ពេលដែលលោកមហាសេដ្ឋី ខេវីន អូលារី (Kevin O’Leary) ត្រូវបានបញ្ឈប់ពីការងារជាអ្នកលក់ការ៉េមនៅវ័យក្មេង លោកបានប្រទះឃើញថាលោកចង់ធ្វើជាចៅហ្វាយរបស់ខ្លួនឯង។ លោកធ្លាប់បាននិយាយប្រាប់ CNBC Make It ថា «ខ្ញុំបានសម្រេចចិត្តនៅថ្ងៃនោះ… ហើយខ្ញុំមិនដែលធ្វើការឲ្យនរណាម្នាក់ទៀតឡើយតាំងពីពេលនោះមក។»
ហើយក្នុងពេលថ្មីៗនេះលោកបានផ្តល់ដំបូន្មានដល់សហគ្រិនវ័យក្មេងដទៃដែលរួមមានអូហ្កូស (August) ផងដែរ។ អូហ្កូសបានសរសេរសំបុត្រទៅកាន់លោកអូលារីដើម្បីសួរលោកពីអាជីវកម្មកាត់ស្មៅរបស់ខ្លួន។
អូហ្កូសបានសរសេរថា «ខ្ញុំជាក្មេងដែលដើរកាត់ស្មៅឲ្យផ្ទះអ្នកដទៃ។ ខ្ញុំសហការជាមួយក្មេងម្នាក់ទៀតនៅជិតផ្ទះ ប៉ុន្តែខ្ញុំជាអ្នកកត់បញ្ជី និងធ្វើកិច្ចការផ្សេងទៀតក្រៅពីការកាត់ស្មៅទៀត។ បញ្ហាគឺ ខ្ញុំចង់ចាកចេញពីការសហការនេះ!» លើសពីនេះទៅទៀត អូហ្កូសទទួលបានការឆ្លើយតបមិនល្អទេពីអតិថិជនដែលបានលើកឡើងពីបញ្ហារបស់ដៃគូពាណិជ្ជកម្មរបស់អូហ្កូស។
សហគ្រិនវ័យក្មេងនេះបានសរសេរទៀតថា «ខ្ញុំមិនអាចគ្រប់គ្រងលើម៉ោងធ្វើការរបស់យើងបានទេព្រោះខ្ញុំតែងតែត្រូវរងចាំរហូតដល់គេហ្វឹកហាត់កីឡាចប់រួចរាល់ទើបអាចកាត់ស្មៅបាន។ ខ្ញុំចង់បានលុយបន្ថែមសម្រាប់ការកត់បញ្ជី។ ប៉ុន្តែគេបានបដិសេធ ព្រោះគេនិយាយថាគេក៏អាចធ្វើបានដែរ ប៉ុន្តែគេមិនបានធ្វើអ្វីឡើយ! ខ្ញុំចង់បានលុយបន្ថែមសម្រាប់រថយន្តដែលខ្ញុំបានទិញសម្រាប់អាជីវកម្មនេះ ប៉ុន្តែគេបាននិយាយថាវាជារថយន្តរបស់ខ្ញុំ ហើយវាមិនពាក់ព័ន្ធអ្វីជាមួយគេទេ។ តើខ្ញុំធ្វើយ៉ាងដូចម្តេចទើបអាចបញ្ចប់វាបានទៅ?»
យោងទៅតាមអូហ្កូសបានឲ្យដឹងដែរថា វាមិនងាយស្រួលក្នុងការដើរចេញពីអាជីវកម្មនេះទេព្រោះអ្នកទាំងពីរបានរកលុយរាប់ពាន់ដុល្លារទៅហើយ ហើយពួកគេគិតថាពួកគេអាចនឹងរកបាន២ម៉ឺនដុល្លារក្នុងឆ្នាំ ២០២០ នេះដែរ។
លោកអូលារីបានឆ្លើយតបវិញដោយត្រេកអរថាអូហ្កូសមានអាជីវកម្មល្អមួយពិតមែន ប៉ុន្តែគេកំពុងតែមានបញ្ហាជាមួយនឹងដៃគូអាជីវកម្ម។ លោកបានចែករំលែកមេរៀនទាក់ទិននឹងដៃគូសហការថា «ពេលដែលអ្នកចាប់ដៃគូជាមួយនរណាម្នាក់ មិនថាក្នុងអាជីវកម្មឬក្នុងជីវិតទេ អ្នកកំពុងតែបង្កើតចំណងមួយ។»
លោកបានបន្តថា «អ្នកកំពុងតែបង្កើតទំនាក់ទំនងដែលយោងតាមគំនិតម្នាក់ពាក់កណ្តាល។ ឥលូវអ្នកកំពុងតែរអ៊ូថាដៃគូអ្នកកំពុងធ្វើឲ្យអ្នកខកចិត្ត មិនជួយទ្រទ្រង់បន្ទុកពាក់កណ្តាលជាមួយអ្នក។ ប៉ុន្តែវាមិនមានន័យថាអ្នកអាចដើរចេញដោយងាយៗបានទេ។»
ដោយហេតុដូចនេះទើបលោកផ្តល់យោបល់ឲ្យទិញភាគហ៊ុនពីដៃគូម្នាក់នោះក្នុងតម្លៃ៥ពាន់ដុល្លារ ឬនិយាយជាមួយអាណាព្យាបាលរបស់ដៃគូដើម្បីបកស្រាយពីស្ថានការ។ ប៉ុន្តែលោកបានបញ្ជាក់ថា ការបញ្ចប់ទំនាក់តំនងដោយសន្តិវិធីគឺពិតជាសំខាន់ណាស់ព្រោះវាអាចប៉ះពាល់ដល់ឈ្មោះរបស់អូហ្កូសបាន ជាពិសេសនៅពេលដែលអូហ្កូសចង់រក្សាទំនាក់ទំនងជាមិត្តនិងអ្នកជិតខាងគ្នា។ ក្រៅពីនេះហើយ លោកបានជំរុញឲ្យអូហ្កូសរកដៃគូអាជីវកម្មម្នាក់ទៀតដើម្បីពង្រីកអាជីវកម្មនេះ៕
ចែករំលែកព័តមាននេះ