ខេត្តកំពង់ចាម ៖ ពិតជាចម្លែកចិត្ត សម្រាប់ដើមខែមិថុនានេះ ដោយសារតែរថយន្តកែច្នៃមួយធ្វើពីធុងសាំង បានទាក់ទាញឱ្យមានការចាប់អារម្មណ៍ជាទូទៅ នៅពេលឃើញធ្វើចរាចរណ៍នៅក្នុងក្រុងកំពង់ចាម ។ វាពិតជាគួរឱ្យស្ងើចសរសើរ ខណៈដែលដឹងថាបុរសចំណាស់ម្នាក់ ជាជាងជួសជុលម៉ូតូ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយគំនិតច្នៃប្រឌិតខ្ពស់បានកាត់ធុងសាំងមកបង្កើតជារថយន្តខ្នាតតូចមួយងាយស្រួលជិះជាងម៉ូតូ ហើយក៏អាចនិយាយបានថា នៅប្រទេសកម្ពុជាគឺមានតែរថយន្តកែច្នៃមួយគ្រឿងនេះប៉ុណ្ណោះដែលប្លែកខុសគេ ។

លោក ខៀវ ណាវី អាយុ៦៥ឆ្នាំ ដែលជាអ្នកកែច្នៃបង្កើតរថយន្តនេះនិយាយថា រថយន្តធុនតូច១គ្រឿងនេះ ត្រូវបានកែច្នៃផលិតពីធុងសាំងបំពាក់ដោយម៉ាស៊ីនម៉ូតូកូរ៉េធុន១០០CC ។រថយន្តកែច្នៃនេះត្រូវបានដំឡើងកាលពីចុងឆ្នាំ២០១៩ និងរួចរាល់នៅដើមឆ្នាំ២០២០នេះ ដោយចំណាយអស់ជាង១.០០០ដុល្លារ គឺជារថ
យន្តដែលបានបង្កើតឡើងដោយស្នាដៃរបស់គាត់តែម្នាក់ និងសម្រាប់ជិះនៅក្នុងក្រុងកំពង់ចាមនិងទៅចម្ការនៅឯទន្លេបិទ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បុរសចំណាស់អ្នកច្នៃប្រឌិតរូបនេះបន្តថា នៅពេលគាត់ច្នៃបង្កើតឡើងរួចរាល់ ដំបូងឡើយបានជិះសាកល្បងនៅផ្លូវជិតៗ ហើយប្រសិនណា បើមានបញ្ហាអ្វីមួយនោះគាត់នឹងបន្តកែច្នៃឱ្យដំណើរការតាមលក្ខណៈបច្ចេកទេស ហើយក៏អាចធានាបាននូវសុវត្ថិភាពលើដងផ្លូវផងដែរ ។ រថយន្តដែលបានកែច្នៃឡើងដោយដៃសុទ្ធសាធនេះ អាចជិះបាន២នាក់ ហើយបើចង់ជិះបាន៤នាក់ គឺអាចធ្វើបានដោយពង្រីកទំហំឲ្យធំបន្តិច ។

លោក ខៀវ ណាវី បានឱ្យដឹងដែរថា កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនរថយន្តមួយនៅរាជធានីភ្នំពេញ បានមកពិនិត្យមើលរថយន្តដែលគាត់បានកែច្នៃដំឡើងនេះ និងសូមយកទៅតាំងពិព័រណ៍នៅឯរាជធានីភ្នំពេញ តែគាត់មិនបានឆ្លើយតបនោះទេ ។ ជាមួយនេះ គាត់ក៏ស្នើសុំឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន ជួយពិនិត្យលក្ខណៈច្បាប់ដើម្បីសុំផ្លាកលេខឱ្យរថយន្តដែលគាត់បានកែច្នៃនេះផងដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍នៅក្នុងក្រុងកំពង់ចាម និងទៅកាន់កន្លែងផ្សេងៗទៀត ។

ដោយសារតែមើលឃើញពីស្នាដៃរបស់គាត់ក៏មានឧកញ៉ាម្នាក់នៅរាជធានីភ្នំពេញ មានគោលបំណងចង់កុម្មង់ទិញចំនួន១០គ្រឿង ដោយក្នុងមួយគ្រឿងតម្លៃ២.៥០០ដុល្លារ ដែលធ្វើទៅស្អាតច្នៃឡើងពីម៉ាស៊ីនស្វ័យប្រវត្តិ(Auto) ។

ទាក់ទងទៅនឹងចេតនាចង់ធ្វើផ្លាកលេខដាក់រថយន្តច្នៃរបស់លោក ខៀវ ណាវី នេះ កោះសន្តិភាពបានសាកសួរទៅមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងត្រូវបានពន្យល់ថា យានយន្តនានាដែលត្រូវផ្តល់ផ្លាកលេខនោះ ល្គឹកណាការនាំចូលស្របច្បាប់ គឺមានការបង់ពន្ធគយត្រឹមត្រូវទើបអាចធ្វើលេខបាន តែនេះជាករណីពិសេសដែលមិនទាន់ដឹងថា តើអាចធ្វើផ្លាកលេខបានឬក៏អត់ទេ ដោយសារតែជាយានយន្តកែច្នៃ ។

លោក ខៀវ ណាវី បញ្ជាក់ថា ក្នុងពេលអនាគត បើមានក្រុមហ៊ុនណាមួយចង់បណ្តាក់ទុនដំឡើងរថយន្តដូចដែលគាត់បានកែច្នៃនេះ គឺគាត់ស្វាគមន៍ជានិច្ច ហើយនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិមិនចាញ់បណ្ដាប្រទេសផ្សេងៗ ។លោក ខៀវ ណាវី ក៏បានរំឭកថា កាលពីក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គ្រានោះគាត់ក៏ជាអ្នកកែច្នៃម៉ាស៊ីនពីប្រើធ្យូងមកប្រើសាំង និងពីម៉ាស៊ីនប្រើម៉ាស៊ូតមកប្រើចំហាយទឹកដែរ នៅឯស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាមនេះដែរ ។

ចំពោះរថយន្តធុនតូចទើបតែកែច្នៃបានមួយគ្រឿងនេះ មានលក្ខណៈដូចរថយន្តផ្សេងៗដែរ គឺអាចបើកទៅមុខឬថយក្រោយនិងបត់ឆ្វេងស្តាំបានដោយងាយស្រួល ។លោក ណាវី បន្តថា សម្រាប់រថយន្តទី២ដែលគ្រោងដំឡើងក្នុងពេលខាងមុខនេះ គាត់នឹងដាក់ម៉ាស៊ីនប្រើលេខអូតូ(Auto) ។ ចំពោះការកែច្នៃរថយន្តនេះ លោក ខៀវ ណាវី ប្រាប់ថា ក្នុងការដំឡើងមួយគ្រឿងប្រើពេលមិនដល់១ខែទេនឹងរួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ