវិការដ្ឋ៣០លានដុល្លារ និងថវិកាសប្បុរសជនជាង៧០លានដុល្លារ ដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យនេះ ។ នេះជាការរួម ចំណែកដែលគេហៅថា សិល្បៈនៃការចែករំលែកគ្នា ។ ជាក់ស្តែងក្នុងសម័យកូវីដ១៩ មិនមានប្រជាពលរដ្ឋណាមួយស្លាប់ដោយសារដាច់បាយនោះទេ ៕
ចែករំលែកព័តមាននេះ