រាជធានីភ្នំពេញ ៖ ដើម្បីមុខជំនួញជោគជ័យ គឺត្រូវរួមផ្សំនូវកត្តាជាច្រើន មិនថា ធនធានលុយកាក់ និងធនធានមនុស្សឡើយ ជាពិសេស គឺត្រូវមានជំនាញច្បាស់លាស់ និងយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការគ្រប់គ្របគ្រប់គ្រងស្ថាប័ន និងបុគ្គលិក ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។
លោក ឧកញ៉ា លី ហួរ សហគ្រិនជោគជ័យមួយរូប នៅកម្ពុជាដែលកំពុងក្តោបក្តាប់នូវវិស័យហិរញ្ញវត្ថុ អចលទ្រព្យ និងវិស័យកសិ-ឧស្សាហកម្មជាច្រើនក្នុងដៃបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ក្នុងការគ្រប់គ្រងស្ថាប័ន និងបុគ្គលិក ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ក្នុងបទសម្ភាសន៍ជាមួយសហការីនៃសារព័ត៌មានកោះសន្តិភាពយ៉ាងដូច្នេះថា«បាទ ពិតណាស់ ការគ្រប់គ្រង គឺសំខាន់ណាស់ ។
ការគ្រប់គ្រងឲ្យបានម៉ត់ចត់ គឺជារឿងទី១ ។ សំខាន់ត្រង់ថា យើងជាម្ចាស់ក្រុមហ៊ុន ដើម្បីឲ្យគ្រប់គ្រងបានដូចខ្ញុំ បញ្ជាក់អញ្ចឹង បុគ្គលិកធ្វើការឲ្យយើង គឺថ្ងៃសៅរ៍ និងអាទិត្យ គឺឈប់សម្រាកហើយ តែយើងអត់បានឈប់ទេ យើងត្រូវពិនិត្យទៅលើគុណភាពការងារដែលបានដាក់ឲ្យអនុវត្តន៍កន្លងមក ត្រឹមត្រូវតាមគោលការណ៍ដែលយើងបានដាក់ចេញទៅឬអត់ ។ នេះដើម្បីសបញ្ជាក់ឲ្យឃើញថា ការគ្រប់គ្រងរបស់យើងឲ្យវាមាននិរន្តរភាព និងនៅមានគុណភាពដដែល ។ អញ្ចឹងបើយើងជាម្ចាស់ក្រុមហ៊ុន យើងអត់គ្រប់គ្រងបានផង យើងបណ្តោយតាមបុគ្គលិគទាំងអស់ម្តេចបានទៅ ។
លោក ឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុប ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ឋជិត១០ក្រុមហ៊ុន ឬអាចចាត់ទុកជាសេដ្ឋីមួយរូប នៅកម្ពុជាបានមានប្រសាសន៍បន្តថា« ចំណុចទី២- គឺយើងត្រូវឈរលើគោលការណ៍មួយទៀត គឺបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ ។ ត្រង់នេះ គឺមានន័យថា យើងត្រួតពិនិត្យទៅលើការអនុវត្តការងារ និងការបណ្តុះបណ្តាល ។ ការគ្រប់គ្រង គឺសំខាន់បំផុតតាមដានមើលថា តើបុគ្គលិកនីមួយៗអនុវត្តតាមគោលការណ៍ ឬអត់ ។
បើយើងឃើញគាត់អនុវត្តចាកឆ្ងាយពីគោលការណ៍ គឺយើងត្រូវអប់រំគាត់ ណែនាំ ហើយយើងបណ្តុះបណ្តាលជំនាញគាត់ ហើយយើងត្រូវឲ្យអាទិភាពទៅលើបុគ្គលិកនៅក្នុងក្រុមហ៊ុនខ្លួនឯងនេះឲ្យអាទិភាពផ្ទៃក្នុងមុនគេ ដែលការឲ្យអទិភាពតំឡើងឋានៈបុគ្គលិកផ្ទៃក្នុងជារឿងទី៣ សំខាន់បំផុត ជាជាងយើងរើសមនុស្សពីក្រៅ»។
លោកឧកញ៉ា បានបន្ថែមទៀតថា ក្នុងនាមជាថៅកែ គឺចាំបាច់ត្រូវតែលើកទឹកចិត្តបុគ្គលិកតាម និងបណ្តុះបណ្តាលជាប់ជាប្រចាំ ដោយលោកបង្ហើបបន្ថែមទៀតថា «បុគ្គលិកណាឆ្នើមយើងបណ្តុះបណ្តាលគាត់បន្តិចទៅ ហើយតម្លើងឋានៈ និងតួនាទីឲ្យគាត់ ជាជាងយើងទៅរើសពីខាងក្រៅយកមកដាក់ ។ ខ្ញុំជូនជា ឧទាហរណ៍ ប្រធានការិយាល័យមួយដែលគាត់ឈប់សម្រាក ឬក៏យើងបញ្ឈប់គាត់ បើយើងរើសពីក្រៅមកដាក់ យើងមិនប្រាកដថា គាត់ពូកែទេ ប៉ុន្តែអនុប្រធានការិយាល័យមួយនឹងដែលយើងគិតថាគាត់ធ្វើបាន គាត់ពូកែ អញ្ចឹងបណ្តុះបណ្តាលគាត់បន្ថែម និងផ្តល់អាទិភាពផ្ទៃក្នុងមុនគេ ដែលយើងគិតថា គាត់ពិតជាអាចធ្វើបានដោយឈរលើទស្សនៈមួយ គឺបណ្តុះបណ្តាល ។ អញ្ចឹងសម្រាប់លី ហួរគ្រុប គឺយើងឲ្យអាទិភាពផ្ទៃក្នុងមុន នេះ គឺជាឲ្យតម្លៃបុគ្គលិក និងបន្តបណ្តុះបណ្តាលបុគ្គលិក» ។
សេដ្ឋីប្រាក់ពាន់លានដុល្លាររូបនេះបានបន្តថា «បើសិនជាក្រុមហ៊ុនមួយខ្លាចការចំណាយទៅលើការ បណ្តុះបណ្តាលនោះក្រុមហ៊ុននោះ គឺមិនអាចរីកចម្រើនបានទេ ។ អញ្ចឹងការគ្រប់គ្រងការងារបណ្តុះបណ្តាលបុគ្គលិក គឺជាចំណុចស្នូលសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន ។
យើងមិនមែនបង្កើតក្រុមហ៊ុនមួយសម្រាប់ខ្លួនឯងតែមួយមុខទេ យើងចង់ធ្វើយ៉ាងណាសម្រាប់អនាគតរីកចម្រើនផងជួយដល់សង្គមផង បុគ្គលិករាប់ពាន់នាក់ដែលត្រូវរក្សា ហើយក៏ចង់ធ្វើអ្វីមួយដែលគិតថា ទុកជាកេរ្តិ៍ដំណែលនៅក្នុងស្រុកយើង ក្នុងប្រទេសជាតិយើងដែរ អញ្ចឹងហើយបានជាខ្ញុំ មុននេះឆ្លើយតបនឹងសំណួរថា ចង់វិនិយោគ ឬបើកក្រុមហ៊ុននៅក្រៅប្រទេស ជាធម្មតាយើងជាម្ចាស់ក្រុមហ៊ុនធំតែងតែចង់ តែអ្វីដំបូងគេដែលយើងត្រូវគិត គឺប្រទេសយើងសិន ព្រោះប្រទេសយើងកំពុងតែអភិវឌ្ឍន៍ហើយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏បាននឹងកំពុងកៀងគរបរទេសមកវិនិយោគនៅក្នុងស្រុកយើង ហើយយើងបែរជាវិនិយោគនៅក្រៅស្រុកវិញក៏វាដូចជា មិនទំនងដែរ ។ នេះជាការគិតសម្រាប់ខ្ញុំផ្ទាល់» ៕
ចែករំលែកព័តមាននេះ