ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ដាវ​ដែក​កំពង់ស្វាយ និង​ការ​សាង​រូបសំណាក​នៅ​ទី​នេះ​ !

3 ឆ្នាំ មុន
  • កំពង់ធំ

«​ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដាវ​ដែក​កំពង់ស្វាយ ផ្លែ​កេរ​ពី​ឪពុក ស្រោម​កេរ​ពី​ម្ដាយ ដាវ​ដែក​កំពង់​ស្វាយ កម្ចាយ​អស់​មារ​សត្រូវ​…»​។ នេះ​ជា​ទំនុកច្រៀង​បុរាណ​ស្ដី​ពី​កិត្តិនាម​«​ដាវ​ដែក​កំពង់ស្វាយ​» ។ ដោយ…

«​ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដាវ​ដែក​កំពង់ស្វាយ ផ្លែ​កេរ​ពី​ឪពុក ស្រោម​កេរ​ពី​ម្ដាយ ដាវ​ដែក​កំពង់​ស្វាយ កម្ចាយ​អស់​មារ​សត្រូវ​…»​។ នេះ​ជា​ទំនុកច្រៀង​បុរាណ​ស្ដី​ពី​កិត្តិនាម​«​ដាវ​ដែក​កំពង់ស្វាយ​» ។ ដោយ សារ​កិត្តិនាម​ដ៏​ល្បី​នេះ​ហើយ ទើប​ខេត្តកំពង់ធំ កសាង​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ ដ៏​ធំ​មួយ ដាក់​តម្កល់​នៅ​ទី​សាធារណៈ ។

ដាវ​ដែក​កំពង់ស្វាយ បង្ហាញ​មហិទ្ធិឫទ្ធិ​នៅ​ត្រង់​ផ្លូវ​ច្រមុះជ្រូក​កំពង់ធំ​-​សៀមរាប និង​កំពង់ធំ ព្រះ​វិហារ ក្នុង​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ប្ញ​ស្សី​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។រូបសំណាក​«​ដាវ​ដែក​កំពង់ស្វាយ​»​មាន​ប្រវែង​៦,៤​ម៉ែត្រ ទទឹង​ដាវ​០,៤៥​ម៉ែត្រ កម្រាស់​ខ្នង​គល់​ដាវ​០,៧០​ម៉ែត្រ ផ្នែក​គល់​ដាវ​០,៣០ ម៉ែត្រ ផ្នែក​ចុង​ដាវ​០,២០​ម៉ែត្រ និង​ផ្នែក​មុខដាវ​០,១០​ម៉ែត្រ ។

ប្រវត្តិ​នៃ​ការ​កសាង​រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ បើ​តាម​ឯកឧត្តម​សុខ លូ អភិបាលខេត្ត​កំពង់ធំ បញ្ជាក់​ថា ក្រុមការងារ និង​អ្នកជំនាញ​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជា​ច្រើន​លើក ហើយ​សម្រេច​សាងសង់​រូបសំណាក​ដាវ​ដែក​ដោយ​មិន​មាន​ស្រោម ។ ការ​ផលិត​ដាវ​មិន​មាន​ស្រោម​បែប​នេះ ចង់​បង្ហាញ​ពី​រូបរាង​ដាវ​ដែក​កំពង់​ស្វាយ​​ដ៏​មាន​មហិទ្ធិឫទ្ធិ ។

ប្រវត្តិ​ដាវ​ដែក​កំពង់ស្វាយ មានកេរ្តិ៍ឈ្មោះ​ល្បី​មក​ដល់​បច្ចុប្បន្ន​នេះ គឺ​ជាប់​ទាក់ទិន​នឹង​តំបន់​កំពង់ស្វាយ នៃ​ទឹកដី​ខេត្តកំពង់ធំ ។ ឯកសារ​បង្ហាញ​ថា ទឹកដី​ខេត្តកំពង់ធំ​នៅ​ពេល​បច្ចុប្បន្ន​នេះ កាលពី​នៅ​សតវត្ស​ទី​១០​មានឈ្មោះ​«​ស​ន្ទុ​ក​» ។ ឈ្មោះ​នេះ​បាន​បន្ត​ប្រើប្រាស់​ដល់​សម័យ​កណ្តាល​នៅ​អំឡុង​សតវត្សរ៍​ទី​១៧​នៃ​គ្រឹ​ស្ត​សករាជ​ដែ​លេ​ហៅ​ថា​«​ខេត្ត​អាស​ន្ទុ​ក ឬ​ស្រុក​ស​ន្ទុ​ក​»(​ពាក្យ​«​ស្រុក​» នៅ​សម័យ​កណ្តាល​មាន​ន័យ​ស្មើ​ខេត្ត​សព្វថ្ងៃ​) ។ ទីប្រជុំជន​ខេត្ត​ដំបូង​ស្ថិត​នៅ​ភូមិ​ព្រះឥន្ទ្រ​កុមារ ហើយ​ក្រោយមក​លើក​ទៅ​ភូមិ​កំពង់ស្វាយ​វិញ (​តាម​ដងស្ទឹង​សែន​) ហើយ​សម្ដេចចៅពញា​ចន្ទ​រាជា​ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​ចៅពញា​ឧទ័យ​រាជា ជា​ចៅ​ហ្វាយស្រុក​អាស​ន្ទុ​ក និង​ជា​មេទ័ព ។

ក្រោយមក​នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ (​គ​.​ស​.១៦០៧–១៦១៨) ទ្រង់​បាន​ចាត់​ឱ្យ​ឧកញ៉ា​តេ​ជោ​បុ​រាជ​មាស ឬ​តេ​ជោ​មាស ឬ​ហៅ​ថា​ឧកញ៉ា​ក្រហម​ក​ធ្វើ​ជា​ចៅហ្វាយស្រុក​អាស​ន្ទុ​ក ។ ពេល​នោះ​ហើយ​ឧកញ៉ា​តេ​ជោ​មាស បាន​ស្នើ​ប្ដូរ​ឈ្មោះ​ស្រុក​«​អាស​ន្ទុ​ក​»​មក​ជា​ស្រុក​«​កំពង់ស្វាយ​»​វិញ ។ ស្រុក ឬ​ខេត្ត​កំពង់ស្វាយ​មាន​ផ្ទៃ​ដ៏​ធំធេង​ណាស់ គឺ​ព្រំប្រទល់​ផែនដី​ជាប់​រហូត​ដល់​ដែនដី​ស្រុក​លាវ ។ ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា​កាលពីមុន​ខេត្តកំពង់ធំ​មានឈ្មោះ​ថា «​កំពង់ស្វាយ​»​។

ទឹកដី​ស្រុក​កំពង់ស្វាយ​នៅ​ពេល​នោះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​កួយ​រស់នៅ​ផង​។ ជនជាតិ​កួយ គឺជា​ពូជពង្ស​អ្នក​ស្លដែក​ដ៏​ពូកែ សម្រាប់​ប្រើប្រាស់​នៅ​សម័យ​បុរាណ ។ មុន​ពេល​ស្ល​ជា​ដែក​បាន គឺ​ត្រូវ​កាត់​ថ្មភ្នំ​ដែល​មាន​រ៉ែ​ដែក​យក​មក​ស្ល​ក្នុង​គុក​ចង្ក្រាន​ដែល​ហៅ​ថា «​សន្លុង​» ក្នុង​សីតុណ្ហភាព​យ៉ាងតិច​៣០០០​អង្សា​សេ ទើប​រលាយ​ក្លាយជា​ផ្នែក ។ ភ្នំ​ដែល​ថ្ម​មាន​ជាតិ​រ៉ែ​ដែក​ច្រើន​នោះ គឺ​ភ្នំ​ដែក ស្ថិត​នៅ​ស្រុក​រវៀង ខេត្តព្រះ​វិហារ​សព្វថ្ងៃ អតីត​ជា​ដែនដី​នៃ​ខេត្ត​កំពង់ស្វាយ ។ អ្វី​ដែល​ពិសេស​បំផុត​នៃ​ផលិតផល​ដែក​នោះ គឺ​ដាវ​ដែល​ជា​អាវុធ​មួយ​ប្រភេទ​យ៉ាង​មាន​សារសំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​សឹកសង្គ្រាម​នា​សម័យ​បុរាណ ។

ដោយសារ​ដាវ​ដែក​មាន​សារសំខាន់​បែប​នេះ​ហើយ​ទើប​មាន​កិត្តិនាម​ក្នុង​ទំនុកច្រៀង​បុរាណ​ថា «​ដាវ​អើយ​ដាវ​ដែក ដាវ​ល្អ​ចម្លែក ដាវ​ដែក​កំពង់ស្វាយ ផ្លែ​កេរ​ពី​ឪពុក ស្រោម​កេរ​ពី​ម្ដាយ ដាវ​ដែក​កំពង់ស្វាយ កម្ចាយ​អស់​មារ​សត្រូវ​…» ។ ទំនុកច្រៀង​នេះ​នៅ​មាន​មក​ដល់​បច្ចុប្បន្ន ជា​បទ​ប្រពៃណី​ប្រគំ​ក្នុង​មង្គលការ ។ ពិធី​​ក្រុង​ពលី និង​បញ្ចុះ​បឋមសិលា​សាងសង់​សួន និង​រូបសំណាក​«​ដាវ​ដែក​កំពង់ស្វាយ​» បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម​ឈុ​ន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​សុខ លូ អភិបាលខេត្ត​កំពង់ធំ ៕

អត្ថបទសរសេរ ដោយ