រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសឆបោក មានស្ថានទម្ងន់ទោស ដែលបានដើរធ្វើសកម្មភាពបន្លំលួចប្រាក់នៅតាមកន្លែងដូរប្រាក់វីង បានសម្រេចជាបន្តបន្ទាប់ ចំនួន៣លើករួចមកហើយនោះ បានអស់លក្ខណ៍ ដោយត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសណ្ឋាគារអន្តជាតិ ស្ថិតនៅតាមផ្លូវលេខ១២២ កែងផ្លូវលេខ២២៥ ក្រុមទី១២ ភូមិ៦ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនទាំង៤នាក់នោះ សុទ្ធតែជាបុរសជនជាតិចិនទាំងអស់ ក្នុងនោះរួមមាន ៖
១.ឈ្មោះ CHEN ZHIQIN
២.ឈ្មោះ YANG FU DE
៣.ឈ្មោះ TAN YANGY
និង៤.ឈ្មោះ WANG YINFU ។
ដោឡែកជនរងគ្រោះ ក្នុងករណីនេះ មានចំនួន៣នាក់ រួមមាន៖ ១-សាំង រតនា ភេទស្រី មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាញ់ល្បិចបោករបស់ចោរចិនខាងលើអស់ចំនួន ១,២០០ដុល្លារ ។ ២-ឈ្មោះ ពៅ មុល្លីកា ភេទស្រីជនជាតិខ្មែរ និង៣-ឈ្មោះ អ៊ុក ស្រីប្រាក់ ភេទស្រី ជនជាតិខ្មែរ ។
សកម្មភាពឆបោកលួចបន្លំលួចប្រាក់នៅកន្លែងដូរប្រាក់វីងនោះ ទី១ បានកើតឡើងនៅវេលាម៉ោង០៩និង០៤នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុច នៅផ្ទះប្តូរប្រាក់វឹងលេខ៩២A ផ្លូវCo1 ស្ថិតនៅក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២ បានកើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះប្តូរប្រាក់វឹងលេខ១៣៩ ស្ថិតនៅតាមផ្លូវបេតុងភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។ ទី៣ បានកើតឡើងនៅវេលាម៉ោង៨និង៥៧នាទីព្រឹកថ្ងែទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅផ្ទះប្តូរប្រាក់វឹី ស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (យកបានប្រាក់ចំនួន១,២០០ដុល្លារ) ។
បើតាមស្ត្រីឈ្មោះសាំង រតនា ដែលជាម្ចាស់ផ្ទះវីងនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល បាននិយាយប្រាប់កាសែតក្នុងស្រុកមួយថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៩ព្រឹក មានបុរសជនជាតិចិនម្នាក់ បានដើរចូលទៅកាន់កន្លែងវីងរបស់គាត់ ។ ខណៈនោះមិនបាននិយាយស្ដីអីទេ គ្រាន់តែបញ្ចេញសំឡេងធ្វើជាង៉េង៉ឺៗ រួចបានហុយប្រាក់ដុល្លារឲ្យគាត់ ដើម្បីដូរយកប្រាក់រៀល ប៉ុន្តែអត់ប្រាប់ថា ប្រាក់នោះមានចំនួនប៉ុន្មានដុល្លារទេ ពេលនោះគាត់ក៏បានយកប្រាក់នោះ មករាប់មើល ហើយបានរាប់ហើយរាប់ទៀត៣ទៅ៤ដង ។
ស្ត្រីរងគ្រោះរូបនោះបាននិយាយបន្តទៀតថា គាត់បានរាប់នៅនឹងមុខជនជាតិជាតិចិននោះតែម្ដង ដើម្បីឲ្យបានឃើញទាំងអស់គ្នាថា ទឹកប្រាក់នោះមានចំនួនប៉ុន្មានៗ ខណៈនោះបានរាប់ឃើញចំនួន ២,៨០០ដុល្លារ ហើយគាត់ក៏បានកត់ចំនួនទឹកប្រាក់ ដើម្បីបញ្ជាក់ថា ប្រាក់របស់ជនជាតិចិនខាងលើនោះពិតជាមានចំនួន ២,៨០០ដុល្លារមែន ។ ព្រោះពេលប្រគល់ប្រាក់ឲ្យគាត់ ជនជាតិចិនរូបនោះ អត់ប្រាប់ថា ចំនួនទឹកប្រាក់របស់ខ្លួនមានចំនួនប៉ុន្មានទេ លុះពេលរាប់រួច គាត់បម្រុងយកទុក និងបម្រុងយកប្រាក់រៀល ដែលជាថ្នូរប្រគល់ទៅឲ្យជននោះវិញទៅហើយ ។ ស្រាប់តែបុរសជនជាតិចិននោះ បានសុំយកប្រាក់ដុល្លារនោះ ទៅមើលសិន ហើយគាត់បានក៏ហុចឲ្យយកទៅមើល លុះក្រោយពេលមើលមួយភ្លែតរួច ជននោះក៏បានហុចប្រាក់ដុល្លារនោះ ត្រលប់មកឲ្យគាត់វិញ ប៉ុន្តែនៅពេលគាត់រវល់សរសេរក្រដាស់ ពុំដឹងថា ជនសង្ស័យខាងលើក្រឡិចក្រឡាច់បែបណាទៀតនោះទេ ។
អ្នកស្រី សាំង រតនា បានរៀបរាប់បន្តថា ក្រោយពីទទួលប្រាក់ពីជនជាតិចិននោះជាលើកទី២ គាត់ក៏បានរាប់មើលម្ដងទៀត ហើយបានឃើញថាគ្រប់ចំនួន ២,៨០០ដុល្លារដដែល គាត់ក៏យកទុករួចយកប្រាក់រៀល ដែលជាថ្នូរចំនួន ១១,២១៤,០០០រៀល ប្រគល់ទៅឲ្យជនជាតិចិនរូបនោះ ។ ពេលបានប្រាក់ដល់ដៃហើយ ជនសង្ស័យខាងលើ បានសុំថង់១ ពីគាត់ រួចច្រកប្រាក់រៀលនោះក្នុងថង់ ដោយមិនបានរាប់មើលនោះឡើយ ។ ដែលខុសប្លែកពីកន្លងមក ក៏មានជនជាតិចិនមកដូរប្រាក់នៅកន្លែងគាត់ដែរ ហើយមុននិងចាកចេញទៅគេសុទ្ធតែរាប់មើលឃើញថា គ្រប់ចំនួនទើបចាកចេញទៅ ប៉ុន្តែចម្លែកអីតែជនសង្ស័យខាងលើ ក្រោយពេលទទួលប្រាក់ពីគាត់រួចអត់បានរាប់ទេ បន្ទាប់មកក៏បានដើរចាកចេញទៅបាត់ស្រមោល ។
អាជីវករប្ដូរប្រាក់រូននេះ បានបញ្ជាក់ជាចុងក្រោយថា ចំណែកគាត់ ក៏មិនបានរាប់មើលប្រាក់ដុល្លារ ដែលជននោះប្រគល់ឲ្យម្ដងនោះម្ដងទៀតភ្លាមៗនោះដែរ លុះក្រោយពេលជនសង្ស័យទៅបាត់រយៈពេលជាង១០នាទីក្រោយមក ទើបយកមករាប់មើលម្ដងទៀត ក៏ស្រាប់តែបាត់អស់ចំនួន១,២០០ដុល្លារ ឃើញតែចំនួន១,៦០០ដុល្លារប៉ុណ្ណោះ ទើបមានការភ្ញាក់ខ្លួនព្រើត ហើយដឹងថា ចាញ់បោកជនជាតិចិននោះ ។ បន្ទាប់មកគាត់ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំ ដែលនៅជិតផ្ទះដែរ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ ហើយភ្លាមៗនោះនគរបាលក៏បានចេញធ្វើការពួនស្ទាក់គ្រប់កន្លែង ប៉ុន្តែពុំបានប្រទះឃើញចោរជនជាតិចិននោះឡើយ ៕





ចែករំលែកព័តមាននេះ