ខេត្តតាកែវ ៖ ដីចំណីអូរប្រហែលជាជាងមួយហិកតា ត្រូវបានអ្នកមានទឹកលុយម្នាក់ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទាំងបំពានច្បាប់។
បើទោះបីជាលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីអំពាវនាវមួយកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ សុំឲ្យលោកចៅហ្វាយខេត្ត គ្រប់ខេត្តជួយទប់ស្កាត់រាល់សកម្មភាពរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយទឹកជំនន់ ដែលបណ្តាលមកពីការចាក់ដីលុបធ្វើឲ្យប៉ះពាល់ចរន្តទឹក តែសម្រាប់ខេត្តតាកែវ នៅតែមានសកម្មភាពចាក់ដីរំលោភយកចំណីបឹងសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិដដែល។

ជាក់ស្តែងដីចំណីអូរមួយកន្លែងនៅចំណុចអូរលោកយាយ ស្ថិតនៅភូមិចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានអ្នកមានប្រាក់ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិដោយគ្មានរអានឹងច្បាប់សោះឡើយ។

ពាក់ព័ន្ធនឹងករណីចាក់ដីរំលោភយកចំណីអូរនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានឱ្យដឹងតាមទូរស័ព្ទថា ដំបូងឡើយ លោកមិនបានដឹងថា មានការចាក់ដីរំលោភយកចំណីអូរនៅទីតាំងខាងលើនេះទេ ព្រោះមេឃុំអត់បានរាយការណ៍មកលោក គឺទាល់តែចាក់ដីរួចរាល់អស់ ទើបលោកដឹង។ តែលោកមិនអនុញ្ញាតឲ្យបន្តសាងសង់ ឬធ្វើអ្វីនៅលើដីដែលចាក់ហើយនោះទេ។

បញ្ហាអ្នកមានប្រាក់ចាក់ដីរំលោភយកបឹងនេះ ពលរដ្ឋរស់នៅក្បែរទីតាំងខាងលើនិយាយថា ពួកគាត់គ្មានទំនុកចិត្តចំពោះអាជ្ញាធរស្រុកមានវិធានករណ៍តាមផ្លូវច្បាប់ដល់ម្ចាស់ដីដែលចាក់នោះទេ ព្រោះបើតាមប្រភពខ្សឹបបខ្សៀវ គឺមានការត្រូវរ៉ូវគ្នាតាំងពីថ្នាក់ ឃុំ ស្រុក រហូតដល់ឮថា មានអភិបាលរងខេត្តម្នាក់ជាអ្នកនៅពីក្រោយខ្នងទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ