ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរចំនួន៤នាក់ឱ្យមានសេរីភាពឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២ មិថុនា ឆ្នាំ២០២០ និងនាំយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកទោសខ្មែរទាំង៤នាក់ដែលក្រុមអាជ្ញាធរថៃដោះលែងខាងលើរួមមាន ១-ឈ្មោះសូត្រ ប៉ិច ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ មករា ឆ្នាំ២០១៨, ២-ឈ្មោះឆន ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវចាប់ខ្លួនថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨, ៣-ឈ្មោះម៉េត ធាភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យចាប់ខ្លួនថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ និង៤-ឈ្មោះសាយ សិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៧ ។ អ្នកទាំង៤ត្រូវបានអាជ្ញាធរថៃចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើគ្រញូងដោយខុសច្បាប់ និងដាក់ពន្ធនគារនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។
តាមប្រភពពីមន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសទាំង៤នាក់ខាងលើដែលក្រុមអាជ្ញាធរថៃដោះលែង និងនាំយកមកប្រគល់ឱ្យនោះ ជាអ្នកទោសដែលថៃបានចោទប្រកាន់ពីបទឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូង ហើយជាប់ពន្ធនាគារអស់រយៈពេលជាង២ឆ្នាំ ។ ក្រោយពីបានទទួលអ្នកទាំង៤នាក់ពីក្រុមអាជ្ញាធរថៃរួចហើយ សមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាមិនឱ្យឆ្លងដែនដោយខុសច្បាប់បន្តទៀតឡើយ បន្ទាប់មកបានអនុញ្ញាតឱ្យអ្នកទាំង៤វិលត្រឡប់ទៅជួបជុំក្រុមគ្រួសានៅក្នុងថ្ងៃដដែល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ