ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ ​ក្រុម​​អ្នក​លេង​​ល្បែង​​បញ្ជល់​មាន់​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់​ស្រែក​​ហ៊ោកញ្ជ្រៀវ​​យ៉ាង​កងរំពង​ ធ្វើ​ឲ្យ​អ្នកស្រុក​ទ្រាំ​មិន​បាន​ក៏​រាយ​ការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​តែ​ម្ដង​ ។ ​បន្ទាប់ពីឃើញ​​សមត្ថកិច្ច​ចុះ​ទៅ​​ដល់ភ្លាម ​អ្នកខ្លះ​ក៏​រត់​រួច​ រីឯ​អ្នកខ្លះ​ទៀត​ក៏រត់​មិន​រួច​ ក្នុងនោះ​​​អ្នកលេងល្បែងបញ្ជល់មាន់​ចំនួន​​​​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ព្រមទាំងម៉ូតូ​​យក​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ចាត់ការបន្ត​​តាម​នីតិវិធី​…

ខេត្ត​កំពង់ស្ពឺ ៖ ​ក្រុម​​អ្នក​លេង​​ល្បែង​​បញ្ជល់​មាន់​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់​ស្រែក​​ហ៊ោកញ្ជ្រៀវ​​យ៉ាង​កងរំពង​ ធ្វើ​ឲ្យ​អ្នកស្រុក​ទ្រាំ​មិន​បាន​ក៏​រាយ​ការណ៍​ឱ្យ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​តែ​ម្ដង​ ។ ​បន្ទាប់ពីឃើញ​​សមត្ថកិច្ច​ចុះ​ទៅ​​ដល់ភ្លាម ​អ្នកខ្លះ​ក៏​រត់​រួច​ រីឯ​អ្នកខ្លះ​ទៀត​ក៏រត់​មិន​រួច​ ក្នុងនោះ​​​អ្នកលេងល្បែងបញ្ជល់មាន់​ចំនួន​​​​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ព្រមទាំងម៉ូតូ​​យក​ទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ចាត់ការបន្ត​​តាម​នីតិវិធី​ ។

​ករណី​ចុះ​បង្ក្រាប​ក្រុម​អ្នក​លេងល្បែង​​បញ្ជល់​មាន់​​ខាងលើ​នេះ​បាន​​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថៃ្ង​ទី​៧ ខែមិថុនា ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ទួល​លោកតា​បាក់​ឡៅ​ខាងលិច​មានចម្ងាយប្រហែល​៥០០ម៉ែត្រ​ពី​​​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

​ជនសង្ស័យ​ចំនួន​៨​នាក់ ១-ឈ្មោះ ជួន ជី​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ២-​ឈ្មោះ ហ៊​ន អឿ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៣-​ឈ្មោះ សួន ចា​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៤-​ឈ្មោះ ឆុំ សៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៥-​ឈ្មោះ ថេ​ត ធឿ​ន ភេទ​ប្រុស អាយុ​៥៤ឆ្នាំ ៦-​ឈ្មោះ ជី ក្រឹម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ៧-​ឈ្មោះ វ៉​ត់ វ​ណ្ណី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៨-​ឈ្មោះ មៅ អុឹម ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ។ ​ជនសង្ស័យ​​ទាំង​៨នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ខេត្ដកំពង់ស្ពឺ និង​ខេត្តកណ្តាល ។

យោង​តាម​មន្ត្រី​នគរបាល​ស្រុក​ឧ​ដ្ដុ​ង្គ​​បាន​និយាយ​ថា​ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​​​លេងល្បែង​ប​ញ្ជល់​​មាន់​ទាំងនេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថ្នាក់ដឹកនាំ​អំពី​សកម្មភាព​ជល់​មាន់​របស់​ក្រុម​អ្នក​លេង​​ល្បែង​ទាំងនេះ​ស្រែក​ហ៊ោ​​កញ្ជៀវ​​រំខាន​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ​បន្ទាប់​ពីទទួល​បាន​សេចក្តី​​រាយការណ៍​​របស់​ប្រជា​ពលរដ្ឋ​រួចមក ​លោក​អធិការ​ស្រុក​ក៏​បាន​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ដើម្បី​បើក​ប្រតិបត្តិការចុះ​​បង្ក្រាប​ក្រុម​អ្នក​លេង​​ល្បែង​​បញ្ជល់​មាន់​​ខាងលើ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​ ជាក់ស្ដែង​ក្រៅពី​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន៨នាក់​រួច​មក ​ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​សម្ភារៈ​រួម​មាន ម៉ូតូ​ចំនួន១៥​គ្រឿង, មាន់គក​ជល់ចំនួន៥​ក្បាល​ (​ងាប់​១​ក្បាល​), ជញ្ជីង​ថ្លឹង​ចំនួន១​គ្រឿង, ទូរស័ព្ទ​ដៃ​ចំនួន៣​គ្រឿង, ប្រាក់​រៀល​ចំនួន​៧៩៥០០​រៀល, កាបូបស្ពាយ​ចំនួន១​, ​សម្ភារៈ​ស្កុ​តបិត​រុំ​ខ្នាយ​មាន់ និង​ជៀល​ក្រុងមាន់​មួយ​ចំនួនទៀត​។

អធិការ​នគរបាល​ស្រុក​ឧ​ដុ​ង្គ លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា​ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​លេងល្បែង​បញ្ជល់មាន់​​ខាងលើនេះ ធ្វើ​ឡើង​ក្រោម​ការ​ចង្អុល​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ ចុះ​ឃាត់ខ្លួន​បាន​ក្រុម​អ្នក​លេង​​ល្បែង​ចំនួន៨នាក់​ ព្រមទាំង​មាន់គក ​និង​របស់របរ​មួយ​ចំនួន​ទៀត​។

លោក​អធិការ​បាន​បន្ត​ថា​ បច្ចុប្បន្ន​ក្រុមអ្នកលេង​​ល្បែង​ទាំង​៨​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​។

ក្រោយពេលឃាត់ខ្លួន ក្រុម​អ្នក​លេង​ល្បែង​បញ្ជល់​មាន់​ទាំង​៨​​នាក់​បាន​ឆ្លើយ​សារភាព​ថា​ ពួក​​ខ្លួន​ពិតជា​បាន​ណាត់គ្នា​មក​ជល់​មាន់នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន​ តែ​បាន​ប្រាប់​គ្នា​ថា ​មិន​ឲ្យ​មានការ​ស្រែក​ហ៊ោរ​នោះ​ទេ​លុះ​នៅ​ពេល​​មាន់​ជល់​គ្នា​ទៅ​ ​ឃើញ​​ភាគី​ម្ខាង​ចាញ់​ ម្ខាង​ឈ្នះ​ ទើប​ម្នាក់​ៗ​ស្រែក​ហ៊ោសប្បាយ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោរ​​កញ្ជៀវតាមគ្នា​​ លុះ​​ចុង​ក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ