ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រើប្រាស់វិទ្យុទាក់ទងអនាធិបតេយ្យអុកឡុកក្រុមប៉ូលិស មន្ត្រីប៉ូលិសខណ្ឌដង្កោប្រកាសថាបើចាប់បានម្នាក់ឱ្យ២០ដុល្លារ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​អធិ​ការ​​រង​ខណ្ឌ​ដង្កោ ២​រូប​បាន​សំដែង​នូវ​​កំហឹង ​ចំពោះ​ជន​មិន​ស្គាល់​មុខ​ ដែល​អុក​ឡុក​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង (ICOM) បណ្តាល​ឱ្យ​ការ​ទំនាក់​ទំនង ​ការ​ងារ​របស់​សមត្ថ​កិច្ច ​ទូទាំង​ខណ្ឌ​ ត្រូវ​រំខាន និង​មិន​អាច​​ទាក់​ទង​គ្នា​បាន ។ ដោយ​សារ​មាន​ការ​រំខាន ​ពី​អ្នក​ប្រើ​​ប្រាស់​វិទ្យុ​ទាក់​ទងអនាធិប​តេយ្យ​ លោក​អធិ​ការ​រង​ទាំង​ពីរ​រូប​បាន​ប្រកាស​ឱ្យ​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ ​ដាក់​​កំលាំង​ស្ទាក់​ចាប់​ជន​ណា​ក៏​ដោយ​ ឱ្យ​តែ​មាន​កាន់​វិទ្យុ​ទាក់​ទង ​ត្រូវ​​តែ​ឃាត់​ត្រួត​ពិនិត្យ​ជា​បន្ទាន់ ។ ហើយ​បើ​មិន​មែន​ជា​សមត្ថ​កិច្ច តែ​មាន​ប្រើ​កាណាល់​​​របស់​ប៉ូលិស​ត្រូវ​តែ​ឃាត់​ខ្លួន និង​ដក​ហូត​យក​វិទ្យុ​ទាក់​ទង​ មិន​តែ​ប៉ុណ្ណោះ​បើ​ឃាត់​បាន​ម្នាក់​លោក​ នឹង​ជូន​រង្វាន់​២០​ដុល្លារ​អាមេ​រិក ។ ​ការ​ប្រកាស​ចេញ​បញ្ជា​ខាង​លើ​​នេះ គឺ​បន្ទាប់​ពី​មាន​ការ​អុក​ឡុក​​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា ឆ្នាំ​២០១០ ​ពី​ជន​មិន​ស្គាល់​មុខ​ខាង​លើ​​ដោយ​ការ​ចាក់​បទ​ចំរៀង​រួច​គុប​ប៉េ​ដាក់​តាម​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង​​ជា​ច្រើន​លើក​ច្រើន​សា ។

មន្ត្រី​ប៉ូលិស​ខណ្ឌ​ដង្កោ មួយ​រូប​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ពិត​ជា​មាន​ការ​អុក​ឡុក​​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង​ពី​សំណាក់​ជន​មិនស្គាល់​មុខ​មែន ដែល​ពួក​​នោះ​គឺ​ជា​មនុស្ស​បាត​សង្គម​គ្មាន​សតិ​សម្ប​ជញ្ញៈ ក្នុង​ខ្លួន​តែង​តែ​អុក​ឡុក​បែប​នេះ​ជា​រៀង​រាល់​​ថ្ងៃ ជា​ពិសេស​នៅ​ពេល​កំពុង​មាន​សភាព​ការណ៍​បទ​ល្មើស​ផ្សេងៗ​កើត​ឡើង​ម្តងៗ ។ មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​បន្ត​ទៀត​ថា ក្រុម​ជន​មិន​ស្គាល់​មុខ​តែង​តែ​ចាក់​បទ​ចំរៀង​ និង​ឱ្យ​ក្មេង​តូចៗ​និយាយ​លេង​ ឬ​ស្រែក​ជេរ​គេ​ឯង​តាម​ប្រព័ន្ធ​វិទ្យុ​ទាក់​ទង​អត់​សណ្តាប់​ធ្នាប់​បំផុត ។ កន្លង​មក​ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្តូរ​កាណាល់ និង​បញ្ចូល​លេខ​ថ្មី​ជា​ញឹក​ញាប់​ក៏​នៅ​តែ​ពួក​នោះ​​តាម​អុក​ឡុក​អត់​ឈប់​ឈរ​ដដែល ។ ទង្វើ​បែប​អគតិ​បែប​នេះ បាន​ធ្វើ​ឱ្យ​​លោក​អធិ​ការ​រង​ទាំង​ពីរ​នាក់​ខាង​លើ​មាន​ការ​ខឹង​សម្បា​​យ៉ាង​ខ្លាំង ហើយ​បាន​បញ្ជា​ឱ្យ​កំលាំង​​គ្រប់​គោល​ដៅ​ធ្វើ​ការ​ស្ទាក់​ឃាត់​ជន​ណា​ក៏​ដោយ ដែល​ពុំ​មែន​ជា​សមត្ថ​កិច្ច​ ហើយ​មាន​វិទ្យុ​ទាក់​ទង​ប្រើ​កាណាល់​ខណ្ឌ​ដង្កោ ត្រូវ​តែ​ឃាត់​​ទុក និង​ដក​ហូត​យក​វិទ្យុ​ទាក់​ទង ​ប្រសិន​បើ​ឃាត់​បាន​ម្នាក់​ លោក​អធិ​ការ​រង​​នឹង​ជូន​រង្វាន់​២០​ដុល្លារ​អាមេ​រិក ។ ទោះ​បី​ជា​បែប​ណា​បន្ទាប់​ពី​មាន​ការ​ប្រកាស​បែប​នេះ​ភ្លាម ​ក្រុម​​អ្នក​អុក​ឡុក​បាន​ឈប់​​ក្រឡុក​ ហើយ​ស្ងាត់​ស្ងៀម​ដូច​ចោរ​លួច​សេះ ។ ប្រភព​ព័ត៌​មាន​មួយ​​បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​អុក​ឡុក​នោះ​មិន​មែន​​​មាន​តែ​​អ្នក​​ក្រៅ​នោះ​ទេ អាច​មាន​ទាំង​សមត្ថ​កិច្ច​ខ្លះ​ផង​ដែរ ហើយ​សព្វ​ថ្ងៃ​នេះ​អ្នក​ប្រើ​ប្រាស់​​វិទ្យុ​ទាក់​ទង​​មាន​ច្រើន​​ណាស់​ ដូច្នេះ​ប៉ូលិល​មិន​​ងាយ​​នឹង​រក​មុខ​​ឃើញ​​នោះ​ឡើយ ៕