រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសក្រសួងមហាផៃ្ទ កាលពីព្រឹកថៃ្ងទី៩ សីហា បានធ្វើពិធីដុតបំផ្លាញឱសថខូចគុណភាព ដែលឈ្មួញនាំចូលខុសច្បាប់ប្រមាណ១៩តោន និង២៨០គីឡូក្រាមនៅទីលានសំណល់វេជ្ជសាស្រ្តបឹងជើងឯក សង្កាត់ដង្កោ រាជធានីភ្នំពេញ ។ ពិធីនោះធ្វើឡើងក្រោមការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ មន្រ្តីកាំកុងត្រូលរបស់ក្រសួងពាណិជ្ជកម្ម មន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីជំនាញក្រោមឱវាទរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចជាច្រើននាក់ទៀត ។
លោកឧត្តមសេនីយ៍ទោស៊ាង ប៊ុនលាង បានមានប្រសាសន៍ឱ្យដឹងថា ឱសថប្រមាណ១៩តោន និង២៨០គីឡូក្រាមដែលសមត្ថកិច្ចយកមកដុតបំផ្លាញចោលនេះ គឺបានមកពីកិច្ចសហការបង្ក្រាបទៅលើឈ្មួ្ញទុច្ចរិតរកស៊ីខុសច្បាប់កន្លងមក ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ ក៏បានមានប្រសាសន៍សំដែងការកោតសរសើរដល់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចផងដែរ ដែលយកជំហរទទួលខុសត្រូវរាល់ការងារជាមួយមូលដ្ឋានសហការបង្រ្កាបបទល្មើសសេដ្ឋកិច្ចនេះ តាមការណែនាំពីលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
ទាក់ទិននឹងការងារបច្ចេកទេស លោកវរសេនីយ៍ទោឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាលសរុប បានឱ្យដឹងថា ឱសថប្រមាណ១៩តោននិង ២៨០គីឡូក្រាមនេះ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលរួចអស់ហើយ ពិតជាឱសថខូចគុណភាព និងជាឱសថក្លែងក្លាយដែលឈ្មួញទុច្ចរិតនាំចូលខុសច្បាប់មែន ។ លោកឡុង ស្រេង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ឬអាជីវករដែលធ្វើអាជីវកម្ម ឬនាំឱសថចូលមកក្នុងស្រុកត្រូវមាន ច្បាប់ទំលាប់ត្រឹមត្រូវ កុំនាំឱសថក្លែងក្លាយ ឬខូចគុណភាពនាំឱ្យខូចសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកជាវយកទៅប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ