ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីកោះសន្តិភាពចុះផ្សាយអំពីជីវិតទុរគតក្រីក្រកម្សត់របស់លោកយាយ និងក្មួយប្រុសម្នាក់រួចមក បានធ្វើឱ្យរំជួលចិត្តដល់សប្បុរសជនដែលមានធម៌មេត្តា និងក្តីករុណាកៀងគរគ្នាទិញគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនយកទៅជូនលោកយាយទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ការនាំយកអំណោយនិងថវិកាយកទៅជូនលោកយាយនិងក្មួយប្រុសខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ នៅផ្ទះលោកយាយ ស្ថិតក្នុងភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកស្រីលាស់ រ័ត្នចិន្តា តំណាងចែកចាយសម្រស់ធម្មជាតិសាខាទួលគោកនិងសមាជិក បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីឃើញការផ្សាយរបស់កោះសន្តិភាពអំពីជីវិតក្រីក្រ និងកម្សត់របស់លោកយាយព្រមទាំងក្មួយប្រុសម្នាក់ បានធ្វើឱ្យលោកស្រីមានក្តីអាណិតដល់លោកយាយជាពន់ពេក និងបានរួមគ្នាជាមួយនឹងសមាជិករបស់ខ្លួននាំយកអង្ករមួយបាវ, មី២កេស, ទឹកដោះគោឆៅ២យួរ, ត្រីខ២យួរ, ទឹកដោះគោខាប់ពីរកំប៉ុង , សាច់ជ្រូកផាត់កន្លះគីឡូក្រាម និងនំមួយប្រអប់ជូនដល់លោកយាយទុកគ្រាន់ពិសា។
សូមបញ្ជាក់ថា ក្រៅពីនាំយកសម្ភារៈជូនដល់លោកយាយ ក្នុងនោះរួមមានថវិកាចំនួន៦៥ម៉ឺនរៀលជារបស់សាខាតំណាងចែកចាយសម្រស់ធម្មជាតិទួលគោក និងថវិកាចំនួន៩២ម៉ឺនរៀលទៀតជារបស់អ្នកស្រីចន្ធី រស់នៅប្រទេសញូវហ្សេឡែន តាមរយៈភ្នាក់ងារកោះសន្តិភាពបានយកទៅជូនដល់លោកយាយដោយផ្ទាល់ដៃតែម្តង។
ការនាំយកអំណោយយកមកជូនលោកយាយនាពេលនេះគឺធ្វើឡើងស្របពេលដែលលោកយាយអំពាវនាវសុំឲ្យសប្បុរសជនជួយដល់គាត់ ព្រោះសព្វថ្ងៃជីវភាពរបស់លោកយាយពិតជាលំបាកខ្លាំងណាស់។
នៅពេលទទួលបានអំណោយរបស់សប្បុរសជន ធ្វើឱ្យលោកយាយសប្បាយចិត្តរហូតដល់អួលដើមកនិយាយមិនចេញ ព្រោះតែរំភើបជាពន់ពេក ដោយលោកយាយបានបញ្ជាក់ប្រាប់ថា មួយជីវិតនេះលោកយាយមិនដែលស្គាល់លុយ១លានរៀលកាន់នៅដៃនោះទេ ពេលនេះលោកយាយស្គាល់ហើយ។
លោកយាយបានបញ្ជាក់ប្រាប់ថា អង្ករមួយបាវគាត់អាចហូបបាន៣ខែ ចំណែកឯថវិកាដែលបានមកពីសប្បុរសជន គឺលោកយាយទុកទិញម្ហូប និងប្រើប្រាស់ផ្ទាល់ខ្លួន ជាពិសេសលោកយាយនឹងរៀបចំធ្វើចង្ហាន់យកទៅវត្ត ដើម្បីឧទ្ទិសកុសលជូនដល់ម្ចាស់ទាននិងក្រុមគ្រួសារផងដែរ។
សូមរំលឹកថា លោកយាយព្រីង សុីម អាយុ៨៤ឆ្នាំ រស់នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនត្រួសៗថា លោកយាយមានស្រុកកំណើតនៅភូមិឫស្សី ស្រុកឃុំរលាំងគ្រើល ក្រោយពេលពេញវ័យ ឪពុកម្ដាយបានរៀបចំទុកដាក់អោយគាត់មានគូស្រករ ប៉ុន្តែគាត់និងប្តីមិនមានកូនចៅតវង្សត្រកូលដូចគេនោះទេ។
លោកយាយបន្តថា ជីវិតប្តីប្រពន្ឋរបស់គាត់មិនដែលមានភាពរកាំរកូសនឹងគ្នាឡើយ គឺខិតខំជួយគ្នារកសុីតាមសម្មាជីវោដោយសុច្ចរិត បើទោះជាគ្មានកូនចៅដូចគ្រួសារដទៃក្តី។ ក្រោយមក ជាអកុសលប្តីរបស់គាត់បានធ្លាក់ខ្លួនឈឺរហូតដល់បាត់បង់ជីវិត ព្រោះតែគ្មានប្រាក់ព្យាបាល បន្ទាប់ពីប្តីរបស់គាត់ចែកឋានចោលទៅ គាត់ក៏ហៅក្មួយប្រុសបង្កើតម្នាក់ដែលជាកូនកំព្រាឪពុកម្តាយអោយមករស់នៅជាមួយ ដោយលោកយាយដើរសុីឈ្នួលលាងចានតាមរោងបុណ្យនិងពិធីផ្សេងៗ ចំណែកក្មួយប្រុសដើរសុីឈ្នួលរែកទឹកនិងរើសអេតចាយដើម្បីយកកម្រៃមកចិញ្ចឹមជីវិត។
លោកយាយបានបន្តថា រហូតមកដល់ពេលនេះ គាត់មិនអាចធ្វើអ្វីបានដូចមុនទៀតទេ ព្រោះភ្នែករបស់គាត់មើើលមិនឃើញដូចមុនឡើយ ពេលខ្លះគ្មានអង្ករដាំបាយក៏ទៅសុំក្តីមេត្តាពីព្រះសង្ឃនៅវត្តរលាំងគ្រើល និងរលាំងចកយកមកដោះទាល់ម្តងម្កាល បើនិយាយពីអ្នកជិតខាង(អ្នកភូមិ)លើសពីជួយទៅទៀត ប៉ុន្តែធ្វើម្តេចគេត្រូវចិញ្ចឹមកូនចៅគេដែរ។
លោកយាយបានបន្តថា ជីវិតចុងក្រោយមួយនេះ គាត់មិនចង់សុំអ្វីនោះទេ គ្រាន់តែសុំហូបឆ្ងាញ់បានម្តង និងមានហូបគ្រាប់គ្រាន់ទម្រាំដល់ថ្ងៃរលត់សង្ខារទៅ។
បុរសឈ្មោះព្រីងទី អាយុ៥០ឆ្នាំ ត្រូវជាក្មួយរបស់លោកយាយក៏បានរៀបរាប់ដែរថា គាត់ធ្លាប់មានក្រុមគ្រួសារនឹងគេដែរ ប៉ុន្តែបានបែកបាក់គ្នាអស់ទៅហើយ រាល់ថ្ងៃរស់នៅជាមួយម្តាយមីងដោយប្រកបរបរដើរសុីឈ្នួលរែកទឹកតាមពីធីបុណ្យនានា ហើយពេលខ្លះដើររើសសំបកកំប៉ុង(អេតចាយ)លក់យកលុយមកទិញម្ហូបអាហារចិញ្ចឹមជីវិត ។
បុរសជាក្មួយបានបន្តថា ពេលនេះរបររែកទឹកមិនមានទៀតនោះទេ ព្រោះអ្នកភូមិតទឹកប្រើតាមផ្ទះអស់ហើយ នៅសល់តែរបរមួយគត់គឺរើសអេតចាយ ។ ការដើររើសអេតចាយនេះ មុនមិនទាន់ផ្ទុះជំងឺកូវីដ១៩ គាត់អាចរកកម្រៃបាន១ម៉ឺនរៀលដើម្បីចិញ្ចឹមជីវិត និងម្តាយមីង ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺកូវីដ១៩មក គាត់រើសអេតចាយលក់បាន២ពាន់ទៅ៣ពាន់រៀលប៉ុណ្ណោះ ។ បើគេសួរថាគ្រប់ទេ? គាត់ប្រាប់ថាលើសពីខ្វះទៅទៀត ថ្ងៃខ្លះគាត់ត្រូវដេកអត់បាយក៏មានដែរ ។ ទោះជាយ៉ាងណា គាត់មិនអស់សង្ឃឹមនោះទេ ថ្វីត្បិតកន្លងមកមិនដែលមានអង្គការ ឬស្ថាប័នណាយកអំណោយមកអោយក្តី គាត់គ្រាន់តែនិយាយថា «ធ្វើម្តេចបើផលបុណ្យយើងសាងមកបានប៉ុណ្ណឹង» ។
ជាចុងក្រោយ បុរសជាក្មួយបានសំណូមពរដស់ប្បុរសជនដែលមានចិត្តធម៌ សូមមេត្តាផ្តល់ក្តីសង្ឃឹមដល់ម្តាយមីង និងគាត់បានហូបឆ្ងាញ់ម្តងផង ព្រោះពួកគាត់ចាស់ៗណាស់ទៅហើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ