ពោតក្រហម​ទាំង​ការ​នាំ​ចេញ ​និង​តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ស​កិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ទទួល​ស្គាល់​ថា ​ការ​នាំ​ចេញ​ពោតក្រហម​កម្ពុជា​ទៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក នៅ​ឆ្នាំ​២០២០​នេះ​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ថា​ នោះ​ជា​ការ​ប្រការ​ល្អ​វិញ ពីព្រោះ​ពោត​ដែល​សល់​ពី​ការ​នាំ​ចេញ​ គឺ​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​សម្រាប់​ផលិត​ចំណី​សត្វ ។

លោក​រដ្ឋ​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​ការ​នាំ​ពោតក្រហម​ចេញពី​កម្ពុជា ​ទៅ​កាន់​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ក្រៅ​តំបន់​អាស៊ី ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​និន្នាការ​ថយ​ចុះ​យ៉ាង​គំហុក​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨ កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​ពោតក្រហម​បាន ២០៤ ១៨៤ តោន​, នៅ​ឆ្នាំ​២០១៩ សម្រេច​បាន​ត្រឹមតែ ១១៩ ៩៩៣ តោន ។

ហើយ​សញ្ញា​មិនល្អ​នោះ គឺ​ការ​នាំ​ចេញ​ពោតក្រហម​របស់​កម្ពុជា​ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២០ សម្រេច​បាន​ត្រឹមតែ ៣៥ ៦៣៦ តោន ថយ​ចុះ​ប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែល​ធៀប​ទៅ​នឹង​រយៈ​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ៥០ ៦៧៩ តោន ។

បើ​ក្រឡេក​ទៅ​ការ​ការ​ដាំ​ដុះ​វិញ លោក វេ​ង សា​ខុន បាន​ឲ្យ​ដឹង​ថា​ការ​ផលិត​ពោតក្រហម​របស់​កសិករ​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​សម្រេច​បាន ១ ១១៤ ៩៥៦ តោន នៅ​ឆ្នាំ​២០១៩, សម្រេច​បាន ១ ០៦៣ ៦៧៧ តោន នៅ​ឆ្នាំ​២០១៨, សម្រេច​​បាន ៥៩៦ ១១២ តោន នៅ​ឆ្នាំ​២០១៧ និង ៣៣៣ ០៥៨ តោន នៅ​ឆ្នាំ​២០១៦ ។

សម្រាប់​លោក វេ​ង សា​ខុន បាន​អះអាង​ថា​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ធ្លាក់​ចុះ នាំ​ឲ្យ​ផលិតផល​ពោតក្រហម​នៅ​ច្រើន​ក្នុងស្រុក​ក្តី​តែ​វា​បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ជាតិ និង​ជា​ការ​ពេញចិត្ត​​សម្រាប់​​ប្រជាជន និង​រាជរដ្ឋាភិបាល​ទៅ​វិញ ព្រោះ​បរិមាណ​ពោតក្រហម​ដែល​សល់​ពី​ការ​នាំ​ចេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បាន​ដឹក​ចូល​ទៅ​កាន់​រោងចក្រ​កែ​ឆ្នៃ​ចំណី​សត្វ​ក្នុងស្រុក ស្រប​តាម​គោល​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​កែ​ឆ្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក រួម​ទាំង​ការ​អនុវត្ត​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ពោតក្រហម​ពី​ខាងក្រៅ​មក​កែ​ឆ្នៃ​នៅ​កម្ពុជា ។

ប៉ុន្តែ​ប្រភព​ពី​កសិករ​នៅ​ខេត្តបាត់ដំបង កន្លែង​ដាំពោត​ក្រហម​ច្រើន​មួយ​នោះ បាន​និយាយ​ថា ប្រទេស​ថៃ ​និង​ប្រទេស​វៀតណាម ដែល​ជាទី​ផ្សារ​សំខាន់​ពោតក្រហម​កម្ពុជា បាន​បិទ​ច្រក​ព្រំ​ដែន​​ជាមួយ​កម្ពុជា នៅ​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ ដែល​ធ្វើ​ឲ្យ​ពោតក្រហម​កម្ពុជា​មិន​អាច​នាំ​ចេញ​បាន​ឡើយ ម្យ៉ាងវិញទៀត​កសិករ​ថៃ​ក៏​បាន​ដាំពោត​នៅ​ក្នុង​ប្រទេស​ច្រើន​ផង​ដែរ​។

កសិករ​ឈ្មោះ គឹ​ម ហ៊ាន ទទួលស្គាល់​ថា ​ទោះបី​ប្រទេស​ថៃ ​និង​វៀតណាម​ មិន​ទិញ​ពោត​ខ្មែរ​ក្រ​ក៏​ពោតក្រហម​ពី​កម្ពុជា ក៏​ដូច​ពោតក្រហម​កសិករ​ក្នុងស្រុក​មិន​សល់​ដែរ​។ មិន​សល់​ដោយសារ ឈ្មួញ បាន​ទិញ​ពោត​ទាំងនោះ​ស្តុក​ទុក​សម្រាប់​នាំ​ទៅ​ថៃ​នៅ​ពេល​ដែល​ថៃ​បើក​ការ​នាំ​ចូល​ពោត​ពី​កម្ពុជា​វិញ​។

កសិករ​ខាងលើ​មិនដឹង​ថា ​គេ​ទិញ​សម្រាប់​ធ្វើ​ចំណី​សត្វ​ក្នុងស្រុក​នោះ​។ ទោះជា​យ៉ាងណា​កសិករ​ត្អួញត្អែរ​ថា នៅ​រៀង​រាល់​ឆ្នាំ​នេះ តម្លៃ​ពោត​មិន​ទៀងទាត់​ឡើយ​។ ថ្លៃ​គឺ​អាស្រ័យ​លើ​មាត់​ឈ្មួញ​តែ​ប៉ុណ្ណោះ​។ កសិករ​នៅ​បាត់ដំបង​បាន​លក់​ពោត​ក្នុង តម្លៃ ៥០០​រៀល​ទៅ​៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​គីឡូក្រាម​កាលពីដើម​ឆ្នាំ​នេះ ដែល​កាលពី​ឆ្នាំ​មុន​ៗ​គាត់​លក់​បាន​ពី​៨០០​ទៅ​៩០០​ក្នុង​មួយ​គីឡូ​ក្រាម ៕ (​ដោយ​៖ អ​.​សួស្តី​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ