លោកមហាសេដ្ឋី ខេវីន អូលារី (Kevin O’Leary) បានចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់លោកពីបន្ទាប់ក្រោមដីនៅផ្ទះកាលពីឆ្នាំ ១៩៨៦ ។ ពេលនោះលោកមិនមានថវិកាក្នុងខ្លួនទេ ហើយត្រូវខិតខំប្រឹងប្រែងធ្វើការរហូតអាចបង្កើតក្រុមហ៊ុនបង្កើតហ្គេមកុំព្យូទ័រមួយឈ្មោះថា The Learning Comapny ។ លោកបានលក់ក្រុមហ៊ុននេះក្នុងតម្លៃ ៤.២លានដុល្លារកាលពីឆ្នាំ ១៩៩៩ ។

ទេពកោសល្យ និងបទពិសោធន៍ក្នុងអាជីវកម្មរបស់លោកបានធ្វើឲ្យមនុស្សជាច្រើនគោរពស្រលាញ់លោក ជាពិសេសបន្ទាប់ពីលោកបានក្លាយជាអ្នកវិនិយោគចូលរួមក្នុងកម្មវិធី Shark Tank ផងដែរ ។ ប៉ុន្តែលោកនៅតែប្រើទេពកោសល្យក្នុងការរកស៊ីរបស់លោកដដែលបច្ចុប្បន្ននេះប្រសិនបើលោកចង់រកចំណូលបន្ថែម ។
លោកបានប្រាប់ដល់ CNBC Make IT ថា ប្រសិនបើលោកបានបាត់បង់អ្វីគ្រប់យ៉ាងនិងត្រូវចាប់ផ្តើមសាជាថ្មីនោះ លោកនឹងរកបញ្ហាដែលមនុស្សគ្រប់គ្នាមាននិងព្យាយាមដោះស្រាយវា ។
បច្ចុប្បន្ននេះ លោកបាននិយាយថា វិធីល្អជាងគេក្នុងការរកលុយគឺការធ្វើជាជំនួយការអនឡាញព្រោះមានមនុស្សជាច្រើនដែលកំពុងព្យាយាមសម្រេចចិត្តពីជំហានបន្ទាប់ក្នុងជីវិត និងត្រូវការការណែនាំពីអ្នកដទៃ ។
លោកបានផ្តល់យោបល់ឲ្យផ្សព្វផ្សាយលើប្រព័ន្ធសង្គមទាំងអស់មិនថាជា Instagram Facebook ឬ Twitter ទេដោយគ្រាន់តែសរសេរថា «ឲ្យបញ្ហាខ្ញុំមួយមក ។ ខ្ញុំដឹងដោះស្រាយវាជូនអ្នក» ហើយអ្នកនឹងទទួលបានសំណើរជាច្រើនពីអ្នកដទៃ ។
លោកបានឲ្យដឹងថា កិច្ចការទាំងនេះកំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់ ។ ហើយអ្នកជំនាញមកពី Fiverr និង Upwork បានប្រាប់ដល់ CNBC Make It ក្នុងពេលថ្មីៗនេះដែរថា ការបង្រៀនជំនាញថ្មីៗអនឡាញបានមានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ ។
យោងទៅតាមលោកអូលារីបានឲ្យដឹងទៀតថា វាជាអាជីវកម្មធំមួយសម្រាប់មនុស្សដែលមានភាពក្លាហានចេញមុខ និងចាប់ផ្តើមលក់ខ្លួនឯងជាមនុស្សដែលអាចដោះស្រាយបញ្ហាជូនអ្នកដទៃបាន។ ជឿខ្ញុំទៅ លើលោកនេះមានបញ្ហាច្រើនណាស់ដែលត្រូវការដោះស្រាយ ៕
ចែករំលែកព័តមាននេះ