រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបារាំងនៅកម្ពុជា បានធ្វើការបង្ហាញ និងបើកការតាំងពិព័រណ៍រូបថត ដែលជាស្នាដៃសិល្បៈ របស់និស្សិតនៃស្ទូឌីយោរូបភាព (Studio Image) ទាំង ១២ នាក់ ក្រោមចំណងជើងថា «ឆ្លងកាត់» កាលពីថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២០។
ស្នាដៃទាំងនោះ ត្រូវបានដឹកនាំដោយអ្នកស្រី ម៉ារី ឡឺម៉ុយនីញ៉េ ក្នុងខណៈពេលដែលលោកស្រី ស្នាក់នៅក្នុងទីក្រុងភ្នំពេញ បានប្រាប់សារព័ត៌មានកោះសន្តិភាពនៅថ្ងៃទី១៨ ខែ មិថុនា ថា សម្រាប់អ្នកស្រីផ្ទាល់ នេះជាលើកទី២ ហើយដែលអ្នកស្រីបានមកទស្សនាកម្ពុជា ដោយលើកទីមួយ អ្នកស្រីបានមកទស្សនាកម្ពុជាក្នុងនាមជាអ្នកទេសចរណ៍ កាលពី ខែឧសភា ឆ្នាំ២០១៨។
ក្នុងពេលដែលអ្នកស្រីស្នាក់នៅក្នុងប្រទេសកម្ពុជា ជាង ១ខែ កន្លះមក អ្នកស្រីមានការចាប់អារម្មរណ៍ជាខ្លាំង ពីប្រទេសកម្ពុជា រួមមានសម្រស់ វប្បធម៌ ជាពិសេសគឺភាពរួសរាយ ស្វាគមន៍នៃប្រជាជនខ្មែរ។ ភ្លាមនោះ អ្នកស្រីក៏គិតរួចជាស្រេចថា អ្នកស្រីនឹងត្រឡប់មកកាន់កម្ពុជាជាលើកទី២ ជាមួយនឹងគម្រោងច្បាស់លាស់មួយមកដែរ។
អ្នកស្រី បាននិយាយថា «ខ្ញុំមានបទពិសោធន៍បង្រៀន ១៥ឆ្នាំហើយ នៅអឺរ៉ុប ដែលជាការងារជាក្រុមៗ ជាមួយយុវជនក្មេងៗដែលមានបំណងចង់រៀនពីជំនាញថតរូប។ ការធ្វើការជាមួយយុវជនក្មេងៗនេះ ជួយឲ្យពួកគាត់រៀន និងផ្លាស់ប្តូរបានច្រើនពីគំនិតសិល្បៈ និងការយល់ឃើញថ្មីនៃយុវជនសម័យថ្មី»។
ដូចនេះលើកទី២ នៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងខែមករា ឆ្នាំ២០២០នេះ អ្នកស្រីបានបង្រៀនជាមួយក្រុមអ្នកថតរូបកម្ពុជាវ័យក្មេង គិតចាប់ពីខែកុម្ភៈមក រហូតដល់ថ្ងៃតាំងពិព័រណ៍រូបថត។ អស់រយៈពេល ៥ ខែបន្ទាប់ពីការធ្វើការងារជាមួយនិស្សិតកម្ពុជារួចមក លោកស្រីមានការសប្បាយរីករាយយ៉ាងខ្លាំងព្រោះ យុវជនយើងប្រកបដោយច្ឆន្ទៈខ្ពស់ក្នុងការងារ មានភាពស្វាហាប់ និងមានរភាពសហការជួយគ្នា រហូតធ្វើឲ្យមាននូវពិព័រណ៍រូបថតមួយ អាចសម្រេចទៅបានដោយជោគជ័យ លើសពីអ្វីដែលគាត់រំពឹងទុក។
អ្នកស្រី ម៉ារី បានបន្ថែមថា «ការលំបាកនៃដំណើរការសិក្សា និងធ្វើការងារដែល ខ្ញុំជួបប្រទះ គឺការធ្វើការងារនឹងបង្រៀនពីចម្ងាយ ដោយសារតែមានការគំរាមគំហែង ពីការចម្លងនៃវីរុសកូវីដ១៩ ដូចនេះវាពិតជាពិបាក ក្នុងការជួបប្រជុំគ្នា (ចាប់ពីកុម្ភៈ ត្រូវរៀនតាមអនឡាញ)។ តែយ៉ាងណាក៏ខ្ញុំ នៅតែសប្បាយរីករាយ ព្រោះនិស្សិតយើង នៅតែបន្តការសិក្សា និងធ្វើការក្នុងចំនួនថេរដូចដើម»។
ក្នុងចំណោមសិល្បៈ ទាំង១២រូប អៀ សុនិតា កើតនៅក្នុងទីក្រុងភ្នំពេញ និងជានិស្សិតកំពុងរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងឆ្នាំ២០១៩ ដោយស្រឡាញ់របស់គាត់ ទៅលើថតរូប និងភាពយន្ត គាត់បានចូលរួមថ្នាក់ថតរូប វគ្គខ្លីដែលបណ្តុះបណ្តាលភាពយន្តឯកសារ។
បន្ទាប់ពីការអនុវត្ត និងចូលរួមជាមួយវិស័យនេះមក សុនិតា ថា គាត់រឹតតែយល់ដឹងច្រើនជាងមុនពីការថតរូប គំនិតបើកទូលាយជាងមុនផងដែរ ដោយវាមិនមែនត្រឹមតែចុចថតនោះទេ គឺវាមានអ្វីលើសពីហ្នឹងទៅទៀត។
រូបថតរបស់ សុនិតាមានឈ្មោះថា «អ្នកទទួលឥទ្ធិពល ២០២០» ដែលបានបង្ហាញ នូវយាន្តជំនិះ ដែលប្រជាជនយើងនិយមប្រើប្រាស់ សុនិតា និយាយថា «ប្រជាជនក្នុងប្រទេសកម្ពុជាបាន និយមប្រើប្រាស់ជារៀងរាល់ថ្ងៃដូចជា កង់បីខ្មែរ កង់បីឥណ្ឌា ស៊ីក្លូនិងម៉ូតូឌុប។ ប៉ុន្តែនៅអំឡុងពេលជំងឺរាតត្បាតនេះកើតឡើង ការប្រើប្រាស់យាន្តជំនិះរបស់ពួកគាត់ ក៏ទទួលរងឥទ្ធិពលធ្ងន់ធ្ងរដែរ ហើយរូបភាពទាំងនេះ បានចាប់ថតនៅពេលដែលពួកគាត់កំពុងរង់ចាំភ្ញៀវ»។
«ចរាចរណ៍» ជាចំណងជើងរូបថតមួយផ្សេងទៀត ដែលថតដោយលោក អ៊ុន វ៉ាន់ច័ន្ទមករា ដែលរូបទាំងនោះលោកបានថតពីលើស្ពានអាកាសថ្មើរជើងមួយ។ ផ្ទាំងកញ្ចក់ដែលអមដោយចន្លោះតូចៗ ហាក់បង្កើតបានជាឈុតឆាកមួយរវាង និម្មិតភាព និងតថាភាព។
មានស្រុកកំណើតក្នុងទីក្រុងភ្នំពេញ លោក វ៉ាន់ច័ន្ទមករា បានសរសេររៀបរាប់ ពីរូបភាពរបស់លោកថា «រូបភាពទាំងនេះ បានបង្ហាញពីរាជធានីមួយមួយដែលកំពុងមានចលនាយ៉ាងរស់រវើក (ឬយ៉ាងមមារញឹក)។ ការរីកចម្រើន នូវបច្ចេកវិទ្យាបានជួយ សម្រួលដល់ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ មនុស្សម្នាធ្វើបំលាស់ទី ជាមួយយាន្តជំនិះ ផ្ទាល់ខ្លួនឬមធ្យោបាយធ្វើដំណើររួម ដោយមានបុព្វហេតុ និងគោលដៅរួមមួយគឺ ដើម្បីជីវិតរស់នៅរបស់ពួកគេ»។
គួរបញ្ជាក់ថា ការតាំងពិព័រណ៍រូបថតក្រោមការឧបត្ថម្ភរបស់ Cambodia Airports។ លោកអ្នកអាចចូលទស្សនាបាន នៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ខែកក្កដា ឆ្នាំ២០២០នេះ ដោយអាស្រ័យទៅលើស្ថានភាព កូវីដ១៩ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ