ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ពិនិត្យ​តាម​ភោជនីយដ្ឋាន ផ្សារ​តូច​ធំ ទីកន្លែង​ប្រជុំជន និង​​ក្រុម​មនុស្ស​ច្រើន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា «…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា « សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ទទួលខុសត្រូវ​បន្ត​ពិនិត្យ​ទៅ​តាម​ភោជនីយដ្ឋាន ផ្សារ​តូច​ធំ ទីកន្លែង​ប្រជុំជន និង​កន្លែង​បណ្តុំ​ក្រុម​មនុស្ស​ច្រើន អំពី​ការ​អនុវត្ត​អនាម័យ​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​តែ​មានទឹក​អាល់កុល នឹង​ជែល​លាងដៃ​សម្រាប់​អតិថិជន ជា​ពិសេស គឺ​នៅ​តាម​ក្លី​និក​ព្យាបាល​ជំងឺ និង​មន្ទីរពេទ្យ​ គឺ​ត្រូវ​តែ​មាន​ជែល ឬ​ទឹក​អាល់កុល និង​ម៉ាស​សម្រាប់​មនុស្ស​ចេញចូល​ក្នុង​មន្ទីរពេទ្យ​ប្រើប្រាស់ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​មេរោគ​ពី​ម្នាក់​ទៅ​ម្នាក់​បាន​ដោយសារ​តែ​ការ​ធ្វេសប្រហែស​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ។​»

សូម​បញ្ជាក់ ៖ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា « សុខ​សប្បាយ​ជា​ទេ បងប្អូន​ជនរួមជាតិ​ជាទី​នឹករ​ឮ​ក? ខ្ញុំ​សូម​រំ​ឮ​ក​ដាស់តឿន​ដល់​បងប្អូន​ជនរួមជាតិ​ទូ​ទាំង​ប្រទេស សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច​ចំពោះ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វី​ដ​១៩ ដែល​កំពុង​រាតត្បាត​នៅ​ក្នុង​២១៦​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។​»

សម្តេច​តេ​ជោ បន្ត​ថា កូ​វី​ដ​១៩ ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​បំផុត ដែល​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។ កូ​វី​ដ​១៩ បាន​បន្ត​ឆ្លង និង​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ ។ ទោះ​អត្រា​ឆ្លង​រោគ​កូ​វី​ដ​១៩ នៅ​កម្ពុជា​យើង​មាន​កម្រិត​ទាប ហើយ​ចំនួន​អ្នក​ព្យាបាល​បានជា​សះស្បើយ​ច្រើន​មែន ក៏​ប៉ុន្តែ​យើង​មិន​ត្រូវ​បណ្តោយ​ខ្លួន​ធ្វេសប្រហែស​មើល​ស្រាល​លើ​ជំងឺឆ្លង​រាតត្បាត​មួយ​នេះ​ដាច់ខាត ។ សូម​ដាក់​តាម​ខ្លួន​ជាប់​ជា​ប្រចាំ​នូវ​ម៉ាស នឹង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល និង​ជែ​ល ។

សូម​បងប្អូន​ជនរួមជាតិ​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹង​រាយការណ៍​ជា​បន្ទាន់​មក​លេខ ១១៥ ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​អំពី​ជំងឺឆ្លង​កូ​វី​ដ​១៩​។ ហើយ​សូម​តាមដាន​និង​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​ប្រចាំ​អំពី​វិធី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។
ជា​ចុង​ក្រោយ សម្តេច​តេ​ជោ បាន​បន្ត​បញ្ជាក់​ថា សូម​អរគុណ​ដល់​អ្នក​សា​ព័ត៌មាន វិទ្យុ ទូរទស្សន៍ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​អន​ឡាញ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​កូ​វី​ដ​១៩​ទាន់​ហេតុការណ៍ និង​អំពី​វិធី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ទូ​ទាំង​ប្រទេស ៕