ខេត្តកំពត ៖ បុរសចំណាស់អាយុ៦១ឆ្នាំម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កាលពីថ្ងៃទី២ ធ្នូ ពីបទចាប់រំលោភសេពសន្ថវៈទៅលើចៅស្រីដែលមានអាយុ១៥ឆ្នាំ ហើយមានសតិមិនប្រក្រតី ។ ការរំលោភចៅស្រីនេះ គឺប្រព្រឹត្តជាច្រើនលើកមកហើយទាំងនៅក្នុងផ្ទះ និងនៅចម្ការ ។ ករណីរំលោភនេះ បើតាមពាក្យបណ្តឹងរបស់ស្ត្រីចំណាស់ជាប្រពន្ធបានឱ្យសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តដឹងថា សកម្មភាពចាប់រំលោភចៅស្រីនេះកើតឡើងតាំងពីរដូវបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ ដោយរូបគាត់ពុំចាំថ្ងៃខែទេ តែចុងក្រោយនេះជាលើកទី៦ ហើយដែលរូបគាត់ជាប្រពន្ធទាន់សកម្មភាពរំលោភចៅស្រីនៅលើផ្ទះ ទើបរូបគាត់ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។
ការរំលោភចុងក្រោយនេះកើតឡើងតាំងពីថ្ងៃទី២៤ វិច្ឆិកា វេលាម៉ោង១២ថ្ងៃត្រង់ នៅលើផ្ទះ ហើយស្ត្រីជាប្រពន្ធបានទាន់ពេលកំពុងរំលោភ ។ តាំងពីពេលនោះមក តាជាប្តីតែងរករឿងគំរាមយាយជាប្រពន្ធរកសម្លាប់ បើហ៊ានឱ្យបែកការណ៍រឿងហ្នឹង ហើយយាយពុំហ៊ានចូលសម្រាកក្នុងផ្ទះទេ ។ ជនសង្ស័យឈ្មោះ ឡេង ម៉ុង អាយុ៦១ឆ្នាំ ឯស្ត្រីជាប្រពន្ធឈ្មោះ កែម យឿង អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងឃុំតាកែន ស្រុកឈូក ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនសាកសួរជនជាប់ចោទជាជីតាបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភចៅស្រីចំនួន៦លើកប្រាកដមែន ដោយចាប់រំលោភលើផ្ទះពេលប្រពន្ធមិននៅផង និងក្នុងចម្ការចេកផង ។
សូមបញ្ជាក់ថា តាឡេង មុ៉ង នេះមិនមែនជាតាបង្កើតទេ គឺជាតាចុងដែលជាប្តីក្រោយរបស់ជីដូនក្មេងស្រីរងគ្រោះ ។ ទោះបីជាយ៉ាងណា មានមជ្ឈដ្ឋានជាច្រើននិយាយថា ទោះបីជាតារូបនេះមិនមែនជាជីតាបង្កើតមែន ក៏ដូចជាតាបង្កើតទៅហើយដែរ ពីព្រោះចៅស្រីរូបនេះបានរស់នៅជាមួយតាំងពីតូចមកម្ល៉េះ មិនគួរណាតាលេបទៅរួចសោះ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបួងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ តាមព័ត៌មានទាក់ទិននឹងក្មេងស្រីដែលមានសតិមិនប្រក្រតី ត្រូវប្តីក្រោយរបស់ជីដូនចាប់រំលោភនេះ មានម្តាយជាស្ត្រីមេម៉ាយ បានយកកូនស្រីម្នាក់នេះមកនៅជាមួយជីដូន ហើយមកស៊ីឈ្នួលគេនៅរាជធានីភ្នំពេញ ។ ចំណែកបុរសជាឪពុកបានលែងលះគ្នាជាមួយម្តាយតាំងពីក្មេងស្រីនេះនៅតូចម្ល៉េះ ៕
ចែករំលែកព័តមាននេះ