សម្តេច​តេ​ជោ​៖ មិន​ត្រូវ​មើល​ស្រាល​ចំពោះ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ទោះបីជា​ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​តិចតួច​ក្តី ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖ សុខ​សប្បាយ​ទេ​បងប្អូន​ជនរួមជាតិ ? យើង​ទាំងអស់​គ្នា​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​ថែរក្សា​សុខភាព​អ​នា​មម័យ​ផ្ទាល់ខ្លួន​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​រលាក​ផ្លូវដង្ហើម​កូ​វី​ដ​១៩​។

សម្តេច​បញ្ជាក់​ថា ៖« ជំងឺ​រាតត្បាត​នេះ​ងាយ​ឆ្លង​សាហាវ​ខ្លាំង​ណាស់ ។ អ​ញ្ចឹ​ង​ហើយ​បានជា​ប្រទេស​ជា​ច្រើន​កំពុង​បិទ​ប្រទេស​ដាក់​បម្រាម​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ ។

សូម​បងប្អូន​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​គ្រប់​ទីកន្លែង ។ ទន្ទឹម​នឹង​នេះ សូម​តាមដាន​ព័ត៌មាន​នឹង​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​»​។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា តាម​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) មក​ដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ (COVID-19) នៅ​ក្នុង ២១៦​ប្រទេស គឺ​បាន​កើនឡើង​ជាង​៦​លា ន​នាក់ (៦,២៨៧,៧៧១ នាក់​) ក្នុង​នោះ​អ្នក​ស្លាប់​ក៏​បាន​កើន​ដល់ ៣៧៩,៩៤១​។ មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​គូសបញ្ជាក់​ថា​ចំពោះ​ប្រទេស​កម្ពុជា​យើង​វិញ​ទោះបី​ចំនួន​អ្នក​ឆ្លង​តិច​មែន តែ​ក៏​យើង​មិន​ត្រូវ​ធ្វេសប្រហែស​មើល​ស្រាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ​។ ដូច្នេះ សូម​ជូនពរ​បងប្អូន​ជួប​តែ​សេចក្តីសុខ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ប្រទេស​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ