ចោទអាជ្ញាធរថា អ្នកក្រសង់ផ្ទះដេញ បើអ្នកមានមកសង់អត់ដេញទេ (វីដេអូ)
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន០៥គ្រួសារដែលបោះបង្គោលរំលោភយកដីបឹងខ្វាងធ្វើជាកម្មសិទ្ធិបានសំណូមពរដល់អាជ្ញាធរ មេត្តាពិនិត្យមើលតាមបណ្តោយបឹងខ្វាង គឺមានប្រជាពលរដ្ឋ និងអ្នកមានលុយកំពុងបោះបង្គោលធ្វើរបងលួសហ៊ុមព័ទ្ធយកដីបឹងធ្វើជាកម្មសិទ្ធិប្រមាណជិត៤០គ្រួសារ បានជីកស្រះយកអាចម៍ដីលើកជាភូមិសង់ផ្ទះរស់នៅគ្មានឃើញអាជ្ញាធរណាទៅរំខានឡើយ។

បើតាមអ្នកមីង ញ៉ែម ម៉ៅ អាយុ៥៧ឆ្នាំ រស់នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ពួកគាត់០៧គ្រួសារក្រីក្រ បានមកតាំងលំនៅឋាន នៅមាត់បឹងខ្វាងនេះ គឺតាំងពីឆ្នាំ១៩៨០មកម្ល៉េះ ដោយប្រកបមុខរបរធ្វើស្រែ និងរកត្រីក្នុងបឹងនេះ ក៏ប៉ុន្តែនៅឆ្នាំ២០០០ ទឹកលិចផ្ទះពួកគាត់ ទើបរើផ្ទះទៅនៅលើទីតួលសុំដីគេនៅបណ្តោះអាសន្ន រហូតដល់ឆ្នាំ២០១០ ពួកគាត់មករស់នៅតាមភ្លឺបឹងកន្លែងផ្ទះចាស់វិញ ។ ហើយក្រោយមកទើបអាជ្ញាធរលើកទំនប់ក្រវាត់បឹង ពួកគាត់ក៏សែងផ្ទះមករស់នៅតាមផ្លូវថ្នល់ក្រវាត់បឹងនេះ។

ប្រភពដដែលបន្តថា ហើយកាលពីថ្ងៃទី១០ មិថុនា ២០២០ លោកចៅសង្កាត់ដឹកនាំកម្លាំងមករុះរើបង្គោល ដែលពួកគាត់បោះការពារដីស្រែរបស់ពួកគាត់ ក៏ប៉ុន្តែអាជ្ញាធរបានប្រាប់ថា ពួកគាត់អាចរស់នៅបាន ក៏ប៉ុន្តែមិនអនុញ្ញាតបោះបង្គោលវាទយកជាកម្មសិទ្ធិទេ និងមិនឲ្យលក់ដូរ ឬអនុញ្ញាត្តឲ្យអ្នកថ្មីមកសង់ផ្ទះរស់នៅទេ។
ប្រភពដដែលបន្តទៀតថា នៅតាមភ្លឺបឹងខ្វាងនេះ មានជិត៤០ខ្នងផ្ទះឯណោះ គេមានលុយធ្វើរបងលួសហ៊ុមព័ទ្ធយកដីបឹងដល់កណ្តាលបឹង ហើយជីកស្រះលើកភូមិសង់ផ្ទះធំៗ ដាំដំណាំ ពេញភូមិមិនដែលឃើញអាជ្ញាធរណាអើពើរទេ។

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ២០២០ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។ បច្ចុប្បន្នមានអ្នកថ្មីមក ចាក់ដី ធ្វើរបងលួសហ៊ុមព័ទ្ធយកដីដែរ សូមឲ្យអាជ្ញាធរពិនិត្យមើលផង។










ចែករំលែកព័តមាននេះ