ពូកែស្រែកជេរ ទ្រាំលែង​បាន ដក​កាំភ្លើង​បាញ់​​រះជាច្រើនគ្រាប់ ផ្អើលរត់ចែកជើងគ្នា​


រាជធានីភ្នំពេញ ៖ ​បុរស​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ស្លៀកពាក់​ស៊ី​វិលបាន​ជិះ​ម៉ូតូកាត់​ពី​មុខ​ក្មេង​ស្ទាវ​៤​នាក់​រួច​ហើយ​មើល​មុខ ស្រាប់តែ​ក្មេង​ស្ទាវ​៤​នាក់​នោះ​ស្រែក​ថាឱ្យ​ ​រួច​កាន់​ដុំ​ថ្ម​បំរុង​នឹង​គប់​ សង្ស័យ​ធ្វើ​ឱ្យ​​បុរសមួយក្រុម​ខាងលើ​ខឹង​ក៏​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​រួច​​ដក​កាំភ្លើងខ្លី​​បាញ់​ចំនួន​៤​ទៅ៥​គ្រាប់​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ស្ទាវ​​ទាំង​នោះ​ភ័យ​ស្លន់​ស្លោ​​​នាំគ្នា​រត់គេចខ្លួន​ បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញផ្លូវ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង៣០​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​នឹង​សាលា​បឋម​សិក្សា​ចតុមុខ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ​ ។

ភាគី​ខាង​បុរស៣​នាក់​ជា​ខ្មាន់កាំភ្លើង​ខាងលើ មិន​ស្គាល់​អត្ត​សញ្ញាណទេ​ ។ ចំណែក​ក្មេង​ស្ទាវ​ទាំង​៤​នាក់​ក៏មិនស្គាល់​អត្ត​សញ្ញាណដែរ ។​

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​ដែល​​បាន​ឃើញ​ហេតុការណ៍​​ខាងលើ​បានអោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​ គេឃើញ​ក្មេង​ស្ទាវ​៤​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ជិះ​ម៉ូតូ​២​គ្រឿង​ ក្នុងនោះ​មួយ​គ្រឿង​​ជា​ប្រភេទ​កូន​ទា ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​​ហ្សុ៊យគីឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១FP-៤៩១៥ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គឺ​មក​ពី​វិមាន​ឯករាជ្យ

តាម​ប្រភពដដែលបាន​បន្ត​ថា ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក្មេង​ស្ទាវ​ទាំង​៤​​នាក់​នោះ​បាន​ជិះ​ម៉ូតូ​មក​ឈប់​ទិញ​នំ​ព​ពាយ​នៅ​មុខ​សាលា​ចតុមុខ ​ក៏​ស្រាប់​តែ​លេចមុខ​​បុរស៣​នាក់​ស្លៀកពាក់ស៊ីវិល មិនស្គាល់អត្ត​សញ្ញាណ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ម៉ូតូ​ម៉ាកហុងដា​ឌ្រី​ម​ជិះ​កាត់​ពីមុខ​ក្មេង​ស្ទាវ​៤​នាក់​នោះ រួច​ហើយ​មើល​មុខទៀត​ ។

តាម​ប្រភពដដែល​បានប​ន្តទៀត​ថា ​បន្ទាប់មក​ក្មេង​ស្ទាវទាំង​​៤​នាក់​នោះ​ស្រែក​ថាឱ្យ ​និង​កាន់​ដុំ​ថ្ម​បំរុង​នឹង​គប់​បុរសទាំង​៣នាក់ទៀត ធ្វើឱ្យ​​បុរសទាំង​​៣នាក់​នោះ​ខឹងក៏​​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​ រួច​ដក​កាំភ្លើងខ្លី​ចេញ​ពី​ចង្កេះ​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់​ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ស្ទាវ​​ទាំង​៤នាក់​នោះ​ភ័យ​ស្លន់​ស្លោ​ពេក​ក៏​រត់​ចូល​ក្នុង​ហាង​បបរ​កង្កែប​មួយ​កន្លែង​​តាម​បណ្តោ​យ​​ផ្លូវ​ព្រះ​នរោត្តម​ បង្ក​អោយ​ផ្អើល​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​និង​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​មក​ស្រាវជ្រាវ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៣​គ្រាប់​នៅ​ក្បែរ​នឹង​ហាង​មួយកន្លែង ។ ​

​តាម​ប្រភពដដែលបាន​បន្តទៀត​ថា ក្មេង​ស្ទាវ​ទាំង​៤​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ​ ប៉ុន្តែ​ដោយ​ធ្វើការ​សួរនាំ​ទៅ​ដឹង​រឿង​ ក៏​ប​ញ្ជូន​បន្ត​ទៅ​កាន់​ប៉ុស្តិ៍​បឹង​រាំង​ដើម្បី​សួរនាំ​ជា​បន្ត​ទៅ​ទៀត ។ ដោយឡែក​ក្រុម​ខ្មាញ់​កាំភ្លើង ​បន្ទាប់​ពី​​ផ្ទុះអាវុធ​រួច​ហើយ​ ក៏នាំគ្នា​ជិះ​ម៉ូតូ​គេច​​ខ្លួន​​បាត់​អស់ ។

ក្រោយ​ពេល​កើត ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​រាំង​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ