ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វីខ្លះ​ដែល​ជំរុញ​ឱ្យ​មហាសេដ្ឋី​បរិច្ចាគ​លុយរាប់​លាន?

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បង្ក​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បន្ត​ធ្ងន់ធ្ងរ​ឡើងជា​រៀងរាល់ថ្ងៃ មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ក៏​បាន​ចេញ​មុខ​ចេញ​មាត់​ក្នុង​ការ​បរិច្ចាគ​ទៅ​សប្បុរសធម៌​ដែរ​មិន​ថា​សម្រាប់​ការ​ចែក​អាហារ​មិន​គិតថ្លៃ ឬ​ការ​ស្រាវជ្រាវ​ដើម្បី​រក​វ៉ាក់សាំង​ទេ ។ ប៉ុន្តែ​និន្នាការ​នេះ​មិនមែន​ទើបតែ​កើត​មាន​ឡើង​ក្នុង​ពេល​ថ្មី​ៗ​ឡើយ ។ តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨…

ក្នុង​កំឡុង​ពេល​ដែល​ផល​ប៉ះពាល់​សេដ្ឋកិច្ច​បង្ក​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បន្ត​ធ្ងន់ធ្ងរ​ឡើងជា​រៀងរាល់ថ្ងៃ មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ក៏​បាន​ចេញ​មុខ​ចេញ​មាត់​ក្នុង​ការ​បរិច្ចាគ​ទៅ​សប្បុរសធម៌​ដែរ​មិន​ថា​សម្រាប់​ការ​ចែក​អាហារ​មិន​គិតថ្លៃ ឬ​ការ​ស្រាវជ្រាវ​ដើម្បី​រក​វ៉ាក់សាំង​ទេ ។ ប៉ុន្តែ​និន្នាការ​នេះ​មិនមែន​ទើបតែ​កើត​មាន​ឡើង​ក្នុង​ពេល​ថ្មី​ៗ​ឡើយ ។

តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ មក លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា​បាន​សហការ​ជាមួយនឹង​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) រួម​ជាមួយនឹង​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​មហាសេដ្ឋី​ដទៃ​របស់​ពួក​គេ​ក្នុង​ការ​បង្កើន​ការ​បរិច្ចាគ​ទៅ​សប្បុរសធម៌​តាម​រយៈ The Giving Pledge​។

យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​ត្រូវ​បាន​បរិច្ចាគ​ឲ្យ​មហាសេដ្ឋី​តាម​រយៈ The Giving Pledge សរុប​ស្មើ​ប្រមាណ ១.១៤​ទ្រី​លាន​ដុល្លារ​ឯណោះ​នៅ​ចុងឆ្នាំ ២០១៩​នេះ ។ ដើម្បី​ចូលរួម​ការ​ផ្តួចផ្តើម​នេះ​បាន បុគ្គល ឬ​គូ​ស្វាមីភរិយា​ត្រូវ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ១​ប៊ី​លាន​ដុល្លារ ហើយ​ពួក​គេ​ត្រូវ​សរសេរ​សំបុត្រ​ផ្ញើ​ជូន​លោក បា​ហ្វេ​ត ឬ​លោក ហ្គេ​ត​ស៍ ដើម្បី​បកស្រាយ​ពី​មូលហេតុ​ដែល​ពួក​គេ​ចង់​ចូលរួម ។

The Conversation បាន​អានសំបុត្រ​ទាំងនោះ និង​ប្រទះ​ឃើញ​មូលហេតុ​ធំ​ៗ​ដែល​មហាសេដ្ឋី​លើក​ឡើង​ថា​ជា​កត្តា​ជំរុញ​ឲ្យ​ពួក​គេ​បរិច្ចាគ​លុយរាប់​លាន​ដុល្លារ​របស់​ពួក​គេ ។

មូលហេតុ​ធំ​ជាងគេ គឺ​ការ​ចង់​បង្ហាញ​ពី​រូបភាព​ជា​មនុស្ស​ដែល​គិតដល់​អ្នក​ដទៃ ។ លោក ដុ​ង ហ្វា​ង​ជុន (Dong Fangjun) ដែល​ជា​វិនិយោគិន​ជនជាតិ​ចិន និង​សប្បុរសជន​ចូលរួម​ដល់​ការ​សម្អាត​តំបន់​ជនបទ​នៅ​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ថា ការ​ជួយ​ដល់​ក្រុម​មនុស្ស​ក្រីក្រ​ឲ្យ​រស់នៅ​ជីវភាព​សមរម្យ​ខណៈ​ដែល​លោក​កសាង​ទ្រព្យសម្បត្តិ គឺជា​គោលការណ៍​ផ្ទាល់ខ្លួន​របស់​លោក ។

មូលហេតុ​ធំ​ជាងគេ​ទី​ពីរ គឺ​ការ​ប្តេជ្ញា​ចង់​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍​សហគមន៍​ខ្លួន​វិញ​។ អ្នកស្រី សា​រ៉ា ប្លេ​ក​ឃ្លី (Sara Blakely) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Spanx និង​អ្នកគាំទ្រ​ចលនា​គាំទ្រ​ស្ត្រី​ជា​ច្រើន​បាន​និយាយ​ថា ខ្ញុំ​មិន​ដែល​ភ្លេច​ថា​ខ្ញុំ​បាន​ចាប់កំណើត​ក្នុង​ប្រទេស និង​ពេលវេលា​ដែល​ត្រឹមត្រូវ​ទេ ។

​មូលហេតុ​ធំ​ជាងគេ​ទី​បី គឺ​អារម្មណ៍​សប្បាយចិត្ត​ក្នុង​ការ​ជួយ​អ្នក​ដទៃ ។ លោក​មហាសេដ្ឋី ប៊ី​ល អាក់​មេន (Bill Ackman) ដែល​ជា​វិនិយោគិន និង​អ្នក​ជួយ​ដល់​អង្គការ​មិន​គិត​ប្រាក់​ចំណូល​ជា​ច្រើន​បាន​និយាយ​ថា ខ្ញុំ​ទទួល​បាន​អារម្មណ៍​សប្បាយចិត្ត​ពី​ការ​ជួយ​អ្នក​ដទៃ ។ វា​ធ្វើ​ឲ្យ​ជីវិត​របស់ខ្ញុំ​កាន់តែ​មាន​តម្លៃ ។

ជាក់ស្តែង​យើង​មិន​អាច​សន្មត់​បាន​ថា អ្វី​ដែល​មហាសេដ្ឋី​ខាងលើ​សរសេរ​ក្នុង​សំបុត្រ​ទាំងនេះ​ពិតជា​គោលបំណង​ពិតប្រាកដ​របស់​ពួក​គេ​ទេ តែ​វា​នៅ​តែ​អាច​ជួយ​ឲ្យ​យើង​យល់​បន្ថែម​ពី​ផ្នត់គំនិត​របស់​មហាសេដ្ឋី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ