ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ​ជាង​២៥​ម៉ឺន​នាក់​ នឹង​ទទួល​​​ជំនួយ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងផែនការ តាម​រយៈ​ការ​អនុវត្ត​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការ​ស្នើ​សុំ​ក្នុងអំឡុងពេល​កូ​វី​ដ​១៩ បាន​រក​ឃើញ​ពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ ទូ​ទាំង​ប្រទេស​មាន​ចំនួន ប្រមាណ​៥៦ ០០០ គ្រួសារ ដែល​គិត​ជា​ចំនួន មនុស្ស​មាន​ប្រមាណ…

ក្រសួងផែនការ តាម​រយៈ​ការ​អនុវត្ត​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការ​ស្នើ​សុំ​ក្នុងអំឡុងពេល​កូ​វី​ដ​១៩ បាន​រក​ឃើញ​ពលរដ្ឋ​ក្រីក្រ​នៅ​ទី​ជនបទ ទូ​ទាំង​ប្រទេស​មាន​ចំនួន ប្រមាណ​៥៦ ០០០ គ្រួសារ ដែល​គិត​ជា​ចំនួន មនុស្ស​មាន​ប្រមាណ ២៥​ម៉ឺន​នាក់​។

ក្រសួង​កំពុង​បន្ត​ធ្វើការ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​នៅ​ទីប្រជុំជន​បន្ត​ទៀត ដែល​កិច្ចការ​នេះ​ក្រសួង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា​នេះ ។

រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​គោលការណ៍​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ជំងឺ​​កូ​វី​ដ​១៩ ប៉ុន្តែ​មុន​ចេញ​សាច់ប្រាក់​អន្តរាគមន៍ ត្រូវ​កំណត់​អត្តសញ្ញាណ ពលរដ្ឋ​ក្រីក្រ​ជា​មុន​។

លោក ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​ប្រាក់ ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ និង​រង​ផល​ប៉ះពាល់​ធ្លាក់ខ្លួន​ក្រ​ដោយសារ​កូ​វី​ដ​១៩ ដែល​មាន បណ្ណ​សមធម៌ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក នៅ​ពេល​កូ​វី​ដ​១៩​នេះ​។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ការ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ តាម​រយៈ​នីតិវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​ក្នុងអំឡុងពេល​កូ​វី​ដ ១៩ នឹង​ចប់​សព្វគ្រប់​នៅ​ដំណាច់ខែ​មិថុនា​នេះ​។

ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ក្រោម​ឱ​ក​វាទ តាម​ប្រព័ន្ធ​វី​ដេ​អូ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ មន្ត្រី​ឲ្យ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ការ​ចោទប្រកាន់​ពី​ពលរដ្ឋ​ថា ​មានការ​រើសអើង នៅ​ពេល​មាន​​ជំនួយ​ពី​រដ្ឋាភិបាល​នោះ​។

សម្តេច​ក្រឡាហោម ស ខេ​ង ក៏​បាន​ជំរុញ​មន្ត្រី​ដែល​ចុះ​ជួយ​តាម​ខេត្ត រាជធានី សហការ​ជាមួយ​មន្ត្រី​ក្រសួងផែនការ ដើម្បី​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​នេះ ឲ្យ​បាន​ត្រឹមត្រូវ​ដែរ ដើម្បី​ចៀស​វាង​ការរិះ​​គន់​ពី​ពលរដ្ឋ​ថា ​មានការ​រើសអើង នៅ​ពេល​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដែល​នឹង​ឡើង​នៅ​ក្នុង​ពេល​​ឆាប់​ៗ​នេះ​។

សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច ជា​គោលការណ៍ ឧបត្ថម្ភ​ជា​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​មាន​បណ្ណ សមធម៌​រួច​ហើយ និង​គ្រួសារ​ខ្លះ​ទៀត​ត្រូវធ្វើ​បច្ចុប្បន្នភាព តាម​រយៈ​ការ​អនុវត្ត​ការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​ក្នុងអំឡុងពេល​កូ​វី​ដ​១៩​នេះ​។

ក្នុង​លិខិត​ផ្ញើ​ទៅ​ក្រុមការងារ​កាលពី​ថ្ងៃ​ទី​២៥ ​ឧសភា ​កន្លង​ទៅ​ដើម្បី​ជំរុញ​ការងារ​នេះ ឲ្យ​ចប់​សព្វ​គ្រប់​តាម​ផែនការ សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា «រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​សេនាធិការ បាន​ដាក់​ចេញ​សេចក្តី សម្រេច​ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ ​និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​ក្នុង​កំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​ក្នុង​ចំណោម​ភារកិច្ច​ទាំងនោះ មាន​ភារកិច្ច​ដ៏​​សំខាន់​មួយ​គឺ​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រី​ក្រី ក្រុម​ជន​រង​គ្រោះ និង​ក្រុម​ជន​ដែល​ត្រូវការ​ការ​គាំពារ​ជា​ចាំបាច់​ផ្សេង​ទៀត នៅ​ក្នុង​ពេល​អំឡុង​ពេល ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដែល​ការងារ​នេះ​ដឹកនាំ​ដោយ​ក្រសួងផែនការ​»​។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា​ការ​ជួយ​អន្តរាគមន៍ របស់​រាជរដ្ឋាភិបាល នៅ​ពេល​​វិ​បត្ត​កូ​វី​ដ​១៩​នេះ បាន​ឈាន​ដល់​ជុំ​ទី​៤​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធាន​ការ​បន្តបន្ទាប់​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន កម្មករនិយោជិត និង​ជន​ងាយ​រង​គ្រោះ ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ក្នុងអំឡុងពេល​ជំងឺ​នេះ ក៍​ដូច​ជា​ពេល​អនាគត គឺ​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​នោះ​។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មិន​អាច​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ នោះ​ទេ ប៉ុន្តែ​លោក​ឡើង​ថា ក្រសួងផែនការ​នឹង​កំណត់​ប្រភេទ ពលរដ្ឋ​ក្រីក្រ​ជា ប្រភេទ​ក្រ​១ ក្រ​២ ហើយ​​កិច្ច​អន្តរាគមន៍​នឹង​ធ្វើ​តាម​ការ​កំណត់​នោះ​។ លោក​បាន​លើក​ឡើង​ថា អ្នក​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ខ្លាំង​ដូច​ជា​ខ្វះ​ស្បៀង​នោះ អាជ្ញាធរ​នឹង​ផ្តល់​ជូន​ស្បៀង​សង្គ្រោះ​បន្ទាន់​ដល់​ពួក​គាត់​។

លោក​ផៃ ស៊ី​ផា​ន អះអាង​ថា «ការ​ជួយ​សង្គ្រោះ​នឹង​ផ្តល់​ជូន​តាម​ប្រភេទ​ផ្សេង​ៗ គ្នា​នៃ​បញ្ហា»៕ (ដោយ ៖ អ​.​សួស្តី)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ