ខេត្តស្វាយរៀង ៖ មានក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់មួយកន្លែងជីកជ្រៅ ជម្រៅ១០ម៉ែត្រ សង្ស័យអត់ច្បាប់ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយទី១-ខ្លាចបាក់ច្រាំងរណ្តៅ បាក់ដល់ដីស្រែរបស់ពួកគាត់ ទី២-បាក់ស្រុតខូចផ្លូវថ្នល់ ដោយសារតែរថយន្តដឹកដីធុនធំៗជាដើម ម្យ៉ាងបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ផង បង្កឲ្យបាក់ស្រុតខូចផ្លូវលំ ជាហេតុនាំឱ្យពិបាកក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភនេះ គឺកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌។ ប្រជាពលរដ្ឋបានឲ្យដឹងថា រណ្តៅដីនេះ ស្ថិតនៅចន្លោះភូមិឬស្សីតាម៉ូវ និងភូមិព្រស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ទាក់ទិនករណីខាងលើនេះដែរ យើងមិនអាចទាក់ទងលោក ប៉ុក តក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀងបានទេ នៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ ដោយសារទូរស័ព្ទជាច្រើនសារ គឺទូរស័ព្ទជាប់រវល់។
ចំពោះម្ចាស់អាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់នោះ ក៏មិនអាចសាកសួរព័ត៌មានបានដែរ ដោយគ្រាន់តែឃើញក្រុមអ្នកសារព័ត៌មានយើងបើករថយន្តចូលទៅរកមើលរណ្តៅដី នោះ អ្នកបើកបរអេស្កាវទ័រ បានចុះចេញពីអេស្កាវទ័រ ហើយដើរចូលទៅក្នុងភូមិអ្នកស្រុកបាត់ ហើយចំពោះអ្នកបើកបររថយន្តដឹកអាចម៍ដីវិញ ក៏បើកគេចឡើងទៅលើផ្លូវជាតិលេខ១ អស់ដែរ ។ ទើបមិនអាចរកការបំភ្លឺបាន សង្ស័យអត់ច្បាប់ ទើបពួកគេមិននៅជួបអ្នកសារព័ត៌មាន។

ទាក់ទិនករណីនេះដែរ យើងមិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកកំពង់រោទិ៍ បានទេ នៅរសៀលថ្ងៃទី១៣ មិថុនានេះ។
ព័ត៌មានពិស្តារនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ។



ចែករំលែកព័តមាននេះ