ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​តម្បាញ​សូត្រ​របស់​អ្នកស្រុក​ស្ទឹង​ត្រែង​ប្រឈម​នឹង​ការ​បោះបង់

10 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អ្នក​ប្រកប​របរ​តម្បាញ​ក្រមា កន្សែង សំពត់ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ធ្វើ​ពី​សូត្រ​ដែល​ជា​របរ​ប្រពៃណី​បន្សល់​ទុក​តាំងពី​ដើម​មក​របស់​អ្នកស្រុក​ស្ទឹង​ត្រែង ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បោះបង់​ចោល ទៅ​ចាប់​យកមុខ​របរ​ថ្មី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រោះថា​ការងារ​ត្បាញ​ដោយ​ដៃ ថ្វី​

ខេត្តស្ទឹងត្រែង ៖ អ្នក​ប្រកប​របរ​តម្បាញ​ក្រមា កន្សែង សំពត់ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ធ្វើ​ពី​សូត្រ​ដែល​ជា​របរ​ប្រពៃណី​បន្សល់​ទុក​តាំងពី​ដើម​មក​របស់​អ្នកស្រុក​ស្ទឹង​ត្រែង ពេល​នេះ​កំពុង​ប្រឈម​នឹង​ការ​បោះបង់​ចោល ទៅ​ចាប់​យកមុខ​របរ​ថ្មី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ព្រោះថា​ការងារ​ត្បាញ​ដោយ​ដៃ ថ្វី​ដ្បិតតែ​ស្អាត​ល្អ និង​មានគុណ​ភាព​ពិតមែន ប៉ុន្តែ​ទម្រាំ​តែ​បាន​ផលិតផល​សម្រេច​មួយ ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ ហើយ​ពេល​ផលិត​បាន​ត្រូវ​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯង និង​លក់​ក្នុង​តម្លៃ​ថោក មិន​ស័ក្តិសម​នឹង​កម្លាំង​ពលកម្ម និង​ថ្លៃដើម ។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​បោះបង់​របរ​មួយ​នេះ​ទៅ​ចាប់​យក​របរ​ផ្សេង​ជំនួស​វិញ ។

ស្ត្រី​តម្បាញ​ម្នាក់​ដែល​កំពុង​បម្រើ​ការ​នៅ​អង្គការ​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍ ហៅ​កាត់​ថា Mekong Blue បាន​រៀបរាប់​ថា បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​ភាគតិច​ណាស់​ដែល​ចាប់អារម្មណ៍​នឹង​របរ​មួយ​នេះ ព្រោះ​សិប្បកម្ម​តម្បាញ​ដោយ​ដៃ​មិន​អាច​បំពេញតម្រូវការ​ទីផ្សារ​ដូច​សិប្បកម្ម​ដំណើរការ​ដោយ​ម៉ាស៊ីន​បាន​ទេ ។ មួយវិញទៀត ការ​ត្បាញ​ផលិតផល​មួយ​ទម្រាំ​ង​បាន​សម្រេច ត្រូវ​ចំណាយ​ពេលវេលា​យូរថ្ងៃ ហើយ​នៅ​ពេល​យក​ទៅ​លក់​លើ​ទីផ្សារ​ត្រូវ​ស្វែងរក​អ្នកទិញ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម ព្រមទាំង​ចំណាយ​ពេលវេលា​ច្រើន​ដែល​មិន​ស័ក្តិសម​នឹង​ប្រាក់​ចំណូល​ដែល​បាន​មក ។ មូល​ហ​តុ​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ស្ត្រី​ភាគច្រើន​បាន​បោះបង់​ការងារ​តម្បាញ​នេះ ទៅ​ស្វែងរក​ការងារ​ផ្សេង​ធ្វើ​វិញ ។

លោក គឹ​ម តារា​ចាន់ អ្នកចាត់ការ​ទូទៅ​នៅ​អង្គការ​ស្ត្រី​ដើម្បី​អភិវឌ្ឍន៍​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ថា អង្គការ​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​បង្កើត​ឱ្យ​មាន​សា​លាម​ត្តេ​យ្យ និង​សិប្បកម្ម​តម្បាញ ដោយ​យក​ប្រាក់​ចំណូល​ពី​ការ​ត្បាញ​មក​ជួយ​ឧបត្ថម្ភ​ដល់​ក្មេង​ៗ​ក៏​ដូច​ជា​ផ្គត់ផ្គង់​អាហារ​ដល់​កូន​ៗ​របស់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​អង្គការ​នេះ​។ ទន្ទឹម​នឹង​នេះ​អង្គការ​បាន​ធ្វើ​កិច្ចការ​មនុស្សធម៌​ជា​ច្រើន​ដូច​ជា ជួយ​ដល់​សិស្ស​ក្រីក្រ​ក្នុង​១​ឆ្នាំ​ចំនួន​១០០​នាក់ និង​ផ្តោត​សំខាន់​ទៅ​លើ​ស្ត្រី និង​កុមារ​។ ចំណែក​ការងារ​តម្បាញ ក្រមា កន្សែង និង​សម្ភារ​មួយ​ចំនួន​ទៀត កាលពី​ដំបូង​ឃើញ​ថា ដំណើរការ​ល្អ តែ​ក្នុង​អំឡុង​ឆ្នាំ​២០១២​មានការ​ថយ​ចុះ ហើយ​ឆ្នាំ​២០១៣​កាន់តែ​ថយ​ចុះ​ថែម​ទៀត ។ ការ​ធ្លាក់​ចុះ​នេះ លោក​សង្កេត​ឃើញ​មាន​កត្តា​២​ចំណុច​គឺ​ទី​១​ទីផ្សារ​នាំ​ចេញ​មាន​ថយ​ចុះ  និង​ទី​២​កង្វះ​កម្មករ​ក្នុង​ការ​ផលិត ។

អ្នកចាត់ការ​រូប​នេះ​បន្ថែម​ថា ស្ត្រី​សម័យ​បច្ចុប្បន្ន​ខុស​ពី​មុន ពួក​គាត់​មិនសូវ​ចាប់អារម្មណ៍​ទេ​ទៅ​លើ​ការ​តម្បាញ​ដោយ​ដៃ ព្រោះ​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ផលិត រីឯ​ប្រាក់​ចំណូល​បាន​តិច ។ ម្យ៉ាងទៀត គួប​ផ្សំ​មិនសូវ​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​ផង ធ្វើ​ឱ្យ​ការ​ផលិត​ថយ​ចុះ និង​ស្ទើរតែ​បោះបង់​ចោល ។ ទោះបី​យ៉ាងណា ដោយសារ​តែ​ចំណង់​ចំណូលចិត្ត និង​ជា​កេរតំណែល​ដូនតា​របស់​លោក ក៏​ដូច​ជា​ជួយ​ថែរក្សា​វប្បធម៌ និង​ប្រពៃណី​ខ្មែរ ទើប​ខំព្យាយាម​ធ្វើការ​នេះ​ដើម្បី​ជា​ស្នាដៃ​របស់​កូន​ខ្មែរ ។

ចំ​ពោះ​ទីផ្សារ​នាំ​ចេញ​វិញ កាលពីមុន​ប្រទេស​ដែល​ទទួល​ទិញ​មាន ជប៉ុន អា​មេ​រិ​ក អូស្ត្រាលី និង​កា​ណា​ដា តែ​ពេល​នេះ​ប្រទេស​ទាំងនោះ​មិនសូវ​ទទួលយក​ទៅ​លក់​ទេ ។ ចំណែក​នៅ​ចុងឆ្នាំ​២០១៣ មាន​អង្គការ​មួយ​នៅ​ប្រទេស​ជប៉ុន ដែល​លោក Kuniyuki Takahashi ជនជាតិ​ជប៉ុន បាន​ទំនាក់ទំនង​មក​អង្គការ​របស់​លោក ទើប​ធ្វើ​ផែនការ​ស្វែងរក​ទីផ្សារ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​នាំ​ផលិតផល​ទៅ​លក់​នៅ​ទីនោះ ។

លោក Kuniyuki Takahashi ជនជាតិ​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​បាន​ទំនាក់ទំនង​ជាមួយ​អង្គការ​នេះ លោក​ក៏​បាន​អង្កេត​ទៅ​លើ​ជនជាតិ​ជប៉ុន​ចំនួន​១០០​នាក់ ជា​លទ្ធផល​ឃើញ​ថា​ពេញចិត្ត​ប្រើ​កន្សែង និង​ក្រមា ដែល​ផលិត​ចេញពី​អង្គការ​នេះ​ជាងគេ ព្រោះ​វា​មានគុណ​ភាព និង​ភាព​ជឿ​ទុកចិត្ត​បាន​។ លោក​ថា ការ​សម្រេច​ជ្រើសរើស​ផលិតផល​ពី​អង្គការ​នេះ​ដោយសារ​លោក​ឃើញ​ស្ត្រី​ដែល​ជា​អ្នក​តម្បាញ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ហើយ​អង្គការ​នេះ​មានកម្ម​វិធី​ជា​ច្រើន​ទៅ​លើ​ផ្នែក​មនុស្សធម៌ ។
   
លោក Kuniyuki Takahashi បាន​បន្ថែម​ថា មុន​នឹង​ទទួលយក​ផលិត​របស់​អង្គការ​Mekong Blue នេះ​ទៅ​លក់ លោក​បាន​ធ្វើ​ផែនការ​ចំនួន​៣​នៅ​ប្រទេស​ជប៉ុន​គឺ​ការ​តាំងពិព័រណ៍​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ជប៉ុន នៅ​ឆ្នាំ​២០១៣ ។ ធ្វើការ​ចុះ​ផ្សាយ​នៅ​ទស្សនាវដ្តី​ដែល​ល្បី​ជាងគេ​នៅ​ជប៉ុន គឺ​ទស្សនាវដ្តី Isetan ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់ Mekong Blue និង​ការ​តាំង​ផលិតផល​នៅ​ហាង​Isetan ដែល​ជា​ហាង​ល្បី​មួយ​នៅ​ប្រទេស​ជប៉ុន ។ ផែនការ​របស់​លោក​បាន​លេច​ជា​រូបរាង ទើប​សម្រេច​ទិញ​ក្រមា កន្សែង​សូត្រ និង​ផលិតផល​ផ្សេង​ៗ​ទៀត​ដែល​ត្បាញ​ដោយ​ដៃ​របស់​អង្គការ​Mekong Blue ចូល​ទៅ​កាន់​ទីផ្សារ​តែ​ម្តង ៕